សៀមរាបៈ បណ្ណាល័យ​សៀមរាប ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប នឹង​បើក​ឱ្យ​សាធា​រណជន​ចូល​ទស្សនា​ និង​អាន​សៀវភៅ​ដោយ​ឥតគិតថ្លៃ ​នៅ​ថ្ងៃទី ២២ ខែ មករា ដើម្បី​លើក​កម្ពស់​ទម្លាប់​ការអាន និង​ជា​ផ្នែក​មួយ​ជួយ​ពង្រឹង​ការ​សិក្សា​ស្រាវ​ជ្រាវ។

យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ បណ្ណាល័យ​សៀមរាប បានឱ្យដឹងថា កម្មវិធី​នេះ​ នឹង​បើក​ជា​សាធារណៈ​នៅ​ថ្ងៃទី ២២ ខែ មករា ចាប់​ពី​វេលា​ម៉ោង ១១ ថ្ងៃត្រង់​តទៅ។

បណ្ណាល័យ​នេះ បាន​តុបតែង​ឡើង​ ក្នុង​លក្ខណៈ​ជា​ផ្ទះ​ប្រពៃណី​ខ្មែរ ហើយ​មជ្ឈមណ្ឌល​នេះ​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​លើកកម្ពស់​ដល់​អ្នក​ស្រឡាញ់​សៀវភៅ ជាពិសេស​បង្កើត​ទម្លាប់​អាន​ដល់​មនុស្ស​គ្រប់​វ័យ។

បណ្ណាល័យ​សៀមរាប ជាម​ជ្ឈ​ម​មណ្ឌល​បី​ភាសា មាន​ខ្មែរ បារាំង និង​អង់គ្លេស ហើយ​នៅក្នុង​បណ្ណា​ល័យ​​នេះ មាន​ផ្តល់ជូន​សៀវភៅ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​អាចឱ្យ​សាធារណជន មក​អាន​សៀវភៅ​នៅទីនេះ​ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ និង​ស្រស់​ស្រាយ។

ប​ណ្ណា​លល័យ​សៀមរាប ក៏​មានកូន​បណ្ណាល័យ​ ស​ម្រា​ប់​កុមារតូចៗផងដែរ ដើម្បី​នាំ​កុមារ​ទៅរក​ការអាន​តាំងពីតូច។ ក្រៅពី​សៀវភៅ នៅ​បណ្ណាល័យ​នេះ​ក៏មាន ស្ទូ​ឌី​យោ​រាំ និង​បន្ទប់​សិល្បៈ​ដែលមាន​សម្ភារ​ជាច្រើន ដែលមាន​គ្រូជំនាញៗប្រចាំ​នៅ​ទីនោះ ដើម្បី​ជួយ​បង្ហាត់បង្រៀន​ផងដែរ។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់អាច​​សុំ​ការអត្ថាធិប្បាយ​បន្ថែម ​ពី​អ្នកគ្រប់​គ្រង​នៅ​បណ្ណាល័យ​សៀមរាប បាន​នៅឡើយ​ទេ។

ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប​លោក លី ប៊ុណ្ណា បាន​ថ្លែងថា ក្នុងនាម​ជា​មន្ទីរអប់រំ សូម​សម្តែង​ការគាំទ្រ និង​អបអរ​ចំពោះ​សមិទ្ធផល​នេះ ហើយ​លោក​ជឿជាក់ថា ​បណ្ណាល័យ​ក្នុង​ខេត្ត នេះ​​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍ និង​ចំណេះដឹង​ដល់​សាធារណជន ជាពិសេស​សិស្ស-និស្សិត ក្នុង​ក្របខណ្ឌ​ខេត្ត សម្រាប់​ការសិក្សា​ស្រាវជ្រាវ។

លោក​ថា៖«យើង​មាន​ទិវា​ជាតិ​អំ​ណាន​ទូទាំង​ប្រទេស ហើយ​ខ្ញុំ​ជឿជាក់ថា​ បណ្ណា​ល័យ​នេះ​ចូលរួម​ចំណែក​ជំរុញ​ដល់​ប្រជាពលរដ្ឋ បណ្តុះ​ទម្លាប់​ការអាន​ឱ្យបាន​ច្រើន ហើយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ស្រុក​ទេស​យើង»។

ទាក់ទង​បណ្ណាល័យ​នេះដែរ លោក ប៊ុណ្ណា បានឱ្យដឹងថា សម្រាប់​សាលារៀន​រដ្ឋ​មួយចំនួន​ ក្នុង​ខេត្ត ក៏មាន​ការរៀបចំ​ជា​បន្ទប់​បណ្ណាល័យ​ផងដែរ ខណៈ​វិស័យ​ឯកជន​ ដែល​វិនិយោគ​លើ​បណ្ណាល័យ​នេះ​ក៏មាន​ច្រើន ប៉ុន្តែ​លោក​មិនទាន់​មាន​តួរ​លេខ​ពិតប្រាកដ ​នៃ​ចំនួន​បណ្ណា​ល័យ​នៅឡើយ​ទេ។

ទន្ទឹម​នេះដែរ​លោក បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ និង​សិស្សានុ​សិស្ស ចូលរួម​អាន ​ឬ​​ធ្វើ​ការ​​​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ផ្សេងៗ​នៅ​បណ្ណាល័យ ដើម្បី​មាន​មូលដ្ឋាន​ជាក់លាក់ ហើយ​ស្ថិតក្នុង​ក្របខណ្ឌ​ជា​ឯកសារ​សង្គ្រោះផ្សេងៗ ដែលជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង និង​សង្គមជាតិ​ផង។

ជារួម​លោក លី ប៊ុណ្ណា សង្កេតឃើញថា ទម្លាប់​អាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នាពេល​បច្ចុប្បន្ន មានការ​កើន​ឡើង ជាពិ​សេស​ការ​សិក្សា​តាម​អន​ឡាញ​នៅក្នុង​បរិបទ​កូ​វីដ ១៩។

លោកថា​៖​‍«​យើង​សង្កេត​ឃើញ​ថា ​ការ​សិក្សា​របស់​សិស្សា​នុសិស្ស​កន្លង​មក​ ច្រើន​មែន​ទែន ជា​ពិសេស​លទ្ធ​ផល​នៃ​ការ​ប្រឡង​បាក់​ឌុប និយាយ​ដោយ​ឡែក​បាន​ទទួល​និន្ទេស​ A ច្រើន មិន​នឹក​ស្មាន​ដល់​ថ្វី​ត្បិត​យើង​ជួប​ប្រទះ​ផល​ប៉ះពា​ល់​នៃជំងឺ​កូវីដ ១៩ ប៉ុន្តែ​លទ្ធផល​គួរ​ជាទី​មោទន ដែល​យើង​បាន​និន្ទេស​A ក្នុង​ខេត្ត​រហូត​ដល់ ១៥៣ នាក់»។

​ដើម្បីជំរុញ​ឱ្យប្រ​ជាព​លរដ្ឋ​កម្ពុជា​មាន​ទម្លាប់​ល្អ​ ក្នុង​ការ​អាន​សៀវ​ភៅ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​កំពុង​សហ​ការ​ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន ដោយ​រៀបចំ​ការ​ផ្សព្វ​ផ្សាយ និង​បំផុស​ចលនា​អាន​នៅ​តាម​សាលា​រៀន និង​សហ​គមន៍ រួម​នឹង​ការ​បង្កើត​បណ្ណា​ល័យ​នៅតាម​សាលា​រៀន​ផង​ដែរ​៕