
បុគ្គលិកអង្គការ USAID ចុះពិនិត្យចានបង្គន់ ដែលអង្គការនេះបានផ្តល់ជូនពលរដ្ឋ នៅខេត្តស្វាយរៀងកន្លងមក។ រូបថត USAID
ស្វាយរៀងៈ ស្វាយរៀងក្លាយជាខេត្តដែលឈប់បន្ទោរបង់ពាសវាលពាសកាលដំបូងគេបង្អស់ នៅកម្ពុជា ដោយសារការប្ដេជ្ញាចិត្ត របស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ និងមានការជួយឧបត្ថមពីអង្គការដៃគូរ។
លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ថ្លែងនៅថ្ងៃទី២០ ខែមករាថា ខេត្តស្វាយរៀង បានទទួលជោគជ័យជាខេត្តដំបូងគេបង្អស់ ដែលឈប់បន្ទោបង់ពាសវាលពាសកាល។
ការជោគជ័យនេះ កើតឡើងដោយសារតែការប្តេជ្ញាចិត្ត ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការដៃគូរ ចូលរួមគាំទ្រផងដែរ ពិសេសគឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖«សំខាន់យើងចុះពន្យល់ពលរដ្ឋឱ្យយល់ពីអនាម័យជនបទ ជាពិសេសការសាងសង់បង្គន់ ឱ្យគាត់ផ្លាស់ប្តូរទម្លាប់ ការកាន់ចបចូលក្នុងព្រៃបត់ដៃបត់ជើងផ្តេសផ្តាស មកយល់ដឹងពីសុខភាពអនាម័យ។ អ៊ីចឹងពលរដ្ឋយល់ដឹងច្រើន ហើយភាគច្រើនគឺគាត់សង់បង្គន់ខ្លួនឯង» ។
លោកប្រធានមន្ទីរប្រាប់ថា ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ជំនួយតាមរយៈអង្គការ iDE ដែលផ្តល់ការឧបត្ថមធនធានដល់គ្រួសារក្រីក្រ ក្នុងការធ្វើបង្គន់អនាម័យ ចំណែកអាជ្ញាធរ បានចុះពន្យល់ប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់ក្នុងការបន្ទោបង់ពាសវាលពាសកាល នៅតាមមូលដ្ឋាន។
លោកថ្លែងថា ៖« iDE គាត់ជួយដល់គ្រួសារក្រីក្រប្រភេទក្រ១ ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ និង គ្រួសារក្រ២ ចំនួន ៨ម៉ឺនរៀល ក្នុងមួយគ្រួសារ សម្រាប់ធ្វើបង្គន់អនាម័យ» ។
លោកសំ នីតូ ប្រាប់ថា មិនមែនតែទីភ្នាក់ងារជំនួយអាមេរិក USAID តែមួយប៉ុណ្ណោះទេ ដែលជួយដល់ខេត្តស្វាយរៀង គឺនៅមានប្រភពជំនួយផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យការងារនេះជោគជ័យ ក្នុងនោះមាន អង្គការយូនីសេហ្វ អង្គការភ្លែន អង្គការវ័តធ័រអេដ អង្គការស្អាត ១០០១ និងអង្គការផ្សេងៗជាច្រើនទៀត។
លោកឱ្យដឹងទៀតថា តាមផែនការថ្នាក់ជាតិនៅឆ្នាំ ២០២៥ ត្រូវសម្រេចឱ្យបានជោគជ័យក្នុងកិច្ចការងារនេះ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងគ្រប់គ្នាទាំងថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរ ក៏ដូចជាអាជ្ញាធរភូមិឃុំស្រុក និងអង្គការដៃគូ ជាពិសេសគឺអំឡុងពេលមានវិបត្តិកូវីដ១៩ កើតខ្លាំងបានធ្វើឱ្យការងារនេះកាន់តែរលូនទៅ។
លោកថ្លែងថា៖« កូវីដ១៩ មិនមែនជាការរាំងស្ទះ នូវបញ្ហាអនាម័យជនបទហ្នឹងទេ វាទៅជាឱកាសដែលវាជំរុញយើងឱ្យធ្វើបានកាន់តែខ្លាំងក្លាជាពិសេស អនាម័យលាងសម្អាតដៃ និងការចុះណែនាំឱ្យពលរដ្ឋបានយល់ពីប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ» ។
ក្រុមការងារថ្នាក់ជាតិ មានក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានថែទាំសុខភាពជនបទ និងអង្គការដៃគូ បានបង្កើតគណៈកម្មការមួយចុះមកផ្ទៀងផ្ទាត់ខេត្តស្វាយរៀង បន្ទាប់ពីខេត្តនេះ បានអះអាងខ្លួនឯងថា ជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាល ១០០ភាគរយ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២។ នេះបើតាម លោក សំ នីតូ។
លោកប្រាប់ថា ក្រោយគណៈកម្មការធ្វើការផ្ទៀងផ្ទាត់ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ គណៈកម្មការនេះបានប្រកាសទទួលស្គាល់ថា ខេត្តស្វាយរៀង ពិតជាសាកសមទទួលជោគជ័យ ជាខេត្តដំបូងគេដែឈប់បន្ទោបង់ពាសវាលពាសកាល ប៉ុន្តែយ៉ាងណាលិខិតផ្លូវការនៅមិនទាន់ចេញនៅឡើយទេ។
លោកស្រី ងួន សាត មេឃុំកណ្តៀងរាយ ថ្លែងនៅថ្ងៃទី ២០ ខែមករាថា តាមការត្រួតពិនិត្យជាក់ស្តែងក្នុងពេលកន្លងទៅ ឃើញពលរដ្ឋមានចំនួនតិចតួចប៉ុណ្ណោះដែលបន្ទោបង់រួមគ្នា។ ក្រោយមកដោយសារមានការផ្សព្វផ្សាយបន្តបន្ទាប់ពលរដ្ឋមួយចំនួនបានកំពុងដំណើរការសាងសង់បង្គន់អនាម័យរៀងៗខ្លួន។
ដោយឡែក ចំពោះការបន្ទោបង់ក្រៅបង្គន់ ឬបន្ទោបង់ពាសវាលពាសកាល គឺលែងមានទៀតហើយ។
លោកស្រីថ្លែងថា ៖«ឥឡូវដើតាមផ្លូវ ដើរតាមភូមិអីឯណាហ្នឹង អត់មានធំក្លិនអីទេ ឥឡូវសូម្បីតែកុមារអាយុ២ឆ្នាំ ក៏មិនបន្ទោបង់ក្រៅបង្គន់ដែរ» ៕