ភ្នំពេញៈ ក្រសួង​ពាក់ព័ន្ធ​ជួប​ពិភាក្សា​គ្នា​ពី​យុទ្ធសាស្ត្រ​កែទម្រង់​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ​ដែល​យុទ្ធសាស្ត្រ​នេះ​នឹង​នាំឱ្យ​មាន​ការបង្កើត​អនុក្រឹត្យ​បន្ថែម​ និង​ការកែសម្រួល​ច្បាប់​ពាក់ព័ន្ធ​សម្រាប់​រៀបចំ​ក្រម​សីលធម៌​របស់​សហគ្រាស​ទាំង​នោះ​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ប្រកប​ដោយ​តម្លាភាព សុចរិតភាព និង​គណនេយ្យភាព​។

កាលពី​ថ្ងៃទី​ ១៩ មករា មន្ត្រី​មកពី​ក្រសួង​សេដ្ឋកិច្ច ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នានា​បាន​ជួប​ពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​ស្តីពី​យុទ្ធសាស្ត្រ​កែទម្រង់​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួង​ចូលរួម​ពិភាក្សា​​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការសិក្សា​អំពី​បញ្ហា​ប្រឈម​នានា​ក៏ដូចជា​ចំណុចខ្លាំង និង​ចំណុចខ្សោយ​នៃ​ការអនុវត្ត​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ​ដើម្បី​ដាក់​ទិសដៅ​សម្រាប់​កែទម្រង់​សហគ្រាស​សាធារណៈ​ក្នុងពេល​ខាងមុខ​។

ជាមួយ​គ្នា​នោះ លោកស្រី​បាន​ឱ្យដឹង​បន្តថា ភាគី​ពាក់ព័ន្ធ​ក៏បាន​ពិភាក្សា​លើ​វិធានការ​អនុវត្ត​យុទ្ធសាស្ត្រ​កែទម្រង់​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​កែទម្រង់​សហគ្រាស​សាធារណៈ​​ឱ្យស្រប​តាម​ឧត្តមានុវត្តន៍​ជា​អន្តរជាតិ​ និង​ស្របតាម​បរិការណ៍​ជាក់ស្តែង​របស់​កម្ពុជា ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​ផងដែរ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​វិធានការ​ចំពោះមុខ​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កែទម្រង់​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ ​គឺ​ត្រូវ​រៀបចំ​ធ្វើការ​កែសម្រួល​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​នៃ​សហគ្រាស​សាធារណៈ​មកជា​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ និង​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​មួយចំនួន​សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ និង​គោលការណ៍​សំខាន់​សម្រាប់​រៀបចំ​ក្រមសីលធម៌​ក្នុងការ​បំពេញការងារ​ប្រចាំ​ថ្ងៃ​ប្រកបដោយ​តម្លាភាព សុចរិតភាព និង​គណនេយ្យភាព​»​។

លោក អៀង ស៊ុនលី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​កែទម្រង់​សហគ្រាស​សាធារណៈ​នេះ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ​កាលពី​ថ្ងៃទី​ ២០ មករា​។

សហគ្រាស​សាធារណៈ​គឺជា​សហគ្រាស​ដែលមាន​ដើមទុន​ទាំងអស់ ឬ​ភាគច្រើន​ជា​របស់​រដ្ឋ​ដែលមាន​បេសកកម្ម​បង្កលក្ខណៈ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ក្នុង​ការបង្កើន​តម្លៃ​ធនធានធម្មជាតិ និង​បង្កើត​អាជីព​។ ​នេះ​បើ​យោងតាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​នៃ​សហគ្រាស​សាធារណៈ​។ តាមច្បាប់​ដដែល​នេះ​បាន​កំណត់ថា សហគ្រាស​សាធារណៈ​គឺជា​នីតិបុគ្គល​ដែល​​មាន​ស្វ័យភាព​ហិរញ្ញវត្ថុ ដែល​អាចជា​គ្រឹះស្ថានសាធារណៈ​មាន​លក្ខណៈ​សេដ្ឋកិច្ច ឬ​ក្រុមហ៊ុន​រដ្ឋ​ ឬ​ក្រុមហ៊ុនចម្រុះ​ដែល​ក្នុងនោះ​រដ្ឋ​កាន់កាប់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​លើសពី​ ៥១ ​ភាគរយ​នៃ​ដើមទុន​ក្រុមហ៊ុន​ ឬ​សិទ្ធិ​បោះឆ្នោត​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើកឡើងថា ជា​ការពិត​​ណាស់ សហគ្រាស​សាធារណៈ​​ក៏មាន​តួនាទី​សំខាន់​ដែរ ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។ ​ប៉ុន្តែ​លោក​មើលឃើញថា សហគ្រាស​សាធារណៈ​នៅ​កម្ពុជា​ហាក់​នៅ​​មាន​កម្រិត​នៅឡើយ ជាពិសេស​គឺ​ការរីកចម្រើន​ និង​ការគ្រប់គ្រង​ព័ត៌មាន​។

លោក​បានបង្ហាញ​ការយល់​​ឃើញថា​៖ «​ការធ្វើ​វិសោធនកម្ម​ច្បាប់​សម្រាប់​គ្រប់គ្រង​សហគ្រាស​សាធារណៈ​នឹង​ក្លាយទៅជា​យន្តការ​មួយ​ដែលនាំឱ្យ​មានការ​ធ្វើ​​កំណែទម្រង់​ការគ្រប់គ្រង និង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​សហគ្រាស​សាធារណៈ​ដើម្បីឱ្យ​ស្ថាប័ន​ទាំងនេះ បំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ហើយ​ដំណើរការ​នៃ​ការគ្រប់គ្រង​សហគ្រាស​សាធារណៈ​ និង​មាន​តម្លាភាព មាន​គណនេយ្យភាព និង​មាន​អភិបាលកិច្ច​ល្អ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម​យើង​ផងដែរ​»៕