កំពង់ធំៈ ក្នុង​រយៈពេល​ ១ ​ឆ្នាំ​កន្លងទៅនេះ អង្គភាព​ច្រកចេញ-ចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​កំពង់ធំ​បានផ្តល់​សេវាសាធារណៈ​ចំនួន​ ៦១ ៤៧១ ​សេវា សរុប​ជា​ទឹកប្រាក់​ប្រមាណ ​២ ១៦៧​ លានរៀល​ស្មើ​ជាង​ ៥៤ ​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ក្នុងនោះ​ក៏​ទទួលបាន​ពាក្យបណ្តឹង​របស់​ពល​រដ្ឋ​ជាង​ ១២០ ​បណ្តឹង​ផងដែរ​។ នេះ​បើតាម​របាយការណ៍​។

​របាយការណ៍​សង្ខេប​ចុះ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២២ របស់លោក​ ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ-សង្កាត់​ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកំពង់ធំ ត្រូវបាន​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង​។ របាយការណ៍​ឱ្យដឹងថា ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ ដែលជា​តំណាង​របស់​ប្រជាពលរដ្ឋ​មាន​តួនាទី​ទទួល​ និង​សម្រុះសម្រួល បណ្តឹង​នៅក្រៅ​ប្រព័ន្ធតុលាការ​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​សាធារណៈ និង​ការគ្រប់គ្រង​រដ្ឋបាល​។

បើតាម​របាយការណ៍​នេះ ការិយាល័យ​ច្រកចេញចូល​តែមួយ​បានទទួល​បណ្តឹង​ចំនួន​ ១២០​ ក្នុង​នោះបាន​សម្រុះសម្រួល​ដោះស្រាយ ​៦៣ ​បណ្តឹង ធ្វើការ​ស៊ើបអង្កេត​ ២៨ ​បណ្តឹង បិទ​សំណុំរឿង ៥ ​បណ្តឹង និង​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ២៤ ​បណ្តឹង​។

លោក​ ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា ការធ្វើ​កំណែទម្រង់​ក្នុង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​បរិយាប័ន្ន ជាពិសេស ភាពងាយស្រួល មិន​សាំញ៉ាំ ឆាប់រហ័ស តាមរយៈ យន្តការ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ពិតជា​កំណែទម្រង់​ដ៏ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បន្តថា​៖ «​ដើម្បី​បំពេញតម្រូវការ និង​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ផ្តល់​សេវា​កាន់តែ មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត​ក៏បាន​សាងសង់​អគារ​អង្គភាព​ច្រកចេញចូល​តែមួយ​សាលាខេត្ត អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្រុង​ស្រុក​ចំនួន​ ៤​ ស្រុក បាន​សាងសង់​រួចរាល់ និង​ ២ ​ស្រុក​កំពុង​សាងសង់ និង​បាន​សាងសង់​អគារ​រដ្ឋបាល​ឃុំ​សង្កាត់​ចំនួន​ ៧២ ​លើ ៨១​ ឃុំ​សង្កាត់​»​។

លោក​ថា ផ្អែក​តាម​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រុមប្រឹក្សា​ថ្នាក់​ខេត្ត​បាន​ដាក់​ទិសដៅ​អនុវត្ត​បន្ត ដោយ​ពង្រឹង​ការផ្តល់​សេវា​សាធារណៈ​តាមរយៈ​យន្តការ​ច្រក-ចេញចូល​តែមួយ និង​បន្ត​រៀបចំ​សាងសង់ អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​បណ្តា​ស្រុក ដែល​មិនទាន់មាន​។

លោក​បាន​បន្តថា ទិសដៅ​បន្ត​នោះ​រួមមាន​ជួយ​គាំទ្រ និង​បង្កើន​សមត្ថភាព​ដល់​រដ្ឋបាល​ក្រុង-ស្រុក លើ​ការងារ​គ្រប់គ្រង​ធនធានមនុស្ស​នៃ​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង-ស្រុក​ដែល​បានធ្វើ​សមាហរណកម្ម​ឆ្នាំ ​២០២០​។ ណែនាំ និង​ពិនិត្យ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សោភណភាព គុណភាព​សំណង់ និង​ផលប៉ះពាល់​ផ្សេងៗ​ក្នុង​ការជួសជុល និង​កែសម្រួល​បណ្តា​សំណង់​សាធារណៈ និង​សំណង់​បេតិកភណ្ឌ​។ បន្ត​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​ប្រមូល​នូវ​សំណើ សំណូមពរ​ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក៏ដូចជា​បន្ត​ជំរុញ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។

ផ្អែក​តាម​របាយការណ៍​ដដែល​ក្នុង​ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​ខេត្ត​បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​បាន​ចំនួន​ ៦៦ ​លើក​ក្នុងនោះ​ប្រជុំសាមញ្ញ​ ១២ ​លើក​វិសាមញ្ញ​ ៤​ លើក គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ១២ ​លើក និង​គណៈកម្មាធិការ​លទ្ធកម្ម ៣៨ ​លើក​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ច័ន្ទ​រឿន ថ្លែងថា តាម​ការសង្កេត​របស់​លោក​ច្រកចេញចូល​តែមួយ​នេះ​ជា​កន្លែង​ដែល​ផ្តល់​សេវាកម្ម​ផ្នែក​រដ្ឋបាល​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​បើសិនជា ពង្រីក​វិសាលភាព​ទំហំ​ការងារ និង​ប្រសិទ្ធភាព​ការងារ​នៅ​ច្រក​នេះ​ឱ្យបាន​មួយកម្រិត​ទៀត​ជា​ការល្អ​ក្នុង​ការផ្តល់សេវា​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​ជា​បទពិសោធ​កន្លងមក ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​នោះ​គាត់​ពេញចិត្ត ដោយសារ​នៅ​ទីនោះ​មាន​ព័ត៌មាន​គ្រប់គ្រាន់​»​។

លោក​បន្តថា ច្រកចេញចូល​តែមួយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​នៅ​មូលដ្ឋាន​។ ​លោក​ជំរុញ​ដល់​មន្ត្រី​បន្ត​ពង្រឹង​ប្រសិទ្ធភាព​បន្ថែមទៀត ចៀសវាង​មានការ​រិះគន់ ឬ​ថ្នាំងថ្នាក់​ពី​ពលរដ្ឋ​មូលដ្ឋាន​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​មហាផ្ទៃ​គួរតែ​មានការ​ស្រាវជ្រាវ​រកឱ្យឃើញ​ថា តើ​មាន​ចំណុច​ខ្វះខាត​អី​។ ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​កន្លែង​ណា ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៅ​កន្លែងធ្វើការ​»​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី ​២០ មករា ថា គោលដៅ​នៃ​កំណែទម្រង់ ដើម្បី​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គឺ ទី​ ១ ការពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​មូលដ្ឋាន និង​ទី​ ២ ការជំរុញ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន ជាពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​។

លោក​ថ្លែងថា​៖ «​គោលដៅ​កំណែទម្រង់​ទាំង​ ២ ​នេះ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​មកនេះ​ទទួលបាន​លទ្ធផល​ល្អ ហើយ​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏​ទទួលបាន​ជោគជ័យ​ដែរ​។ ទោះ យើង​បង្កើត​កម្មវិធី​យ៉ាងហោចណាស់​ក្នុង ​១​ ឆ្នាំ​ដើម្បី​រំដោះ​ចេញពី ភាពក្រីក្រ តែ​យើង​ធ្វើបាន​លើសពី​ការរំពឹងទុក​ដែល​នេះ​ជា​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»៕