
អាជ្ញាធរចុះត្រួតពិនិត្យផ្ទៃដីជាង ១ ពាន់ហិកតា ត្រៀមរៀបចំចែកឱ្យជនក្រីក្រនៅស្រុកសំឡូត និងគាស់ក្រឡ។
បាត់ដំបងៈ ក្រុមការងាររៀបចំគម្រោងដីសម្បទានសង្គមកិច្ចខេត្តបាត់ដំបង កំពុងស្រង់ទិន្នន័យ និងស្វែងរកមុខសញ្ញា ជនក្រីក្រពិតប្រាកដ និងអតីតយុទ្ធជនគ្មានទីពឹង សម្រាប់ចែកដីចំនួនជាង ១ ០០០ ហិកតា។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងថ្លែងថា ក្រោយពីបានទិន្នន័យនឹងធ្វើសេចក្តីរាយការណ៍ជូនទៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការសម្រេច។
លោក សឿម ប៊ុនរិទ្ធិ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែ មករាថា គម្រោងនេះស្ថិតនៅក្នុងស្រុកសំឡូត និងគាស់ក្រឡដែលនៅមិនទាន់សម្រេចធ្វើអ្វីខ្លះនៅឡើយ ដូច្នេះក្រុមការងារត្រូវរកអ្នកដែលគ្មានដីពិតប្រាកដ ដើម្បីលើកតម្កើងជីវភាពរស់នៅរបស់ពួកគាត់ឱ្យឡើងមួយកម្រិតថែមទៀត កុំឱ្យគាត់ស្ថិតនៅក្នុងស្ថានភាពក្រោមបន្ទាត់ក្រីក្រ។
លោកថ្លែងថា៖ «ធម្មតាអតីតយុទ្ធជនកាលណាគាត់ឈប់ពីអាជីព កងទ័ព ឬអាជីពនគរបាល គាត់ទៅចូលជាអតីតយុទ្ធជន អ៊ីចឹងគេនឹងស៊ើបថា តើអតីតយុទ្ធជនដែលបញ្ចប់ពីអាជីពការងាររបស់គាត់ហើយតើកត្តាជីវភាពរបស់គាត់មានលំបាកយ៉ាងម៉េច អីយ៉ាងម៉េចអាហ្នឹងគេសិក្សាវាយតម្លៃមុខសញ្ញាហ្នឹងបន្តទៀត រួមទាំងប្រជាពលរដ្ឋក្រីក្រទូទៅ»។
លោក ស៊ុយ ស៊ានហួរ ប្រធានការិយាល័យដែនដីស្រុកគាស់ក្រឡថ្លែងនៅថ្ងៃទី ២០ ខែមករាថា ក្រុមការងារក្រសួងដែលបានចុះមកនេះបានទៅជួបក្រុមប្រឹក្សាឃុំចំនួន ២ គឺឃុំឆ្នាល់មាន់ និង ឃុំព្រះផុស ដែលមានទីតាំងដីសម្បទានសង្គមកិច្ចនេះដើម្បីផ្សព្វផ្សាយពីនីតិវិធី ព្រមទាំងចុះទៅពិនិត្យទីតាំង។ លោកថា៖ «គាត់ជួបក្រុមប្រឹក្សា ទាំងមេភូមិពីឃុំហ្នឹង ដើម្បីគាត់ផ្សព្វផ្សាយពីនីតិវិធី ណែនាំឱ្យដឹងអំពីនីតិវិធីរៀបចំដីសម្បទាន។ ក្រុមការងារណែនាំឱ្យសាមីដែលមានទីតាំងដី ចេះធ្វើពាក្យដាក់សុំទៅរដ្ឋបាលខេត្តដែលជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋ៕