
ពលរដ្ឋដែលកាន់កាប់ដីក្នុងតំបន់ចម្ការបារាំងធ្វើការតវ៉ានាពេលកន្លងមក។ ហេង ជីវ័ន
កណ្តាលៈ ប្រជាពលរដ្ឋភាគច្រើនក្នុងចំណោម ៣២០ គ្រួសារបានយល់ព្រមទទួលយកសំណងជាទឹកប្រាក់ ដែលជាថ្នូរឱ្យចាកចេញពីតំបន់ចម្ការបារាំងដែលមានទំហំប្រមាណ ២៨០ ហិកតា ស្ថិតនៅក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីពួកគេកាន់កាប់លើដីរបស់រដ្ឋចាប់តាំងពីឆ្នាំ ១៩៧៩។
លោកស្រី ជួង ខែម ជំទប់ទី ១ នៃ ឃុំទួលព្រេជ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ នេះ ឱ្យដឹងថា តាមរយៈការសម្របសម្រួលជាបន្តបន្ទាប់ ប្រជាពលរដ្ឋប្រមាណ ៧០% នៃប្រជាពលរដ្ឋសរុបដែលមានទំនាស់ជាមួយនឹងដីចម្ការបារាំងបានទទួលយកសំណងពីរាជរដ្ឋាភិបាល ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែ ៣០ % ទៀតមិនទាន់ទទួលយកនៅឡើយទេ។
លោកស្រីបន្តថា តាមព័ត៌មានដែលទទួលបានតៗគ្នា ប្រជាពលរដ្ឋមួយចំនួនមានដីទំហំតិចពេកក៏សម្រេចមិនទទួលយក និងអ្នកខ្លះទៀតចង់បានតម្លៃខ្ពស់ជាងរដ្ឋផ្តល់ឱ្យ ៣ កាក់ ប៉ុន្តែប្រជាពលរដ្ឋដែលមិនទាន់មកទទួលយកនេះ ក៏អាចមកទទួលយកថ្ងៃណាក៏បានដែរ ព្រោះសេចក្តីសម្រេចបានចេញរួចរាល់អស់ហើយ មិនមានអ្វីកែប្រែដែរ។
លោកស្រីថ្លែងថា៖ «ឥឡូវហ្នឹងបើគាត់ត្រូវការមកយក គឺនៅមានឱកាសឱ្យគាត់ របស់គាត់ គឺនៅតែរបស់គាត់ដដែលទេ អាចមកយកបាន អត់អីទេ»។
លោកស្រីបន្តថា ប្រជាពលរដ្ឋដែលមកទទួលយកសំណងអាស្រ័យលើក្នុងដីចម្ការបារាំងបានយល់ព្រមដោយស្ម័គ្រចិត្ត មិនមានបុគ្គលណា ឬ អ្នកណាមួយទៅបង្ខិតបង្ខំពួកគាត់នោះទេ ព្រោះមនុស្សម្នាក់ៗមានសិទ្ធិរៀងៗខ្លួនក្នុងការទទួល ឬមិនទទួលយកនូវសំណងទាំងនេះ ព្រោះកញ្ចប់ថវិកាត្រៀមបម្រុងជូនពូកគាត់នៅដដែលទាំងអស់។
លោកស្រីក៏បានផ្ដល់ដំណឹងជូនដល់មេភូមិទាំងអស់រួចហើយឱ្យទៅសួរនាំ និងប្រាប់ដល់ប្រជាពលរដ្ឋដែលមិនមកទទួលយកសំណងអាចមកទទួលយកបាន ព្រោះគ្មានអ្នកណាមានសិទ្ធិទទួលយកទ្រព្យរបស់គាត់នោះទេ។
លោក គាំ រិទ្ធ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្គតាសិត ដែលមានដីទំនាស់ក្នុងដីកម្ការបារាំងនេះ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែមករា ថា ប្រជាពលរដ្ឋដែលទទួលសំណងនេះ គឺព្រមទទួលយកដោយការបង្ខិតបង្ខំចំពោះអ្នកនៅសល់ប្រមាណ ៥០ គ្រួសារមិនទាន់ទទួលសំណងនេះនៅឡើយទេ ព្រោះរដ្ឋឱ្យតម្លៃទាបពេក គឺ ៤ កាក់ ក្នុង ១ ម៉ែត្រការ៉េ។
លោកបន្តថា៖ «ខ្ញុំមិនអាចទទួលយកបានទេ ចំពោះតម្លៃដែលរដ្ឋដាក់ឱ្យនេះ ដោយរង់ចាំឱ្យគេមកដោះស្រាយបន្តទៀត ប៉ុន្តែបើមិនមានដំណោះស្រាយទេ ខ្ញុំនិងប្រជាពលរដ្ឋផ្សេងទៀត ដែលមិនទាន់ទទួលបានសំណងនេះធ្វើការតវ៉ាទៅថ្នាក់ស្រុក និងខេត្តបន្តទៀត»។
លោកថ្លែងថា៖ «អ្នកទទួលយកសំណងនេះ ព្រោះមេភូមិជាអ្នកបង្ខំបើមិនយកតម្លៃហ្នឹងទេ ប្រយ័តុ្នអត់បានអ្វីទាំងអស់»។
លោក គាំ រិទ្ធ បានថ្លែងថា ដីចម្ការបារាំងនាពេលបច្ចុប្បន្ននេះត្រូវបានអាជ្ញាធរកាយព្រំដីរួចរាល់អស់ហើយ ហើយប្រជាពលរដ្ឋក៏មិនហ៊ានទៅក្បែរដែរ។
លោក ផាន់ ផាន អនុប្រធានភូមិអង្គតាសិត ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ឱ្យដឹងថា ប្រជាពលរដ្ឋច្រើនលើសលប់បានទទួលយកនូវសំណងអាស្រ័យផលនៅលើដីចម្ការបារាំងនេះ ហើយចំពោះអ្នកនៅសល់ប្រមាណ ៧៦ គ្រួសារមិនទាន់ទៅទទួលយកនូវសំណងនេះ។
លោកថ្លែងថា៖ «ព្រោះពួកគាត់យល់ឃើញថា ដីនេះ ពួកគាត់បានកាន់កាប់តាំងពីឆ្នាំ ១៩៧៩ រហូតមដល់បច្ចុប្បន្ន និង ប្រកាន់ថាជាដីរបស់ខ្លួន»។
លោក គាំ រិទ្ធិ ថ្លែងថា ប្រជាពលរដ្ឋដែលទទួលយកសំណង និងមិនទាន់ទទួលយក ប្រមាណ ៣២០ គ្រួសារ។
លោកបានថ្លែងថា៖ «អាជ្ញាធរមិនបន្តសម្របសម្រួលទៀតទេ បើប្រជាពលរដ្ឋរូបណាចង់ទទួលលុយនៅថ្ងៃណា ក៏បានព្រោះគេទុកពេលឱ្យរហូត ដោយអាចទៅយកនៅឃុំ ក៏បាន ឬ នៅស្រុកក៏បានដែរ»។
លោកថ្លែងថា៖ «អ្នកខ្លះដែលមានដីច្រើន គេបានលុយច្រើន ដូចខ្ញុំអ៊ីចឹង ដីខ្ញុំកន្លះហិកតា បាន ២ ៤០០ ដុល្លារ ដែរ។ ប្រជាពលរដ្ឋលែងតវ៉ាអីទៀតហើយ ព្រោះគាត់បានសំណងភាគច្រើន ហើយបច្ចុប្បន្ននេះគេបានអភិវឌ្ឍដីចម្ការបារាំង ដោយបោះព្រំដី អត់ឱ្យប្រជាពលរដ្ឋទៅក្បែរទេ»។
ចំពោះការសម្របសម្រួលផ្តល់សំណងអាស្រ័យផលលើ «ដីចម្ការបារាំង» ជូនប្រជាពលរដ្ឋនេះ ក្រោយមានប្រជាពលរដ្ឋមកពី ៧ ភូមិ រួមមាន ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរីប្រមាណជាង ១០០ គ្រួសារបាននាំគ្នាចេញតវ៉ាកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីហាមឃាត់មិនឱ្យអាជ្ញាធរកាយព្រំដីចម្ការបារាំងនេះ និងបង្កឱ្យមានហិង្សាកើតឡើងបានធ្វើឱ្យប្រជាពលរដ្ឋមា្នក់ត្រូវគ្រាប់កាំភ្លើងត្រង់ក្រោមស្មាធ្លាយដល់ក្រោយ។
ប្រជាពលរដ្ឋអះអាងថា ដីចម្ការបារាំងនេះជាដីរបស់រដ្ឋ មិនមានប្លង់កម្មសិទ្ធិប្រើប្រាស់នោះទេ ប៉ុន្តែ ពួកគាត់បានអាស្រ័យផលក្រោយឆ្នាំ ១៩៧៩ លុះក្រោយមក ដីនេះត្រូវរដ្ឋបែងចែកទៅក្រសួងការពារជាតិ និងក្រសួងបរិស្ថាន ដើម្បីធ្វើការអភិវឌ្ឍ។ ទោះជាយ៉ាងណាតាមលិខិតលេខ ៧៥៥ សជណ/មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ បានយល់ព្រមជាគោលការណ៍ផ្តល់ដី ២ លាន ៨ សែនម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំនួន ៥ រួមមាន ភូមិគោល ភូមិថ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង និងភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ៥១ ជាសម្បត្តិឯកជនរបស់រដ្ឋនៃក្រសួងការពារជាតិ៕