ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ឱ្យដឹងថា ក្រសួង​នឹង​បន្ត​បង្កើន​នូវ​យុទ្ធនាការ​ផ្សេងៗ​បន្ថែមទៀត ដោយ​បង្កើត​នូវ​យុទ្ធសាស្ត្រ​សម្រាប់​ផ្លាស់ប្តូរ​ឥរិយាបថ​ទាក់ទង​នឹង​អាហារូបត្ថម្ភ មាតា ទារក និង​កុមារ ខណៈដែល​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ចំនួន​ ១៤% ​មាន​ទម្ងន់​ទាប ក្រោម​ស្តង់ដា និង​ ៤៥% ​មាន​បញ្ហា​ស្លេកស្លាំង​។

លោកស្រី​ ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លើកឡើង​ដូចនេះ ក្នុងឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​យុវជន​ជើងឯក​អាហារូបត្ថម្ភ​ស្តីពី​មូលដ្ឋានគ្រឹះ​អាហារូបត្ថម្ភ របប​អាហារ​សុខភាព សុវត្ថិភាព​ចំណីអាហារ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណីអាហារ និង​ស្លាក​សញ្ញា​ផលិតផល​ចំណីអាហារ កាលពីដើម​សប្តាហ៍​នេះ​។

បើតាម​លោកស្រី​រដ្ឋលេខាធិការ​ដោយ​ផ្អែកលើ​លទ្ធផល​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ​ ២០១៤ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ចំនួន​ ១៤%​ មាន​ទម្ងន់​ទាប​ក្រោម​ស្តង់ដា និង​ ៤៥% ​មាន​បញ្ហា​ស្លេកស្លាំង​។ លើសពីនេះ​ទៀត​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ចំនួន ១៨% មាន​បញ្ហា​លើស​ទម្ងន់​។

លោកស្រី​ថ្លែងថា​៖ «​ដោយឡែក ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​វិញ យើង​ឃើញថា ស្ត្រី​ចំនួន​ ៦២% មាន​បញ្ហា​កង្វះ​ជាតិ​ស័ង្កសី​។ កង្វះ​ជាតិ​ហ្វូលេត​ក៏​នៅតែ​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​ស្ត្រី​ ១៨%​។ កង្វះ​ជីវជាតិ D ក៏​ជា​បញ្ហា​សុខភាព​សាធារណៈ​កម្រិត​មធ្យម​នៅក្នុង​ប្រទេស​ផងដែរ ដែល​ប៉ះពាល់​ដល់​ស្ត្រី​កម្ពុជា ៣១%»​។

លើសពីនេះ​ទៀត ស្ត្រី​ចំនួន​ ៧៨% និង​កុមារ​ ៦៦% មាន​កំហាប់​ជាតិ​អ៊ីយ៉ូត​ក្នុង​ទឹកនោម​មិន​គ្រប់គ្រាន់​តាម​ស្តង់ដា​ឡើយ​។ កង្វះ​ជីវជាតិ B1 ក្នុងចំណោម​ស្ត្រី​ក៏​ត្រូវបាន​រកឃើញថា ស្ថិតនៅ​កម្រិត​ដែលមាន​បញ្ហា​ផងដែរ​។

លោកស្រី​ប្រាក់ សោភ័ណ្ឌនារី បាន​បញ្ជាក់ថា​៖ «​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ជាច្រើន​នាក់​នៅ​កម្ពុជា មាន​ទម្លាប់​បរិភោគ​អាហារ​ដែល​គ្មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ទាំង​មុន​ក៏ដូចជា​ក្នុងអំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្នុងពេល​បំបៅ​ដោះ​កូន​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្រសួង​នឹងធ្វើ​យុទ្ធនាការ ដើម្បី​លើកកម្ពស់​ការអប់រំ​ពី​របប​អាហារ ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ និង​សកម្មភាព​អប់រំ​សុខភាព​ផ្សេងៗ​ទាំង​នៅ​មូលដ្ឋាន​សុខាភិបាល ក៏ដូចជា​នៅ​សហគមន៍ ហើយ​យើង​ក៏​ធ្វើការ​ពិនិត្យ​តាមដាន​ការយល់ដឹង​របស់​កុមារ ក៏ដូចជា​ការផ្តល់​ថ្នាំ​បង្ការ និង​មីក្រូ​សារជាតិ រួម​នឹង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​»​។

វគ្គ​បណ្តុះបណ្តាល​យុវជន​ជើងឯក​អាហារូបត្ថម្ភ​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​អង្គការ​ ហេទ្បែន ខេលល័រ​អន្តរជាតិ និង​គម្រោង​ MUSEFO នៃ​អង្គការ GIZ សហការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នាយកដ្ឋាន​លើក​កម្ពស់​អាហារូបត្ថម្ភ​នៃ​ក្រសួងផែនការ នាយកដ្ឋាន​ឱសថ និង​ចំណីអាហារ និង​សាកលវិទ្យាល័យ MSVU ប្រទេស​កាណាដា ដោយមាន​ការចូលរួម​ពី​យុវជន​វ័យក្មេង​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​កម្ពុជា​ជាង ​៥០ ​នាក់​។

ការបណ្តុះបណ្តាល​នេះ​ធ្វើឡើង​ដើម្បី​បង្កើន​ការយល់ដឹង​ជា​មូលដ្ឋាន​អំពី​អាហារូបត្ថម្ភ របប​អាហារ​សុខភាព សុវត្ថិភាព​ចំណីអាហារ ការបញ្ចូល​មីក្រូសារជាតិ​ក្នុង​ចំណីអាហារ និង​ស្លាក​សញ្ញា​ផលិតផល​ចំណីអាហារ​។

អង្គការ​ដដែល បញ្ជាក់ថា វគ្គ​បណ្តុះ​បណ្តាល​នេះ ជាការ​ផ្តល់​វេទិកា​ដល់​យុវជន ដើម្បី​ពិភាក្សា ចែករំលែក​ការយល់ដឹង ទស្សនៈ មតិយោបល់ និង​បទពិសោធ​លើ​អាហារូបត្ថម្ភ របប​អាហារ​សុខភាព សុវត្ថិភាព​ចំណីអាហារ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​ចំណី​អាហារ និង​ស្លាក​សញ្ញា​ផលិតផល​ចំណីអាហារ និង​ផ្តល់ឱ្យ​យុវជន​នូវ​ជំនាញ​ក្នុងការ​តស៊ូ​មតិ និង​ទេពកោសល្យ​ក្នុងការ​ផ្សព្វផ្សាយ​សារ​គន្លឹះ​ដល់​យុវជន​ដទៃទៀត និង​សាធារណជន​។

លោកស្រី សោភ័ណ្ឌនារី ក៏បាន​បញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា កាលណា​កុមារ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដូចជា​ស្គាំងស្គម ក្រិស​ក្រិន និង​កង្វះ​មីក្រូ​សារជាតិ ពួកគេ​នឹង​រៀន​មិន​ពូកែ រៀន​ត្រួតថ្នាក់ និង​កាត់បន្ថយ សក្តានុពល​នៃ​ការរក​ប្រាក់ចំណូល​ ២២% នៅពេល​ពួកគេ​ធំ​ពេញវ័យ​។

លោកស្រី​ថា​៖ «​ការសិក្សា​សកល​បាន​បង្ហាញថា កុមារ​ដែល​ឈឺ​ញឹកញាប់​នឹងមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ ២០% នៃ​ចំណូល​សរុប ដើម្បី​ព្យាបាល​ពួកគេ ដែល​នឹង​ប៉ះពាល់​ដល់​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ប្រទេសជាតិ​ទាំងមូល​»៕