សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​សហការគ្នា​ដោះលែង​សត្វ​ស្លាប​ ៣​ ប្រភេទ​ចំនួន ២០ ​ក្បាល និង​ទោច​មកុដ ១ ​គូ បន្ថែមទៀត ទៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ ខណៈ​មន្ត្រី​ចាត់ទុកថា សត្វ​ទាំងនេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​វិស័យ​ទេសចរណ៍ និង​ធនធានធម្មជាតិ​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ មករា​ថា នេះ​មិនមែនជា​លើក​ទី​ ១ នោះទេ ដែល​ស្ថាប័ន​ទាំង​ ៣ ​បាន​សហការគ្នា ដោះលែង​សត្វព្រៃ​ឱ្យទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ ដែល​កន្លងទៅ មាន​សត្វព្រៃ​ជាច្រើន​ក៏ត្រូវ​បាន​ដោះលែង​ផងដែរ​ បន្ទាប់ពី​បន្សាំ​ពួកគេ​ជាមួយ​នឹង​ធម្មជាតិ​បាន​ជោគជ័យ​។ ក្រុមការងារ បាន​បន្សាំ​ពួកគេ​រយៈពេល​ ១ ខែ​ដើម្បី​អាចឱ្យ​ពួកគេ​សុំា​ទៅនឹង​ជីវិត​រស់នៅ​បែប​ធម្មជាតិ​ឡើងវិញ​នៅក្នុង​តំបន់​អង្គរ​នេះ​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​បានធ្វើ គឺ​យើង​បន្សាំ​សត្វ​ទាំងអស់​ហ្នឹង​ឱ្យ​វា​អាច​រស់នៅ​ជាមួយ​ស្ថានភាព​ព្រៃ​នៅក្នុង​តំបន់​ហ្នឹង​សិន​។ យើង​រៀបចំ​ជា​លក្ខណៈ​លួច​ផ្តល់​ចំណី​ឱ្យ​វា​ទៅតាម​លក្ខណៈ​បែប​ធម្មជាតិ​។ យើង​មាន​វិធី​របស់​យើង ក្នុងការ​ផ្តល់​ចំណី​ដល់​វា ដើម្បីឱ្យ​វា​អាច​ផ្សាំ​ជីវិត​របស់​វា​នៅ​ទីកន្លែង​នេះ​បាន​»​។ បន្ថែម​ពីនេះ លោក ឡុង កុសល បានលើកឡើង​ដែរ​ថា ការដែល​ធ្វើឱ្យ​មានជីវិត​សត្វព្រៃ​ត្រឡប់​មកវិញ នៅក្នុង​តំបន់​អង្គរ​នេះ គឺ​បន្ថែម​ពីលើ​អ្វីដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ឱ្យមាន​ការរស់នៅ​របស់​មនុស្ស​ជុំវិញ​ប្រាសាទ ដែល​ទាំងនេះ​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​អរូបី​ឱ្យស្រប​ទៅនឹង​សម្បត្តិ​រូបី​នៅក្នុង​ឧទ្យាន​អង្គរ​។ ទ្រព្យសម្បត្តិ​ទាំងនេះ គឺ​ត្រូវតែមាន​ការផ្តល់​គុណតម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក ដោយមាន​ទាំង​ការរស់នៅ​របស់​មនុស្ស សត្វព្រៃ ធម្មជាតិ និង​ប្រាសាទ​ដែលជា​គោលបំណង​សំខាន់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ គឺជា​ការចួលរួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ព្រោះថា ភ្ញៀវទេសចរ គាត់​មក​អង្គរ មិនមែន​មក​មើល​ថ្ម​ប្រាសាទ​តែ ១​ មុខ​ទេ គឺ​គាត់​មក​មើល​គុណ​តម្លៃ​នៃ​ស្នាដៃ​បង្កើត​របស់​មនុស្ស ជាពិសេស​បុព្វបុរស​ខ្មែរ ដែល​បាន​បង្កើត​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏អស្ចារ្យ​។ អ៊ីចឹង​បន្ថែម​លើ​នេះ​ដែល​យើង​អាច​នឹង​ផ្តល់ឱ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ខិត​កៀក​ទៅនឹង​ធម្មជាតិ​ជាង​ហ្នឹង​ថែម​ទៀត ដែល​អាចមក​ទស្សនា​សត្វព្រៃ​ទាំងអស់នេះ​»​។ ជាមួយនឹង​ការដោះលែង​សត្វព្រៃ​ទាំងនេះ លោក ឡុង កុសល អះអាង​ថា បច្ចុប្បន្ននេះ គឺ​ពុំមាន​បទល្មើស​សត្វព្រៃ​អ្វី​កើតឡើង គួរឱ្យ​កត់សម្គាល់​ទៀត​នោះទេ ដោយសារ​តែមាន​កិច្ចការពារ​បាន​ត្រឹមត្រូវ​របស់​មន្ត្រី​ពាក់ព័ន្ធ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​។

លោក Nick Mark នាយក​អង្គការ​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​បាន​ថ្លែងថា សត្វ​ស្លាប​ចំនួន ២០ ​ក្បាល​នោះ គឺមាន​សត្វ​កេងកង សត្វ​ប្រវឹក សត្វ​ក្ងោក ហើយ​ក្នុងនោះ សត្វ​ទោច​មកុដ ចំនួន​ ១ ​គូ ក៏ត្រូវ​បាន​ដោះលែង​ផងដែរ​។ ជាមួយនឹង​ការ​ដោះលែង​នេះ លោក Nick បង្ហាញ​ពី​ក្តីសប្បាយ​រីករាយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់​ទីកន្លែង និង​ចូលរួម​អភិរក្ស​សត្វព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ ខណៈ​តំបន់​អង្គរ​គឺជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដែល​សមស្រប​សម្រាប់​អភិរក្ស​សត្វព្រៃ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ សុំ​អរគុណ​ដល់​អ្នក​ដែល​បានឱ្យ​សត្វ​ប្រវឹក សត្វ​ក្ងោក​។ យើង​អរគុណ​គេ ដែល​បានឱ្យ​សត្វ​ទាំងនេះ​មក​យើង ព្រោះ​យើង​សប្បាយ​នឹង​ឱ្យ​សត្វ​មាន​សេរីភាព​នៅក្នុង​ព្រៃអង្គរ​។ យើង​សង្ឃឹមថា សត្វ​ដែល​យើង​ដោះលែង សុខ​សប្បាយ និង​សំណាងល្អ មាន​សេរីភាព​ក្នុងព្រៃ​អង្គរ​។ ខ្ញុំ​សុំ​អ្នក​ទាំងអស់ ចូលរួម​អភិរក្ស​សត្វព្រៃ​នៅ​ស្រុក​ខ្មែរ​»​។

បើតាម​លោក ជូ រ៉ាឌីណា អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា គម្រោង​ដោះលែង​សត្វព្រៃ​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​នេះ គឺជា​គម្រោង​មួយ​ដែលមាន​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ និង​អង្គការសង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​។ លោក​បានឱ្យដឹង​ដែរ​ថា កន្លងមក ក្រុមការងារ​បាន​ដោះលែង​សត្វព្រៃ​ជាច្រើន​ប្រភេទ ដោយ​ក្នុងនោះ មានដូចជា​ឈ្លូស សត្វ​ទោច និង​ឆ្មាដាវ​ជាដើម ខណៈ​ថ្មីៗ​នេះ​ក៏មាន​ការដោះលែង​សត្វ​កេងកង​តូច​ផងដែរ​៕