ភ្នំពេញៈ ក្នុង​រយៈពេល​តែ​ ១ ​សប្តាហ៍​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ជាង​ ១៦ ​ម៉ឺន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ៤ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ឱ្យ​បើក​យុទ្ធនាការ​ចាក់​ចាប់ពី​ថ្ងៃទី ​១៤ ខែមករា សម្រាប់​ប្រជាពលរដ្ឋ​នៅ​គ្រប់​រាជធានី​ខេត្ត​អាច​មក​ចាក់​បាន​នា​រាជធានី​ភ្នំពេញ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ Pfizer​។

ជាមួយ​គ្នា​នេះដែរ ក្នុង​រយៈពេល​ជាង​ ២ ​សប្តាហ៍​ចុងក្រោយ​នេះ កម្ពុជា​មិនមាន​អ្នកណាម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩​ ឡើយ ប៉ុន្តែ​អ្នក​ដែល​បាន​រកឃើញ​ឆ្លង​វីរុស​កូវីដ​ ១៩​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ត្រូវបាន​រកឃើញ​ជា​រៀងរាល់ថ្ងៃ ទាំង​ករណី​នាំចូល និង​ក្នុង​សហគមន៍​។ បើតាម​របាយការណ៍​ក្រសួង​សុខាភិបាល​ ចាប់ពី​ថ្ងៃទី​ ១៤ ​ដល់​ថ្ងៃទី​ ១៩ ខែមករា​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ដូស​ទី​ ៤ ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ១៦៦ ២១០ នាក់ ខណៈ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ចាក់​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​បាន​ជិត​ ៥ ​លាន​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បានលើកឡើង​ពីថ្ងៃ​ទី​ ១៨ ​មករា​ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ និង​ដូស​ទី​ ៤ មាន​វឌ្ឍនភាព​ល្អ និង​មាន​សម្ទុះ​កើនឡើង​ច្រើន​ពី​ ១​ ថ្ងៃ​ទៅ ​១​ ថ្ងៃ​។ លោកស្រី​ថា​៖ «​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ​៤ គឺ​មានតែ​នៅក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ​ទេ​ដោយសារ​យើង​ប្រើប្រាស់​វ៉ាក់សាំង Pfizer ដែល​ត្រូវការ​រក្សាទុក​ក្នុង​ប្រព័ន្ធ​ត្រជាក់​រហូតដល់​ដក​ ៨០​ អង្សាសេ​»​។

ជាមួយ​គ្នា​នេះដែរ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយ​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ក្រសួង​ការពារជាតិ បាន​លើកឡើង​ពីថ្ងៃ​ទី​ ១៩ ​មករា ថា ក្រុមគ្រូពេទ្យ​ក្រសួង​ការពារ​ជាតិ​មាន​បទពិសោធ និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ភារកិច្ច​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ដល់​កងទ័ព និង​ប្រជាជន​។ លោក​ថា​៖ «​កម្ពុជា​ដែល​ធ្លាប់​ទទួលបាន​នូវ​ការសាទរ​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​នោះ បាន​បន្ដ​បោះជំហាន​ថ្មី​មួយកម្រិត​ទៀតហើយ ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី ​៤»​។

លោក ឥត សារ៉ាត់ បន្តថា នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​ ២០២២​នេះ ក្រុម​បុគ្គល​អាទិភាព មាន​ទាំង​មន្ដ្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​អ្នកសារព័ត៌មាន​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ដើម្បី​បន្ដ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ដែល​កំពុងតែ​រីក​រាលដាល ពិសេស​ពពួក​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា យោធិន​ជា​សុខាភិបាល​របស់​កងយោធពល​ខេមរភូមិន្ទ គាត់​មាន​ការយល់ដឹង គាត់​មាន​បទពិសោធ​ខ្ពស់​ណាស់​អំពី​បញ្ហា​ការចាក់​វ៉ាក់សាំង​នេះ អ៊ីចឹង​និយាយ​ជារួម​យើង​ចាក់​ដូស​ទី ​១ ដូស​ទី ​២​ ដូស​ជំរុញ​មកដល់​ដូស​ទី​ ៤ ​នេះ មិន​ដែលមាន​បញ្ហា​អ្វីមួយ​កើតឡើង​ទេ គឺ​ល្អ​ណាស់​ប្រព្រឹត្តទៅ​យ៉ាង​រលូន​»​។

ទាក់ទង​នឹង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​វិញ បើតាម​ក្រសួង​សុខាភិបាល​ក្នុង​រយៈពេល​ ១៦ ​ថ្ងៃ​ជាប់​គ្នា​កន្លងមកនេះ កម្ពុជា​មិនមាន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូវីដ ​១៩ ​ទេ​៕