សៀមរាបៈ រដ្ឋបាល​ស្រុក​បន្ទាយស្រី​កំពុង​ស្វែងរក​ការគាំទ្រ​ជាថ្មី​ពី​ម្ចាស់​ស្រែ​នៅក្នុង​ឃុំ​ព្រះដាក់ ដើម្បី​ខ្ចី​ដីស្រែ​ [​ដោយ​គិត​ឈ្នួល​] ​ពី​ពួកគាត់​ ១ ​រដូវ​ទុក​សម្រាប់​រៀបចំ​គម្រោង​ស្រែ​សង្គម​​ជុំ​ទី​ ២ ក្នុង​គោលបំណង​ផលិត​ជា​ស្រូវ​អង្ករ​យកទៅជួយ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅក្នុង​ស្រុក​នេះ ជាពិសេស​អ្នក​ដែល​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែមករា​ថា លោក​កំពុង​​តែ​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ ដើម្បី​ខ្ចី​ដីស្រែ​របស់​ពួកគាត់​ ១ ​រដូវកាល​សម្រាប់​រៀបចំ​គម្រោង​ស្រែ​សង្គម​ជុំ​ទី​ ២ បន្ទាប់ពី​ធ្វើ​លើក​ដំបូង​កាលពី​ឆ្នាំមុន​ទទួលបាន​ជោគជ័យ​លើ​ផ្ទៃដី​ ៤០ ​ហិកតា ដោយមាន​ពលរដ្ឋ​ ៨៨ ​គ្រួសារ បានផ្តល់​ដី​ឱ្យធ្វើ​ស្រែ​រយៈពេល​ ៧ ​ខែ​។

​លោក​អភិបាលស្រុក​បន្តថា ឆ្នាំ​ថ្មី​ ២០២២ ​នេះ លោក​បាន​​ស្នើសុំ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បន្តទៀត ប៉ុន្តែ​បាន​ផ្ទៃដី​តែ​ប្រមាណ​ពាក់កណ្តាល​ប៉ុណ្ណោះ ដោយសារ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​បន្ត​ផ្តល់ឱ្យ​ព្រោះ​ចង់ទុក​ធ្វើ​ខ្លួនឯង​។ យ៉ាងណាក្ដី លោក ឃឹម ហ្វីណង់ ប្រាប់ថា គម្រោង​ស្រែ​សង្គម​នេះ​នៅតែ​ធ្វើ ប៉ុន្តែ​មិនទាន់​ដឹងថា​ត្រូវធ្វើ​លើ​ផ្ទៃដី​ប៉ុន្មាន​ហិកតា​នោះទេ​។

លោក​ថ្លែងថា​៖ «​អ្នកខ្លះ​ទៀត​គាត់​ឃើញ​ប្រយោជន៍​ត្រង់​ថា គាត់​ជួយ​មកឱ្យ​រដ្ឋបាល​ស្រុក​ខ្ចី​ដី គាត់​អាច​យក​ពេលវេលា ដែល​សល់​ហ្នឹង​ទៅ​ដើរ​ស៊ីឈ្នួល​គេ ធ្វើ​អ៊ីចឹងទៅ​គាត់​បាន​ចំណូល​ឌុប ប៉ុន្តែ​អ្នកខ្លះ​ទៀត​គាត់​ថា​គាត់​មិនដឹង​ធ្វើ​អី​ដែរ អ៊ីចឹង​គាត់​ទំនេរ​ចង់​ធ្វើ​ខ្លួនឯង​»​។

បើតាម​លោក ឃឹម ហ្វីណង់ ដី​សម្រាប់​រៀបចំ​គម្រោង​ស្រែសង្គម​នេះ​ត្រូវតែ​រក​ទីតាំង​ដែល​នៅ​ជុំគ្នា​មិនអាច​នៅ​ដាច់ដោយឡែក​ពីគ្នា​ឡើយ ហើយ​​ក៏​មិន​អាចយ​កដី​ទូទៅ​បានដែរ ពោល​យក​ដី​ដែល​ធ្វើស្រែ​បាន មិន​ខ្ពស់​ពេក មិន​ទាប​ពេក ងាយស្រួល​ធ្វើ និង​មាន​ទិន្នផល​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ទី​ ១ ​បើ​ដី​ខ្ពស់​ពេក វា​អត់​មានទឹក​ត្រាំ​ទេ ស្រែ​តែ​អត់​ទឹក មិនអាច​ធ្វើ​បានទេ ​មិនមែន​ឱ្យតែ​មាន​ដី ដឹង​តែ​ធ្វើ​បានទេ អ៊ីចឹង​យើង​រើស​ទីតាំង​បន្តិច ហើយ​គោលដៅ​នោះ​គឺ​យើង​ចង់បាន​កន្លែង​ណាមួយ​ដែល​ជឿជាក់ថា មិន​បរាជ័យ​ហើយ​បាន​ទិន្នផល​ខ្ពស់ ព្រោះ​យើង​មិន​ចង់​យកលុយ​គេ​ជួយ​ទៅ​ខ្ចី​ស្រែ​ទូទាត់ ទៅឱ្យ អ្នកស្រុក ហើយ​ទីបំផុត ទិន្នផល​អត់​បាន​នោះទេ​»​។

លោក​ ហ្វីណង់ បាន​ប្រាប់ទៀតថា គោលដៅ​ដែល​យកលុយ​ជំនួយ​សប្បុរសជន​ទៅ​បង្កើតជា​គម្រោង​ស្រែ​សង្គម​នេះ គឺ​ដើម្បី​បង្កើន​ផល​ឱ្យបាន​កាន់តែច្រើន សម្រាប់​ចែកជូន​ដល់​អ្នក​ទីទ័លក្រ ជាពិសេស​ដោយសារ​​បញ្ហា​ជំងឺ​កូវីដ​ ១៩​។ លោក​ថា បើ​ជំនួយ​មាន​ ១​ ម៉ឺន​ដុល្លារ​យក​​ទៅធ្វើ​ស្រែ ត្រូវតែ​បាន​ផលយ៉ាងតិច​ក៏បាន​ ១ ​ទ្វេ​ជា​ ២ ​ទើប​សម​នឹង​កម្លាំង​ដែល​ខិតខំ​ធ្វើ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​យើង​សុំ​គេ​បាន​ ១​ ម៉ឺន​ដុល្លារ​ហើយ​យើង​យកទៅ​ធ្វើស្រែ​ប្រមូលផល​ទៅ​ទំហំ​វា​បាន​ឡើងដល់​ ២​ ទៅ​ ៣​ម៉ឺន​ដុល្លារ អ៊ីចឹង​ឃើញ​ពី​សូន្យ​ទៅដល់​ ៣ ​ម៉ឺនដុល្លារ តាមរយៈ​ការធ្វើ​បំប្លែង​ជា​រូបភាព​បែបនេះ​ជា​រឿង​ដែល​យើង​គិតថា បើ​យើង​ធ្វើបាន​ល្អជា​រឿង​ដែល​គួរតែ​បន្ត​ដែរ​។ បើ​នៅ​សុខៗ​យើង​ទៅ​ដើរ​សុំ​លុយ​គេ​យកមក​បរិច្ចាគ​ជូន​អ្នក​អត់ យើង​ពិបាក​សុំ ប៉ុន្តែ​បើ​យើង​យកមក​ធ្វើ​ទម្រង់​ស្រែសង្គម​នេះ គឺ​យើង​ងាយស្រួល​នៅក្នុង​ការសុំ​»​។

លោក ​ហ្វីណង់ បានឱ្យដឹង​ដែរ​ថា កាលពី​ឆ្នាំមុន​មាន​ប្រជាពលរដ្ឋ ក្រីក្រ​ ១ ក្រីក្រ​ ២ ចាស់ជរា និង​ជនពិការ​ជិត ២ ០០០ ​គ្រួសារ​បានទទួល​អង្ករ​ក្នុង​ ១ ​គ្រួសារ ចន្លោះ​ប្រមាណ​ ២០ ​ទៅ​ ៣០ ​គីឡូក្រាម ប៉ុន្តែ​អ្នក​ទាំងអស់​នេះ ក៏​នៅក្នុង​គោលដៅ​ដែល​រដ្ឋាភិបាល​ជួយ​ផងដែរ​។ លោក​ថា នៅ​ឆ្នាំ​ថ្មី​នេះ មិនទាន់​អាច​កំណត់​ដឹងថា​ត្រូវ​ជួយ​ប៉ុន្មាន​​ទេ ព្រោះ​អាចមាន​ពលរដ្ឋ​ក្រីក្រ​ខ្លះ​មិន​ប៉ះពាល់​ខ្លាំង​ទៀត​ទេ​។

លោក​ថា​៖ «​បើ​យកតែ​ក្រីក្រ​ ១ ​ចំនួន​នេះ ប្រហែលជា​ទាបជាង​ទេ យើង​កំពុង​ពិចារណា​មើល​ដែរ​ពីព្រោះ ជួនកាល​កន្លែង​ខ្លះ​ក្រីក្រ ​២ ហាក់ដូចជា​មិនមាន​ផលប៉ះពាល់​ខ្លាំង​ទេ កាល​លើក​មុន​នោះ ១ ​គ្រួសារ​យើង​ផ្តល់​ជា​​អង្គរ​បាន​ប្រហែល​ ៣០ ​គីឡូ អ៊ីចឹង​​បើ​បង្រួម​ចំនួន​អ្នក​ចែក ហើយ​ទិន្នផល​យើង​នៅ​ដដែល យើង​អាច​បង្កើន​គ្រួសារ​បាន​ច្រើន ប៉ុន្តែ​បើ​យើង​ពង្រីក​ចំនួន​អ្នក​ចែក​ច្រើន​គឺ​បាន​ម្នាក់​តិចៗ​ទេ​»​។

លោក ហ្វីណង់ បាន​បន្ថែមថា ក្នុង​ឆ្នាំ​កន្លងទៅ «​គម្រោង​ស្រែ​សង្គម​» ​គឺជា​ច្រកចេញ​មួយ​ដ៏ប្រសើរ ដើម្បី​ជួយ​រំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ​តាមរយៈ​រូបភាព​ចូលរួម​យ៉ាង​ទូលំទូលាយ​ទាំងពី​សំណាក់​ម្ចាស់​ស្រែ សប្បុរសជន យុវជន​ស្ម័គ្រចិត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​​រួម​កម្លាំង រួម​ធនធាន រួមមធ្យោបាយ ដោះស្រាយ​បញ្ហា​រួមគ្នា​។ រាល់​ការចំណាយ​ត្រូវបាន​រ៉ាប់រង​ដោយ​សប្បុរសជន ចំណែកឯ​ទិន្នផល​ដែល​នៅ​សេសសល់​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​ក្នុង​ប្រយោជន៍​មនុស្សធម៌​​ទាំងស្រុង​។

លោក​បាន​រំឭកថា កាលពី​ឆ្នាំ​ ២០២០ ស្មារតី​ចូលរួម​នៃ​គម្រោង​ស្រែ​សង្គម​ផលិត​បាន​​ជា​ស្រូវ​ជាង​ ៨០ ​តោន​សម្រាប់​យកទៅ​បែងចែក​ដល់​អ្នកមាន​​ជីវភាព​ក្រីក្រ​នៅ​ទូទាំង​ស្រុក​បន្ទាយស្រី​។ ប្រសិនបើ​គម្រោង​នេះ ពិតជា​អាច​លេច​រូបរាង​ជា​​ថ្មី​មែន​នៅក្នុង​ឆ្នាំនេះ លោក​សង្ឃឹមថា សប្បុរសជន និង​កម្លាំង​ស្ម័គ្រចិត្ត​ទាំងអស់​នឹង​នៅតែ​បន្ត​ចូលរួម​ជួយ​គាំទ្រ​គម្រោង​នេះ​ជាថ្មីទៀត ដើម្បី​បុព្វហេតុ​ប្រយោជន៍​រួមមួយ​នេះ​។

លោក​ថ្លែងថា​៖ «​រឿង​ក្រុម​ការងារ​អនុវត្ត​គម្រោង យើង​មាន​ហើយ ចំណែក​អ្នក​ជួយ​​ក៏​មិន​ពិបាក​ស្វែងរក​ដែរ ព្រោះ​សប្បុរសជន​ធម្មតា​គាត់​ស្រាក់​គ្នា គ្រឿងចក្រ​ដោយ​គ្រឿងចក្រ ពូជ​ដោយ​ពូជ កម្លាំង​ដោយ​កម្លាំង ថវិកា​ដោយ​ថវិកា​ទៅ ភាគច្រើន​យើង​គួរតែ​ធ្វើបាន ចំណែក​ម្ចាស់​ស្រែ តាមពិត​ខ្ចី​នេះ​​យើង​មិនមែន​ខ្ចី​ទទេ​ទេ គឺ​យើង​ទូទាត់​ជូន​គាត់​» ។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែមករា លោក រឿន សារ័ត្ន អ្នកគ្រប់គ្រង​អង្គការ​សប្បុរសធម៌​កម្ពុជ​កុលបុត្រ​បាន​សម្តែង​ការគាំទ្រ និង​លើក​ទឹកចិត្ត​ឱ្យមាន​ការជួយ​សង្គម​ដូចដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បានធ្វើ​នេះ​។

ទន្ទឹមនឹងនេះ លោក​ក៏​ចង់​​ឃើញ​ការចូលរួម​ក្នុង​ការងារ​សង្គម​បែបនេះ​ឱ្យបាន​កាន់តែច្រើន​នៅ​ទីកន្លែង​ផ្សេងទៀត​។

លោក​ថា នេះ​គឺជា​គម្រោង​ល្អ​មួយ​ដែល​ជួយ​ទៅដល់​កសិករ​ផង និង​បាន​ជួយ​ទៅដល់​អ្នក​ទីទ័លក្រ​ផង​។

លោក​ថ្លែងថា​៖ «​មានន័យថា​យើង​ជួយ​បាន​ទាំង​ ២ គឺ​បាន​ទាំង​ពលរដ្ឋ​ដែលមាន​ដីស្រែ​ទំនេរ គាត់​អត់​មានលទ្ធភាព​ធ្វើ​ដោយ​ខ្វះ​កម្លាំង​ពលកម្ម អ៊ីចឹង​​ទៅ​បាន​ខាង​រដ្ឋបាល​ស្រុក​រៀបចំ​ធ្វើ​អ៊ីចឹងទៅ ដល់​ពេល​ផល​ហ្នឹង​បាន​ទៅ​ម្ចាស់​ស្រែ​បាន​ហូប​ផង ហើយ​ក៏បាន​កម្រៃ យើង​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ហ្នឹង​ផង​» ៕

វីដេអូ៖