កណ្តាលៈ ក្រុម​គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្តកណ្ដាល​បាន​ផ្អាក​សកម្មភាព​អាជីវកម្ម​ជីក​អាចម៍ដី​លក់​ដ៏ធំ​មួយកន្លែង​របស់​ក្រុមហ៊ុន មហារដ្ឋា ត្រេដឌីង បន្ទាប់ពី​រកឃើញថា ក្រុមហ៊ុន​នេះ​បាន​លួច​ធ្វើ​អាជីវកម្ម​ជីកកាយ​អាចម៍ដី លើសពី​ទំហំ និង​បរិមាណ​ដែល​បាន​ស្នើសុំ​នៅក្នុង​អាជ្ញាប័ណ្ណ​ពី​ ១ ​ហិកតា រហូតដល់​ ១៥ ​ហិកតា​។

លោក ណុប ដារ៉ា អភិបាលរង​ខេត្ត​កណ្ដាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២០ ខែមករា​ថា កាលពី​រសៀល​ថ្ងៃទី​ ១៩ ខែមករា លោក​បាន​ដឹកនាំ​ក្រុមការងារ​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្តកណ្ដាល​ចុះ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​អាជីវកម្ម​ជីករណ្ដៅ​ដី​មួយកន្លែង​របស់​ក្រុមហ៊ុន មហារដ្ឋា ត្រេដឌីង នៅ​ចំណុច​អាង​មេទឹក​ប្រមូល​ខ្លា នៅ​ភូមិ​អញ្ច្រែងក្រោម ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្ដាល ហើយ​ក្នុង​ជំហាន​បឋម ក្រុមមន្ត្រី​ជំនាញ​បាន​រកឃើញថា ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ជីកកាយ​អាចម៍ដី​លើសពី​ទំហំ និង​បរិមាណ​ដែល​បាន​ស្នើសុំ​នៅក្នុង​អាជ្ញាប័ណ្ណ ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្តកណ្ដាល​។

លោក​ថា​៖ «​នៅក្នុង​អាជ្ញាប័ណ្ណ​ផ្ទៃដី​ដែល​បានអនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​ជីកកាយ​យក​អាចម៍ដី​នោះ គឺមាន​ទំហំ​ ១ ​ហិកតា ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​អាជីវកម្ម​ជីក​កាយ​ដី​រហូតដល់​ ១៥ ​ហិកតា ហើយ​អាជ្ញាប័ណ្ណ​នោះ​ទៀតសោត គឺ​បាន​ផុត​សុពលភាព​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ ​មក​ម្ល៉េះ​»​។ ក្រោយពី​ពិនិត្យឃើញ​មិនមាន​ភាពអនុលោម​តាមច្បាប់​ក្រុមការងារ​ក៏បាន​សម្រេច​ផ្អាក​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជា​បណ្ដោះអាសន្ន ដើម្បីឱ្យ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។

បើតាម​លោក​ ដារ៉ា គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ ២ ​គ្រឿង និង​រថយន្ត​ដឹក​ដី​ ៨ ​គ្រឿង ដែល​បម្រើឱ្យ​ការងារ​អាជីវកម្ម​ជីកកាយ​ និង​ដឹកជញ្ជូន​អាចម៍ដី ដែល​រំលោភ​លើ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ត្រូវបាន​ក្រុមការងារ​ចាប់​រឹបអូស​យកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​។

ទន្ទឹមនឹងនេះ​លោក​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​មហារដ្ឋា ត្រេដឌីង ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នានា​មក​បង្ហាញជូន​ក្រុម​ការងារ​ចម្រុះ​ដោយ​មិនឱ្យ​ហួស​រយៈពេល​ ១៥​ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ចុះ​ពិនិត្យ​នេះ​តទៅ​។

លោក ដារ៉ា បានឱ្យដឹង​ទៀតថា ក្រុម​ពាណិជ្ជករ​មួយចំនួន​ដែល​ប្រកប​មុខរបរ​លើ​វិស័យ​ជីក​ដឹកជញ្ជូន​អាចម៍​ដី​នេះ​បាន​លួច​បន្លំ​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់ ដោយមាន​ការគប់គិត​ពី​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ដែល​ការណ៍​នេះ​បាន​ធ្វើឱ្យ​បាត់បង់​ចំណូល​សួយ​សារ​ជូន​រដ្ឋ​រាប់ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​មាន​មន្ត្រី​ដៃ​រហ័ស​ខ្លះ​បាន​លួច​គប់គិត​ជាមួយ​ពាណិជ្ជករ​មួយចំនួន ក្នុង​វិស័យ​ជីកកាយ​រណ្ដៅ​ដី ដោយ​គ្មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ ដែល​ចេញ​ដោយ​សមត្ថកិច្ច​ជំនាញ ហើយ​ករណីនេះ​យើង​ត្រូវ​ទទួលស្គាល់​ការពិត ហេតុដូច្នេះ​ទើប​បច្ចុប្បន្ន ក្រុមការងារ​យើង​បាន​ពង្រឹង​ការចុះ​ស្រាវជ្រាវ និង​បង្ក្រាប​លើ​ករណីនេះ ដើម្បី​ប្រមូល​សួយសារ​ជូន​រដ្ឋ​»​។

កាលពី​ម្សិលមិញ ភ្នំពេញ-ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​រណ្ដៅដី មហារដ្ឋា ត្រេដឌីង ដើម្បី​ស្នើសុំ​ការពន្យល់​ជុំវិញ​ករណីនេះ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

យ៉ាងណា​ក៏ដោយ លោក ជា សារិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កណ្ដាល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាប័ណ្ណ ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​រដ្ឋបាលខេត្ត​កណ្ដាល​សម្រាប់ធ្វើ​អាជីវកម្ម​ជីក​កាយ​រណ្ដៅ​ដី​នៅ​ចំណុច​អាង​មេទឹក​ប្រមូល​ខ្លា ក្នុង​ឃុំ​ពុកឫស្សី គឺមាន​ផ្ទៃដី​ ១ ​ហិកតា តែ​ក្រុមហ៊ុន​បាន​ជីក​កាយ​រហូតដល់​ ១៥ ​ហិកតា​។

លោក​ សារិទ្ធ មានប្រសាសន៍ថា​៖ «​កន្លងមក មន្ត្រី​ជំនាញ​យើង ផាកពិន័យ​គិត​ជា​ប្រាក់​ ១ ​ដុល្លារ ក្នុង​ ១ ​ម៉ែត្រគុប​ដី ចំពោះ​អ្នក​ធ្វី​អាជីវកម្ម​ធនធាន​រ៉ែ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ដែល​ចេញ​ដោយ​សមត្ថកិច្ច​ជំនាញ​។ ប៉ុន្តែ​សម្រាប់​ករណីនេះ ក្រុមការងារ​គណៈកម្មការ​ចម្រុះ​ខេត្ត​បាន​សម្រេច​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​ទៅលើ​ម្ចាស់​ហ៊ុន​អាជីវកម្ម​រណ្ដៅ​ដី មហារដ្ឋា ត្រេដឌីង តាម​មាត្រា​ ៣៥ ​ថ្មី​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​»​។

យោង​មាត្រា ​៣៥ ​ថ្មី​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​រណ្ដៅ​ដី មហារដ្ឋា ត្រេដឌីង​នឹងត្រូវ​ផាកពិន័យ​ជា​ប្រាក់​ដោយ​ក្រសួង​ទទួលបន្ទុក​វិស័យ​រ៉ែ​ចំនួន​ស្មើនឹង​ ២​ ដង​នៃ​តម្លៃ ប៉ាន់ស្មាន​លើ​ផលិតផល​រ៉ែ តាមរយៈ​ពេល​ដែល​ផល​រ៉ែ​ត្រូវបាន​ជីក​យក​ដោយ​ផ្អែកលើ​ទំហំ​ឧបករណ៍ គ្រឿងចក្រ​មក​ផលិតកម្ម​ប្រើប្រាស់ និង​បរិមាណ​រ៉ែ​ដែលមាន​ក្នុង​ទីតាំង​នោះ ឬ​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ ១,៥ ​លាន​រៀល​ក្នុង​ ១ ​ថ្ងៃ​ដោយ​គិត​ចាប់​ពីថ្ងៃ​ដែល​បុគ្គល​នោះ​ប្រព្រឹត្ត​ខុស​រហូតដល់​ថ្ងៃ​ដែល​សកម្មភាព​ប្រតិបត្តិការ​ជីក​យក​រ៉ែ​នោះ​ត្រូវបាន​បញ្ឈប់​។

បើតាម​ច្បាប់​នេះ ម្ចាស់​ក្រុមហ៊ុន​នេះ​ក៏​នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ ទៅ ​៥ ​ឆ្នាំ​ផងដែរ ក្នុងករណី​រកឃើញថា ក្រុមហ៊ុន​នេះ នៅតែ​បន្ត​លួចលាក់​ធ្វើ​សកម្មភាព​បំពាន​នឹង​បម្រាម​របស់​សមត្ថកិច្ច​ជំនាញ​៕