ភ្នំពេញៈ ក្នុង​រយៈពេល​ ១៩ ​ថ្ងៃ​នៃ​ខែមករា ឆ្នាំ​ ២០២២ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) ក្រសួង​ពាណិជ្ជកម្ម​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​១០៣ មិនមាន​ភាពអនុលោម​ផ្នែក​គុណភាព (​សន្ទស្សន៍​អុកតាន​) បរិមាណ និង​តម្លៃ​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែមករា​ថា ដើម្បី​ជំរុញ​ផ្នែក​ធុរកិច្ច​លើ​វិស័យ​ប្រេងឥន្ធនៈ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សុចរិត និង​មានការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​នោះ មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន ក.ប.ប បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​រាជធានី-ខេត្ត​បាន​ចំនួន ២៤០ ​ស្ថានីយ និង​ដេប៉ូ ហើយ​បាន​រកឃើញ​ស្ថានីយ​និង​ដេប៉ូ​ចំនួន ១០៣ ​ទីតាំង មិនមាន​ភាព​អនុលោម​ផ្នែក​គុណភាព (​សន្ទស្សន៍​អុកតាន) បរិមាណ និង​តម្លៃ​។

លោក​ថ្លែងថា​៖ «​ក្នុងចំណោម ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ ទាំង​ ១០៣ ​ទីតាំង​ដែល​ក្រុមការងារ​យើង​បាន​រកឃើញ មិនមាន​ភាពអនុលោម​ផ្នែក​គុណភាព (​សន្ទស្សន៍​អុកតាន​) បរិមាណ និង​តម្លៃ​នោះ​មាន​មួយចំនួន​ត្រូវបាន​ក្រុម​ការងារ​យើង ធ្វើការ​ផាកពិន័យ​អន្តរការណ៍ និង​មួយចំនួន​ទៀត​ត្រូវបាន​ព្រមាន​ឱ្យធ្វើ​កិច្ចសន្យា បញ្ឈប់​ជាបន្ទាន់​ចំពោះ​អំពើ​មិន​សុចរិត​»​។

បើតាម​លោក ផាន អូន យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​រាជធានី-ខេត្ត ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ចំពោះ​ការធ្វើ​ធុរកិច្ច​លើ​វិស័យ​ប្រេងឥន្ធនៈ​ ដើម្បី​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សុចរិត និង​មាន​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​នេះ បាន​ចាប់ផ្ដើម​កាលពី​ខែកក្កដា ឆ្នាំ​ ២០២១​។ លោក​បាន​បន្តថា ក្នុង​រយៈពេល ​៦ ​ខែ នៃ​ឆ្នាំ​ ២០២១ ​ក្រុមមន្ត្រី​ជំនាញ​សាខា ក.ប.ប រាជធានី​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន ១ ៩៨០ ​ទីតាំង ហើយ​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ៨៧៦ ​ទីតាំង មិនមាន​ភាពអនុលោម​ផ្នែក​គុណភាព​ (​សន្ទស្សន៍​អុកតាន​) បរិមាណ និង​តម្លៃ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​ដេប៉ូ​ស្ថានីយ​ប្រេង​ឥន្ធនៈ ៨៧៦ ​ទីតាំង​នោះ មាន ៧ ​ទីតាំង​ត្រូវបាន​មន្ត្រី​យើង​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ ៥៦ ​ទីតាំង ត្រូវបាន​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់​ចំពោះ​អំពើ​មិន​សុចរិត​»​។

​លោក​បន្តថា ក្រៅពីនោះ​ត្រូវ​ពិន័យ​អន្តរការណ៍​ទៅតាម​ប្រភេទ និង​ទំហំ​នៃ​បទល្មើស​នីមួយៗ​ដែល​គិត​ជា​សាច់ប្រាក់​សរុប​មាន​ប្រមាណ ១ ៨០០​ លាន​រៀល​។

ទន្ទឹមនឹងនេះ លោក ផាន អូន បាន​អំពាវនាវ​ដល់​ធុរជន​ក្នុង​វិស័យ​ប្រេងឥន្ធនៈ និង​វិស័យ​ម្ហូបអាហារ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​អំពើ​មិន​សុចរិត និង​ការលក់​ផលិតផល​មិនមាន​សុវត្ថិភាព​ផ្សេងៗ​ដែល​ឈានដល់​ការបាត់បង់​ផលប្រយោជន៍ និង​សុខភាព​របស់​អ្នកប្រើប្រាស់​។

លោក​បាន​បន្ថែមថា ក្រុមមន្ត្រី​ជំនាញ ក.ប.ប នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​គ្រប់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​នៅ​ទូទាំង​ប្រទេស​ដោយ​អនុវត្ត​ទៅតាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​ ដើម្បី​ទប់ស្កាត់​ឱ្យបាន​នូវ​ការធ្វើ​អាជីវកម្ម​ដែល​មិន​ស្មោះត្រង់ ដោយ​ធ្វើការ​កឹបកេង​យក​ផលចំណេញ​ពី​ប្រជាពលរដ្ឋ ដែល​ជា​អ្នកប្រើប្រាស់​៕