
គ្រូពេទ្យមកទទួលជនបរទេសម្នាក់ទៅព្យាបាល បន្ទាប់ពីរកឃើញឆ្លងមេរោគបំប្លែងថ្មីអូមីក្រុងនៅសង្កាត់ផ្សារដើមថ្កូវ។ រូបថត ហ្វេសប៊ុក
ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀត ជាង ៤០ នាក់ ដែលជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់ និងមានអ្នកជាសះស្បើយបន្ថែមជិត ២០ នាក់ផងដែរ ប៉ុន្តែមិនមានអ្នកស្លាប់នោះឡើយ ក្នុងរយៈពេល ១៧ ថ្ងៃកន្លងមកនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ បានបញ្ជាក់ថា មនុស្សចំនួន ៤២ នាក់ទៀត មានឆ្លងវីរុសកូវីដ ១៩ និងមានអ្នកជាសះស្បើយចំនួន ១៨ នាក់។ ការរកឃើញនេះមានករណីឆ្លងសហគមន៍ចំនួន ៣០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១២០ ៩៥៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៧ ១៨០ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០១៥ នាក់៕