ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ស្វាយរៀង បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អង្គការ USAID របស់​សហរដ្ឋអាមេរិក ដែល​កន្លងមក បាន​ចូលរួម​ជួយ​គាំទ្រ​លើ​ការ​អនុវត្ត​គម្រោង​លើក​កម្ពស់​អនាម័យ​ជនបទ និង​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​គម្រោង​ប្រតិបត្តិ​របស់​អង្គការ​នេះ ទាក់​ទង​នឹង​ការងារ​អប់រំ ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នា​ពេល​ខាងមុខ។

ការជួយ​របស់ USAID គឺជា​ផ្នែក​មួយ​រួម​ចំណែក​ជាមួយ​សមាសភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត ធ្វើ​ឱ្យ​ខេត្ត​ស្វាយរៀង សម្រេច​បាន​ជា​ខេត្ត​ទី១ គំរូ ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​បញ្ឈប់​បន្ទោរបង់​ពាសវាលពាសកាល ។ នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​ស្វាយរៀង។

លោក ម៉ែន វិបុល បាន​ថ្លែង​បែប​នេះ ក្នុង​ពេល​ដែល​លោក​បាន​អនុញ្ញាត​ឱ្យ​លោកស្រី ណែនស៊ី ជែ អ៊ីសលិក (Nancy J. Eslick) នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​អំពី​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា នៅ​ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​រំដួល អគារ ក សាលា​ខេត្ត​ស្វាយរៀង។

ក្រៅពី​បាន​ជម្រាប​ជូន​ខ្លះៗ​អំពី​ស្ថានភាព​ភូមិសាស្ត្រ ការ​អភិវឌ្ឍ​ខេត្ត ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ក៏​ដូចជា ការងារ​ធានា​នូវ​ប្រក្រតីភាព​ជីវភាព​សង្គម​នៅ​ក្នុង​បរិបទ​កូវីដ ក្នុង​នាម​អាជ្ញាធរ​ខេត្ត ស្វាយរៀង លោក​ ម៉ែន វិបុល ក៏​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​គម្រោង​ប្រតិបត្តិ​ដែល USAID គ្រោង​អនុវត្ត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង នា​ពេល​ខាង​មុខ លើ​ការងារ​សុខភាព និង អនាម័យ​ជនបទ ការងារ​អប់រំ ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជាដើម ដែល​សុទ្ធសឹង​ជា​ការងារ​គាំទ្រ​ដល់​ការ​លើក​កម្ពស់​គុណភាព​ជីវិត និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

បន្ថែមពីនេះ លោក​អភិបាល​ខេត្ត បាន​ស្នើ​ដល់ USAID ពិនិត្យ​លទ្ធភាព​ជួយ​គាំទ្រ​លើ​ការងារ​សុខាភិបាល និង​ការងារ​អភិវឌ្ឍន៍ សមត្ថភាព​ដល់​មន្ត្រី​រាជការ​នៅ​ថ្នាក់​ក្រុង ស្រុក ក៏​ដូចជា ថ្នាក់​ឃុំ សង្កាត់ ដែល​ជា​តម្រូវការ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​អនុវត្ត កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត៕