The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខែមីនា ក្នុង​ខេត្ត​កំពង់ធំ

មន្ត្រី​កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខែមីនា ក្នុង​ខេត្ត​កំពង់ធំ

Content image - Phnom Penh Post
រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុង ថ្លែងនាពេលកន្លងទៅ។ រូបថត ក្រសួងទេសចរណ៍

មន្ត្រី​កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខែមីនា ក្នុង​ខេត្ត​កំពង់ធំ

កំពង់ធំៈ ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៧​ នឹង​រៀបចំឡើង​នៅលើ​ទឹកដី​ខេត្ដ​កំពង់ធំ​ក្នុង​ខែមីនា ឆ្នាំ​ ២០២២ ក្រោយពី​បាន​ធ្លាប់​លើក​ពេល​ម្ដង​រួចហើយ​កាលពី​ឆ្នាំ​ ២០២១ ដោយសារ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នាពេលនោះ​។ នេះ​បើតាម​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ដ​កំពង់ធំ ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​កាលពី​ថ្ងៃទី​ ២០ មករា ម្សិលមិញ​។

លោក សេង អាន បាន​ឱ្យ​ដឹងថា តាម​គោលការណ៍​របស់​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុង បានប្រកាស​កាលពី​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ គឺ​លោក​បានប្រកាសថា​នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ដ​កំពង់ធំ ដោយ​មិន​មាន​ការលើក​ពេល​ទៀតឡើយ​។ កាលពី​បញ្ចប់​កិច្ចប្រជុំ​នាពេលនោះ​លោក​រដ្ឋមន្ដ្រី​ក៏បាន​ចុះ​ពិនិត្យមើល​ទីតាំង​ជាបឋម​នៅតាម​តំបន់​មាត់​ស្ទឹងសែន​ដែលជា​កន្លែង​រៀបចំ​ពិធី​នេះ​ជាមួយ​លោក ងួន រតនៈ អភិបាលខេត្ដ​កំពង់ធំ​ផងដែរ​។

លោក​ថ្លែងថា​៖ «​បើតាម​ខ្ញុំ​ដឹង​តាមរយៈ​ការប្រកាស​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី គឺ​នឹង​មិនមាន​ការលើក​ពេល​ទៀត​ទេ​»​។

លោក អាន បាន​ឱ្យ​ដឹងថា ក្រោយពី​លោក ថោង ខុន បានប្រកាស​ឱ្យ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១​ រដ្ឋបាល​ខេត្ដ​កំពង់ធំ​បានចេញ​សេចក្ដីសម្រេច​មួយ​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ដើម្បី​ទទួលខុសត្រូវ​ទៅតាម​ផ្នែក​នីមួយៗ ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​ពិធីបុណ្យ​នេះ​។

លោក​ថ្លែងថា គណៈកម្មការ និង​អនុគណៈកម្មការ​ក៏បាន​ប្រជុំគ្នា​ម្ដង​រួចហើយ​ថា តើ​ខេត្ដ​ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​ទន្លេ​នេះ​ត្រូវ​រៀបចំ​យ៉ាងម៉េច​? ក្នុងពេល​ថ្មីៗ​នេះ អនុគណៈកម្មការ​ជំនាញ​នីមួយៗ​ក៏បាន​ប្រជុំ​ជា​​បន្តបន្ទាប់​ទៀត​ក្នុង​ការរៀបចំ​​ចាត់តាំង​ក្រុមការងារ​ទៅតាម​ផ្នែក​នីមួយៗ​ឱ្យបាន​ច្បាស់លាស់​។

កាលពី​ថ្ងៃទី​ ១៩ ខែមករា លោក ញ៉ឹក បានខេង អភិបាលរង​ខេត្តកំពង់ធំ​ក៏បាន​ចុះ​ពិនិត្យមើល​ទីតាំង ដើម្បី​កំណត់ថា តើ​ទីតាំង​កន្លែង​ណា​ត្រូវ​រៀបចំ​វេទិកា ទីតាំង​ណា​ត្រូវ​រៀបចំ​ដាក់​កន្លែង​តាំងពិព័រណ៍​ជាដើម​នៅលើ​ទីតាំង​តាម​បណ្ដោយ​មាត់​ស្ទឹងសែន​ទាំងសងខាង​។

លោក​ថ្លែងថា​៖ «​គាត់​បានធ្វើ​ផែនការ ដើម្បី​ធ្វើជា​គំនូស​ប្លង់ សម្រាប់​ត្រៀមលក្ខណៈ​ក្នុង​ការតុបតែង​យ៉ាងម៉េចៗ​»​។ លោក សេង អាន​បញ្ជាក់​។

លោក ញ៉ឹក បានខេង បានបញ្ជាក់​កាលពី​ថ្ងៃទី​ ១៩ ខែមករា​នៅពេល​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​នេះ​ថា​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ខេត្តកំពង់ធំ ប្រារព្ធ​កម្មវិធី​បុណ្យ​ទន្លេ ដែល​នេះ​ជា​ឱកាស​សម្រាប់​ខេត្ត​ក្នុង​ការបង្ហាញ​សមិទ្ធផល និង​ការអភិវឌ្ឍ​ផ្សេងៗ​ទៅកាន់​សាធារណជន​។

លោក​ថ្លែងថា ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំណើន​ទេសចរ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ម្ចាស់ផ្ទះ ពិសេស​បំផុសស្មារតី​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ក្នុង​ក្របខ័ណ្ឌ​ជាតិ និង «​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​»​។

លោក​បានឱ្យដឹងថា ទីតាំង​ដែល​នឹងត្រូវ​រៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ គឺ​នឹងធ្វើ​នៅលើ​សួនស្ទឹងសែន​តាម​បណ្ដោយ​មាត់ស្ទឹងសែន ដែល​ទីនេះ​ស្ថិតនៅ​ស្ទើរ​ចំ​កណ្តាល​ប្រទេស​កម្ពុជា ដែល​ជា​ទីតាំង​បេះដូង​សេដ្ឋកិច្ច​សំខាន់​នៃ​ខេត្តកំពង់ធំ​។

លោក​បញ្ជាក់ថា កម្មវិធី​បុណ្យ​ទន្លេ គឺជា​កម្មវិធី​ដ៏ធំ​ដែល​ប្រារព្ធ​ធ្វើឡើង​លើកដំបូង​នៅ​ខេត្តក្រចេះ​កាលពី​ឆ្នាំ​ ២០១៥ លើក​ទី​ ២ ធ្វើឡើង​នៅ​ខេត្តកំពង់ចាម (​រាប់ទាំង​ខេត្ត​ត្បូងឃ្មុំ​) លើក​ទី ​៣ ធ្វើឡើង​នៅ​ខេត្តស្ទឹងត្រែង លើក​ទី​ ៤ ធ្វើឡើង​នៅ​ខេត្តកណ្ដាល និង​លើក​ទី​ ៥ ធ្វើ​នៅក្នុង​ខេត្ដ​កំពង់ឆ្នាំង​លើ​ទី​ ៦ នៅ​ខេត្ដ​បាត់ដំបង និង​លើក​ទី​ ៧ នៅ​ខេត្ត​កំពង់ធំ​នេះ​។

លោក​ បានខេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យចូល​រួមសហការ​ជាមួយ​អាជ្ញាធរ ជាពិសេស​ចូលរួម​ក្នុង​សកម្មភាព​លាបថ្នាំ​ពណ៌​នៅតាម​ផ្ទះ និង​រក្សា​សណ្តាប់ធ្នាប់​គ្រប់​ដងផ្លូវ​ក្នុង​ក្រុង​ស្ទឹងសែន​ដែលជា​ទីតាំង​សម្រាប់​ប្រារព្ធ​កម្មវិធី​នេះ​។

ពិធីបុណ្យ​ទន្លេ​លើក​ទី​ ៧ ធ្លាប់ គ្រោង​រៀបចំ​នៅ​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​ ២០២១ ​ប៉ុន្ដែ​ត្រូវបាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ ២០២២ វិញ ដោយសារ​ការបារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ-១៩ នៅក្នុង​សហគមន៍​។

តាំងពី​ឆ្នាំ​ ២០១៥ មក​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​បានចាប់ផ្ដើម​រៀបចំ​ពិធីបុណ្យ​ទន្លេ ដើម្បី​ជំរុញ​កំណើន​ទេសចរ​តាម​ដងទន្លេ​កម្ពុជា​ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ឧត្តមភាព ព្រោះ​ពិធីបុណ្យ​នេះ​មានការ​ផ្សព្វផ្សាយ​ពី​ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​តាម​ដង​ទន្លេ រួមទាំង​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។

ខេត្តកំពង់ធំ​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន ៤ រួមមាន តំបន់​ប្រាសាទ​សំបូរព្រៃគុក​ស្ថិតនៅ​បណ្តោយ​ស្ទឹងសែន​ក្នុង​ភូមិ-ឃុំ-ស្រុក​សំបូរ​ចម្ងាយ ២៨ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទី​រួម​ខេត្ត​។ តំបន់​ប្រាសាទ​គុក​នគរ​នៅ​ភូមិ​ត្រដក់ពង ឃុំ​ពង្រ ស្រុក​តាំងគោក មាន​ចម្ងាយ ៨៦ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ តំបន់ភ្នំ​សន្ទុក ស្ថិតនៅ​ភូមិ-ឃុំ​កកោះ ស្រុក​សន្ទុក​មាន​ចម្ងាយ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​តំបន់​រមណីយដ្ឋាន​បឹងសំរឹទ្ធ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • កោះកុងៈ កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS)​។

  • ភ្នំពេញៈ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​មន្ត្រី​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

  • ភ្នំពេញ: ក្នុង​ចំណោម​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​សិល្បៈ​ចម្អិន​ម្ហូបអាហារ ការ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន​ភព​ផែន​ដី និង​បង្កប់​រឿង​រ៉ាវ​ប្រពៃណី​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​អេស្ប៉ាញ ប៉េរូ​សហរដ្ឋអាមេរិក​ ថៃ ដាណឺម៉ាក​ នូវែលសេឡង់ ចិន ជប៉ុន អ៊ីតាលី និង​ម៉ិកស៊ិក អាហារ​នៅ​​ផ្ទះ​ប្រពៃណី​បុរាណ​មួយ​​​តាម​ដង​ទន្លេ​មេគង្គ

  • ភ្នំពេញៈ ទាំង​អ្នកនយោបាយ អ្នកវិភាគ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចាត់ទុក​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រយៈពេល ៣ ​ថ្ងៃ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ថា មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះ

  • ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ដល់​ នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ​។

  • បន្ទាយមានជ័យៈ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ជាពិសេស​ពលករ​ខ្មែរ​ពី ​៤០០ ទៅ​ ៥០០​ នាក់​បាន​ទៅ​ស្នើសុំ​ធ្វើ​បណ្ណ​ឆ្លងដែន ដើម្បី​បាន​ចូលទៅ​ធ្វើការ ឬ​លក់ដូរ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ទាំង​ ២​ បាន​ឯកភាព​គ្នា​បើក​ច្រកព្រំដែន​ឡើងវិញ កាលពី​ថ្ងៃទី​ ១ ខែឧសភា ក្នុង​កម្រិត​ថ្នាក់​តំបន់​។