ពោធិ៍សាត់ៈ លោក ជាវ តាយ អភិបាល​នៃ​គណៈអភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ២០២២ បាន​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដូស​ជំរុញ (ទី៤) ប្រភេទ MODERNA ជូន​មន្ត្រី​រាជការ​ជួរ​មុខ​ចំនួន១ ៤៩៦នាក់ ស្មើ​នឹង​ ៣០​មន្ទីរ អង្គភាព ក្នុង​ខេត្ត​ពោធិ៍សាត់។

បើ​តាម​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក្នុង​ឱកាស​នោះ លោក ជាវ តាយ បាន​មាន​ប្រសាសន៍​ថា ការ​ចាក់​វ៉ាក់សាំង ដូស​ជំរុញ (ទី៤) នេះ គឺជា​ចំណុច​សំខាន់​និង​ជា​ការ​បន្ស៉ាំ​ខ្លួន ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី ប្រភេទ​ថ្មី​អូមីក្រុង ដែល​កំពុង​ឆ្លង​រាលដាល​សព្វថ្ងៃ។

លោក​បាន​បន្ត​ថា៖ «រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា សម្តេច​បាន​គិតគូរ​ខ្ពស់​អំពី​សុខ​ទុក្ខ ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ​ជួរមុខ ដែល​បម្រើ​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​កង​កម្លាំង​ប្រដាប់​អាវុធ ក្រុម​គ្រូពេទ្យ និង​មន្ត្រី​សាធារណៈ ធ្វើ​យ៉ាង​ណា​ឱ្យ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ឱ្យ​បាន​លឿន​និង​ឆាប់​រហ័ស​បំផុត»។

ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងអស់ ត្រូវ​នាំ​គ្នា​មក​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ (ទី៣ និងទី៤) ឱ្យ​បាន​គ្រប់ៗ​គ្នា ស្រប​តាម​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដែល​បាន​ស្វែង​រក​វ៉ាក់សាំង មក​ចាក់​ជូន​បងប្អូន​ទូទាំង​ប្រទេស​នា​ពេល​នេះ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ មន្ត្រី​ជួរមុខ ដែល​ត្រូវ​មក​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ (ទី៤) នា​ថ្ងៃទី​២០ ខែមករា មាន​ចំនួន១ ៤៩៦នាក់ ស្មើ​នឹង​ ៣០​មន្ទីរ អង្គភាព។

ការ​ជំរុញ​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រី​ជួរ​មុខ​នេះ​ឡើង គឺ​ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល ក៏​ដូចជា ការ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ក្រោយ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី ប្រភេទ អូមីក្រុង ដែល​កំពុង​វាយ​លុក​សព្វថ្ងៃ។

ចំពោះ​មន្ត្រី​រាជការ ដែល​អាច​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ (ទី៤) បាន គឺ​ត្រូវ​មាន​គម្លាត​រយៈពេល​យ៉ាង​តិច ៤​ខែ គិត​ពី​ថ្ងៃ​ចាក់​ដូស​ទី៣ និង​សូម​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង៕