កណ្តាលៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ធ្វើ​ការ​រាយការណ៍​តាម​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) បន្ត​ទៀត នៅ​ពេល​ឃើញ​ផ្លូវ​ខូច ដើម្បី​ធ្វើ​ការ​ជួសជុល​ឱ្យ​ទាន់​ពេល​វេលា សោភណ្ឌភាព​ផ្លូវ និង​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ។

ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២១ ខែ​មករា ឆ្នាំ ២០២១ នេះ ក្រោយ​ពេល​ដែល​ផ្លូវ​ដែល​មាន​សភាព​ខូចខាត ត្រូវ​បាន​ជួសជុល​រួចរាល់​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល តាម​រយៈរបាយការណ៍​របស់ប​ងប្អូន​ប្រជាពលរដ្ឋ​ កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២២ លើ​ផ្លូវ​ជាតិ​លេខ១ គីឡូម៉ែត្រ​លេខ ៤៥+១៥០ ដែល​ស្ថិត​ក្នុង​ឃុំ​សំរោងធំ ស្រុក កៀនស្វាយ ខេត្ត​កណ្ដាល។

ក្រសួង​បាន​បញ្ជាក់​ថា៖ «ជង្ហុក​សម្បុក​មាន់​ក៏​ជា​មូលហេតុ​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ផងដែរ។ ការ​រាយការណ៍​ពី​បញ្ហា​ផ្លូវ​ថ្នល់​មក​កាន់​ក្រុម​ការងារ​មាន​សមត្ថកិច្ច​ក្នុង​ការ​ជួសជុល​ផ្លូវ ជា​ការ​ចូលរួម​ដ៏​ប្រសើរ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូចជា​ថែ​រក្សា​ផ្លូវ​ថ្នល់​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ»។

ក្រសួង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថា សូម​ចូលរួម​ជាមួយ​ក្រសួង​ក្នុង​ការ​រាយការណ៍​ផ្លូវ​ដែល​ត្រូវ​ការ​ជួសជុល និង​ថែទាំ​តាម​រយៈកម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​ផ្លូវ​ថ្នល់​ស្អាត។ សាធារណជន​អាច​ទាញ​យក​កម្មវិធី​ថែទាំ​ផ្លូ វ(ROAD CARE Mobile App) ពី App Store: https://roadcare.mpwt.gov.kh/ios និង Play Store: https://roadcare.mpwt.gov.kh/android ៕