
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ហុង មិនា
មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួនជាង ៦ លានដុល្លារអាមេរិក និងជាង ៥៦ ៣៥១លានរៀល ដោយរួមបញ្ចូលទាំងថវិកាបរិច្ចាគចំនួនជាង ១ លានដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមទីតាំងសំខាន់ៗ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួល និងផ្ទេរជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ ២០២១ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ឆ្នាំ ២០២១ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦ ៣១៨ ៤៦៥ ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានបន្តថា ថវិកាដែលមូលនិធិទទួលបាននេះរួមបញ្ចូលទាំងថវិកាបរិច្ចាគចំនួន ១ ៤៧៤ ៥៥៨ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមទីតាំងសំខាន់ៗ។
ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកា ចំនួន ៤ ៥២១ ៦៣០ ដុល្លារអាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាថា៖ «មូលនិធិគន្ធបុប្ផាកម្ពុជាក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិក ដែលរួមមាន សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ លានរៀលឬ ៥ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬសមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០រៀល ក្នុងមួយខែឬ ៦ ម៉ឺនរៀលក្នុងមួយឆ្នាំដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី ខ្មែរជួយខ្មែរ»។
គួររំឭកថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំងក្នុងប្រទេសកម្ពុជាតាមរយៈការចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស៕