មណ្ឌល​គី​រីៈ ប្រជាពលរដ្ឋ​ចំនួន ​៤៧ ​គ្រួសារ រស់នៅ​ភូមិ​ស្រែ​ខ្ទង់ ខេត្តមណ្ឌលគិរី នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខនេះ​តទៅ ក្រោយពី​សហគមន៍​សម្រេច​ដក​ថវិកា​មូលនិធិ​យកទៅ​ប្រើប្រាស់ ដើម្បី​បញ្ចប់​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សហគមន៍​។ នេះ​បើ​យោងតាម​គម្រោង​រេ​ដ​បូក​កែវ​សីមា​(Keo Seima REDD+ Project)

​គម្រោង​រេ​ដ​បូក​កែវ​សីមា​បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​ដែល​សម្របសម្រួល​ដោយ​ក្រុមការងារ​គម្រោង​រេ​ដ​បូក​កែវ​សីមា​កាលពី​សប្តាហ៍​កន្លងទៅ សហគមន៍​ភូមិ​ស្រែ​ខ្ទង់ បាន​ឯកភាព​សម្រេច​ស្នើសុំ​ដក​ថវិកា​ចំនួន​ ៨ ០០០ ​ដុល្លារ ពី​មូលនិធិ​បែងចែក​ផលប្រយោជន៍​នៃ​គម្រោង​រេ​ដ​បូក​កែវ​សីមា ដែល​ភូមិ​ពួកគាត់​ទទួលបាន ដើម្បី​យកទៅ​ចំណាយ​បញ្ចប់​ការងារ​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​សហគមន៍​។ ការសាងសង់​នេះ​បានចាប់ផ្តើម​កាលពី​ប្រមាណ​ជា​ពីរ ឬ​បី​ឆ្នាំមុន ប៉ុន្តែ​វា​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​ទេ ដោយសារ​ជួបប្រទះ​ការខ្វះខាត​ថវិកា​។

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នោះ រួមមាន​៖ អណ្តូង​ខួង​មួយ ដែល​បាន​សាងសង់​កាលពី​ឆ្នាំ ២០១៤, ធុង​ស្តុក​ទឹក​ចំនួន​២ ចំណុះ​សរុប ១០០០០​លីត្រ និង​ជើងទ្រ​ធុង​ស្តុក​ទឹក​ធ្វើ​ពី​ឈើ ដែល​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ ២០១៩ ដោយ​ប្រើប្រាស់​ថវិកា​របស់​មូល​និ​ធិ​បែងចែក​ផលប្រយោជន៍​នៃ​គម្រោង​រេ​ដ​បូក​កែវ​សីមា​។

​ថវិកា​នោះ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​ទិញ​ប្រព័ន្ធ​សូ​ឡា​, ម៉ាស៊ីនបូមទឹក​សម្រាប់​បូម​ពី​អណ្តូង​ទៅ​ស្តុក​ទុក​ក្នុង​ធុង​ស្តុក​, ទុយោ​ជ័រ​សម្រាប់​ត​ភ្ជាប់​បណ្តាញ​ចូល​តាម​ផ្ទះ និង​សាងសង់​ជើង​ទម្រ​ថ្មី​ធ្វើ​ពី​បេតុង​។​

​នាពេល​ថ្មីៗ​កន្លងទៅនេះ សិស្សសាលា​បឋមសិក្សា​ពូ​ជូរ ចំនួន ១៧៣​នាក់​ក៏បាន​ទទួល​សម្ភារ​សិក្សា​មួយចំនួន​ពី​គម្រោង​រេ​ដ​បូក​កែវ​សីមា ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ពួកគេ ក្នុង​បវេសនកាល​ឆ្នាំ ២០២១ - ២០២២ នេះ​។ សម្ភារ​សិក្សា​ទាំងនោះ រួមមាន កា​តាប សៀវភៅសរសេរ ប៊ិក ខ្មៅ​ដៃ បន្ទាត់ ប្រដាប់​ខួង​ខ្មៅ​ដៃ និង​ជ័រលុប​ជាដើម​។ ការចែក​សម្ភារ​សិក្សា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការអភិវឌ្ឍន៍​សហ​គម​ន៍​ភូមិ​អណ្តូង​ក្រឡឹង និង​គាំទ្រ​ដោយ​មូលនិធិ​បែងចែក​ផលប្រយោជន៍​ក្រោម​គម្រោង​រេ​ដ​បូក​កែវ​សីមា ដែល​អនុវត្ត​ដោយ​អង្គការ WCS សហការ​ជាមួយ​ក្រសួងបរិស្ថាន​៕