
កិច្ចប្រជុំ របស់មន្ត្រី សាលា ខេត្តកណ្តាលនៅថ្ងៃទី២០មករា។ រូបថត រដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវបន្តខិតខំបញ្ចេញស្នាដៃរបស់ខ្លួន លើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយត្រូវរៀបចំផែនការថ្មី ដើម្បីអនុវត្តឱ្យបានទទួលលទ្ធផលពិតប្រាកដ សំដៅធ្វើឱ្យខេត្តកណ្ដាលទាំងមូលទទួលបានជោគជ័យលើការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹង។
លោកអភិបាលខេត្ត បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្ត្រខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក គង់ សោភ័ណ្ឌ បានថ្លែងក្នុងកិច្ចប្រជុំនេះថា ការគ្រប់គ្រងសំរាម សំណល់រឹង គឺជាកិច្ចការ សំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវ ដូចពាក្យស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា «កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ»។
លោកបញ្ជាក់ថា៖«ដូច្នេះយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការបើកយុទ្ធនាការប្រមូលសំរាមនៅតាមដងផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជាពលរដ្ឋលើការញែកនិងទុកដាក់សំរាម ការពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូលរួមរបស់វិស័យឯកជន ក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាកពិន័យ ទាក់ទងនឹង បទល្មើសនៃការចោលនិងដុតសំរាមជាដើម»។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត គោលការណ៍សកល ៣អ៊ែ (3Rs)គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម-បរិស្ថាន បរិយាប័ន្ន ក្នុងគោលដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុខភាព និងសុខុមាលភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល។
បើតាមរដ្ឋបាលខេត្តកណ្តាល នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានប្រជាជនសរុបប្រមាណ ជិត១,៣លាននាក់ គិតត្រឹមឆ្នាំ២០១៩ ហើយបើតាមការប៉ាន់ស្មាន ជាមួយនឹងចំនួនប្រជាពលរដ្ឋនេះ បរិមាណសំរាម សំណល់រឹង គឺមានជាមធ្យមប្រមាណ ៧៨០តោនក្នុងមួយថ្ងៃ ឬប្រមាណ ២៨,៥ ម៉ឺនតោនក្នុងមួយឆ្នាំ៕