កំពង់ចាមៈ កម្លាំង​នគរបាល​ខេត្តកំពង់ចាម នៅ​រសៀល​ថ្ងៃទី ​២០ ខែ មករា ឆ្នាំ​ ២០២២ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប ករណី​បើក និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​ភ្នាល់​ដាក់​ប្រាក់​) ស្ថិតនៅ​ចំណុច​ចំការ​ស្វាយចន្ទីរ ភូមិ​អូរ​តា​សែន ឃុំ​តា​ប្រុក ស្រុក​ចំការលើ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១២ ​នាក់​។

​ការចុះ​បង្ក្រាប​នេះ ក៏មាន​កិច្ចការ​សម្របសម្រួល​ផ្ទាល់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ផងដែរ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន ម៉ូតូ​ចំនួន ៣៨​គ្រឿង ទូរស័ព្ទដៃ ចំនួន​១០​គ្រឿង មាន់​ងាប់ ចំនួន​០៣​ក្បាល កន្ត្រក​ដាក់​មាន់ ចំនួន​០៣ ហាន់​តោ​អាប៉ោង ០១ ប្រាក់រៀល​ចំនួន ១ ៨២០ ០០០ ​រៀល (​មួយ​លាន​ប៉ែតសិប​ពីរ​ម៉ឺ​រៀល​) និង​ប្រាក់​ដុល្លារ​ចំនួន ១៣០​ដុល្លារ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១២​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​៕