​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​អូ​មី​ក្រុង នៅក្នុង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល និង​មិនត្រូវ​ឱ្យមាន​សិស្ស​លើសពី ២០ នាក់​នោះទេ​ក្នុង​មួយ​ថ្នាក់​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានធ្វើ​ការណែនាំ​ពី​ការពង្រឹង​វិធានការ​សុវត្ថិភាព​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទូទាំងប្រទេស ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ការពាក់​ម៉ាស់​ការពារ​ឱ្យបាន​ខ្ជាប់​ខ្លួន និង​ការរក្សា​គម្លាត​សុវត្ថិភាព ឱ្យបាន​ម៉ឺងម៉ាត់​។​

​លោក​បាន​លើកឡើងថា ៖ «​ត្រួតពិនិត្យ​សុខភាព និង​អាកា​រៈ របស់​គ្រូបង្រៀន បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ឱ្យបាន​ជាប្រចាំ​ក្នុងករណី​មាន​កម្តៅ​លើសពី ៣៧,៥ អង្សា​សេ ឬ​មាន​រោគសញ្ញា​ដូចជា​ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវ​ណែនាំ​ឱ្យទៅ​រក​សេវា​សុខាភិបាល និង​អនុញ្ញាតឱ្យ​ឈប់សម្រាក​រហូត​បាន​ធូរស្រាល​សុខភាព​ជា​ប្រក្រតី ទើប​ត្រឡប់មក​បំពេញភារកិច្ច និង​បន្ត​ការសិក្សា ដោយផ្ទាល់​នៅ​គ្រឹះស្ថានសិក្សា​វិញ​»​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បន្តថា គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ទាំងអស់ ត្រូវអនុវត្ត​ការបង្រៀន និង​រៀន​តាម​បណ្តំ ដោយ​សិស្ស​មិន​លើសពី ២០ នាក់ និង​ឆ្លាស់​វេន ចំពោះ​គ្រឹះស្ថាន សិក្សា​ដែលមាន​ចំណុះ​សិស្ស​ច្រើន រួម​ជាមួយនឹង​ការបង្រៀន និង​រៀន​តាម​អន​ឡាញ​៕