ពិធី​បើក​សម្ពោធ​ពិព័រណ៍​ក្រោម​ប្រធានបទ «​ភ្នំពេញ​ទីក្រុង​មាន​ជីជាតិ​» ត្រូវ​បានរៀបចំ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ ​២០២២ ឪ ដោយ​ផ្តោតលើ​កម្រង​រូបថត​នៃ​ស្ថាបត្យករ​ និង​ទេសភាពករ​វ័យក្មេង ២០១៨ ដែល​ពិធី​នេះ​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​វិទ្យាស្ថាន​បារាំង​នៃ​កម្ពុជា និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

លោក ហេង សុផាឌី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​អញ្ចើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​នេះ​ផងដែរ​។ ពិព័រណ៍​នេះ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ២០ ខែមករា ដល់​ថ្ងៃទី​ ១៩ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ពី​ម៉ោង​ ៨ ព្រឹក ដល់​ម៉ោង ៥ រសៀល​។

ផ្ទាំង​ប៉ាណូ​ចំនួន ២២ ត្រូវបាន​ដាក់តាំង​បង្ហាញ​ពី​ស្នាដៃ​របស់​ស្ថាបត្យករ និង​អ្នកជំនាញ​រៀបចំ​ទេសភាព​វ័យក្មេង​។ លោក ហេង សុផាឌី បាន​លើកឡើងថា​៖ «​គោលបំណង​នៃ​ពិព័រណ៍​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​ស្ថាបត្យកម្ម និង​ទេសភាព និង​ចង្អុលបង្ហាញ​ពី​សារៈសំខាន់​នៃ​គោល​វិធី​ផ្អែកលើ​ទេសភាព​ពហុមាត្រដ្ឋាន​»​។

ពិព័រណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​ពិព័រណ៍ ភ្នំពេញ​ទីក្រុង​មាន​ជីជាតិ ស្ថាបត្យកម្ម និង​អភិវឌ្ឍន៍​ដោយ​ចីរភាព ដែលមាន​ពិព័រណ៍​ចំនួន​ ២ ​ទៀត​កំពុង​តាំង​បង្ហាញ​ស្របពេល​ជាមួយគ្នា​នៅ​សារមន្ទីរ​ជាតិ «​ពានរង្វាន់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​វិទ្យាស្ថាន​បារាំង​នៃ​កម្ពុជា (URBA-IFC)» និង​នៅ​វិទ្យាស្ថាន​បារាំង​នៃ​កម្ពុជា​ផ្ទាល់ «​ធ្វើឱ្យ​ពិភពលោក​រីករាយ​ឡើងវិញ ស្ថាបត្យកម្ម ទីក្រុង​អន្ដរ​ភាព​»៕