ត្បូងឃ្មុំៈ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​ ២០ ​ខែមករា បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ប្រឡង​ជាប់​បាក់ឌុប​ចំនួន ១ ៥៦០ ​នាក់ និង​បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងនោះ​ដែល​មកពី​ស្រុក ក្រុង​ចំនួន​ ០៤ ​គឺ ស្រុក​ត្បូងឃ្មុំ ស្រុក​មេមត់ ស្រុក​ក្រូចឆ្មារ និង​ក្រុង​សួង​។

បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ពិធី​ជួប​សំណេះសំណាល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​ក្រសួង ក្រុម​ការងារ​ចុះជួយ​ខេត្ត អភិបាលខេត្ត​ត្បូងឃ្មុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នាយក​នាយករង​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់ សម័យ​ប្រឡង​ឆ្នាំ​ ២០២១​។

សូមជម្រាបថា សិស្ស​និទ្ទេស A ចំនួន​ ៣៨​ នាក់​ដែល​ទទួល​ថវិកា​ជា​កាដូ​លើកទឹកចិត្ត​នាពេលនេះ គឺ​មកពី​ចំនួន ០៤ ស្រុក ប៉ុណ្ណោះ ខណៈ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​ជាប់​និទ្ទេស A មាន​ចំនួន ៥៤ ​នាក់ និង​ជាប់​ជា​ស្ថាពរ​សរុប ២ ៩៤៤ ​នាក់​។

មានប្រសាសន៍​ទៅកាន់​សិស្សានុសិស្ស និង​មាតាបិតា អាណាព្យាបាល​សិស្ស លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បាន​សាទរ​ចំពោះ​ជោគជ័យ​ក្នុង​ការខិតខំ​សិក្សា ដែល​នេះ​គឺជា​កិត្តិយស​ដ៏ធំធេង សម្រាប់​ខ្លួនឯង​ផ្ទាល់​ក៏ដូចជា ក្រុមគ្រួសារ និង​ជា​កិត្តិយស​របស់​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ផងដែរ ដែល​សិស្សានុសិស្ស​បាន​ខិតខំ​រៀនសូត្រ​រហូត​ប្រឡង​ជាប់ ពិសេស​រហូត​ទទួលបាន​និទ្ទេស A​។

លោក ជា សុផារ៉ា បាន​មានប្រសាសន៍​ទៅកាន់​សិស្សានុសិស្ស​ទាំងអស់​គ្នា ដោយ​កោតសរសើរ​ក្នុង​ការខិតខំ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​នាពេលនេះ ដែលជា​ការឆ្លងកាត់​ការលំបាក​ជាច្រើន ជាពិសេស​ឧបសគ្គ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​។

ជាការ​ឆ្លើយតប​ទៅនឹង​កិច្ចខិតខំ​របស់​សិស្សានុសិស្ស​ក្នុង​នាម​លោក​ជា​អ្នកទទួល​ខុសត្រូវ​ក្នុង​ស្រុក​ក្រុង​ទាំង​ ០៤ ​នេះ​លោក​ក៏​សូម​ចូលរួម​អបអរសាទរ និង​ចូលរួម​ផ្ដល់​ការលើក​ទឹកចិត្ត​នូវ​ថវិកា​មួយចំនួន ដើម្បី​ក្មួយៗ​ប្រើប្រាស់​ឱ្យចំ​គោលដៅ ក្នុង​អំឡុងពេល​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា​។

ជាមួយ​គ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ​បន្ត​ទៅមុខទៀត ជាពិសេស​ក្រេបជញ្ជក់​យកចំណេះ​ដឹង ក្នុងអំឡុងពេល​បន្ត​ការសិក្សា​នៅ​ថ្នាក់​កម្រិត​ឧត្ដម ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ យុវជន​ល្អ និង​ជា​ពលរដ្ឋ​ល្អ ហើយ​យក​ចំណេះដឹង និង​សមត្ថភាព​នោះ ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​។

លោក ជា សុផារ៉ា បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​ ៣៨ នាក់​ក្នុង​ម្នាក់ ៥០០ ដុល្លារ​។

និទ្ទេស B C D E ចំនួន ១ ៥២២ ​នាក់​ក្នុង​ម្នាក់ ១០០ ០០០ ​រៀល​។

ប្រធានការិយាល័យ​អប់រំ​ស្រុក នាយក​នាយិកា​វិទ្យាល័យ ចំនួន​ ១៩​នាក់​ក្នុង​ម្នាក់​ ១០០​ ដុល្លារ និង​អនុប្រធាន​ការិយាល័យ អប់រំ​ស្រុក នាយក​នាយករង​វិទ្យាល័យ ៣៤ ​នាក់ ក្នុង​ម្នាក់​ ៥០ ​ដុល្លារ សរុប​ថវិកា​ទាំងអស់ ៥៩ ៩៧២ ​ដុល្លារ​៕