The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ជប៉ុន​ជួបពិភាក្សា​គ្នា​លើ​ការអភិវឌ្ឍន៍​វិស័យ​ធនធានទឹក

រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ជប៉ុន​ជួបពិភាក្សា​គ្នា​លើ​ការអភិវឌ្ឍន៍​វិស័យ​ធនធានទឹក

Content image - Phnom Penh Post
រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក​ លឹម គានហោ​, លោក MIKAMI MASAHIRO ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី​ KAMEI Haruku ប្រធាន JICA ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ (​គម្រោង​ជំនួយ​)។

រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ជប៉ុន​ជួបពិភាក្សា​គ្នា​លើ​ការអភិវឌ្ឍន៍​វិស័យ​ធនធានទឹក

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក​ លឹម គានហោ​, លោក MIKAMI MASAHIRO ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី​ KAMEI Haruku ប្រធាន JICA ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ (​គម្រោង​ជំនួយ​) លើ​វិស័យ​ធនធានទឹក​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ​នៅ​ទីស្តីការក្រសួង​។

ក្នុងជំនួប​នោះ លោក ​លឹម គានហោ បានលើកឡើង​ពី​សមិទ្ធផល និង​ការងារ​ដែល​ក្រសួង​សម្រេចបាន និង​កំពុង​អនុវត្ត​ព្រមទាំង​កិច្ចការងារ​ចំពោះមុខ​ក្នុង​ក្របខ័ណ្ឌ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​បរិបទ​នៃ​បម្រែបម្រួល​អាកាសធាតុ សំដៅ​ធានា​នូវ​សន្តិសុខ​ទឹក សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ក្រសួង​ធនធានទឹក​បានឱ្យដឹង​ថា​ជប៉ុន​បាននិង​កំពុង​បន្ត​ជួយឧបត្ថម្ភ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត​លើ​គ្រប់​វិស័យ ការគាំទ្រ​ដល់​វិស័យ​សុខាភិបាល ការស្តារ និង​លើកកម្ពស់​វិស័យ​អប់រំ ការលើកកម្ពស់​ការអភិវឌ្ឍ​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​នៅ​កម្ពុជា ជាពិសេស​វិស័យ​ធនធានទឹក​ក៏ត្រូវ​បាន​ពង្រឹង ពង្រីក និង​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។

លោក​ MIKAMI MASAHIRO បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដែល​ក្រសួង​សម្រេចបាន​ក៏ដូចជា​កិច្ចការ​បន្ត​ដែល​ត្រូវអនុវត្ត​ក្នុង​បេសកកម្ម​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​ការរីកលូតលាស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។ លោក​ឯកអគ្គរាជទូត​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​រួមចំណែក​ជួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ក៏ដូចជា​វិស័យ​ធនធានទឹក មាន​ការវិវត្តន៍​រីកចម្រើន​តទៅ​មុខ​។

ក្រសួង​បានធ្វើការ​កត់សម្គាល់​ថា គិត​ចាប់ពី​ឆ្នាំ ២០០៥ រហូត​មកដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ ​JICA បាន​ជួយ​ដល់​កម្ពុជា​លើ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក ដែលជា​ជំនួយឥតសំណង និង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​។ ក្នុងនោះ គម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់ និង​មួយចំនួន​ទៀត​កំពុង​ដំណើរការ​មានដូចជា គម្រោង​ប្រព័ន្ធធារាសាស្ត្រ​កណ្តាលស្ទឹង​ស្ថិតក្នុង​ខេត្តកណ្តាល​, គម្រោង​កម្មវិធី​កែលម្អ​សមត្ថភាព​ទប់ទល់​នឹង​គ្រោះធម្មជាតិ បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ (​ការផ្តល់​គ្រឿងចក្រ​ធុន​ធ្ងន់​), គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ធ្លាម្អម ក្នុង​ខេត្តពោធិ៍សាត់​, គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ម្កាក់​ក្នុង​ខេត្តសៀមរាប​, គម្រោង​សេវា​បច្ចេកទេស​ប្រព័ន្ធធារាសាស្ត្រ​នៅ​កម្ពុជា​, គម្រោង​ប្រើប្រាស់​ធនធានទឹក​នៅតាម​អាង​ស្ទឹង​, គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ខាងលិច​ទន្លេសាប​, គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ប៉ែក​និរតី​រាជធានី​ភ្នំពេញ និង​បណ្តា​គម្រោង​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែល​បាននិង​កំពុង​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ ហើយនឹង​ត្រូវអនុវត្ត​នា​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បានអនុម័ត​រួចហើយ​៕

អត្ថបទគួរចាប់អារម្មណ៍