
កំពង់ធំ/កំពង់ឆ្នាំងៈ មន្ដ្រីឧទ្យានុរក្សនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារបានបន្ដការអនុវត្ដសកម្មភាពល្បាតប្រចាំខែយ៉ាងទៀងទាត់ ហើយបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ២៥ ករណី នៅក្នុងខែធ្នូ ឆ្នាំ ២០២១ កន្លងមក។ នេះបើយោងតាមអង្គការ NatureLife Cambodia Organization។
ក្នុងចំណោមបទល្មើសនេសាទទាំង ២៥ ករណីនោះ រួមមានការអប់រំអ្នកនេសាទខុសច្បាប់ ០២ ករណីនៅនឹងកន្លែង និងបានកាប់បំផ្លាញនូវឧបករណ៍នេសាទខុសច្បាប់ផងដែរ។ ក្នុងនោះរួមមានបង្គោលឆ្នុក ០៥ ក្រោល: ខ្សែប្រវែង ២៧៨ ម៉ែត្រ និងបង្គោល ១៦ ដើម, របាំងសាច់អួន ០២របាំងមានប្រវែង ៣០០ ម៉ែត្រ, របាំងស្បៃម៉ុង ១៦ របាំង មានប្រវែង ១ ១៨៥ ម៉ែត្រ, ២០ ឡុក, លបលូ ២៤ មាត់, ទ្រូ ០៨ មាត់, បង្គោលឈើ ៨៩៥ ដើម និងបានប្រលែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ មានចំនួន ២០ គីឡូក្រាម។
អង្គការបានឱ្យដឹងថា កម្មវិធី SMART ត្រូវបានអនុវត្តដើម្បីគាំទ្រដល់សកម្មភាពល្បាតប្រចាំខែនេះ។
កាលពីដើមខែមករា ឆ្នាំ២០២២នេះ មន្ដ្រីឧទ្យានុរក្សនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារដែលមានទីតាំងក្នុងបឹងទន្លេសាបខេត្តកំពង់ធំបានទទួលត្រីគល់រាំងមួយក្បាលមានទម្ងន់១១គីឡូក្រាម ដែលជាប់មងប្រជានេសាទ ហើយបានព្រលែងត្រីប្រភេទនេះចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។
ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ៣៣ ក្រ.ច«ស្តីពីការគ្រប់គ្រងវិស័យជលផល»ក្នុងជំពូក២ មាត្រា១៨។ ត្រីគល់រាំងជាមច្ឆាជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទកំពុងជិតផុតពូជបំផុតក្នុងពិភពលោក។ ត្រីនេះក៏មានវត្ដមាននៅបឹងទន្លេសាបផងដែរ។ ត្រីគល់រាំងត្រូវបានគេហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ថា«ត្រីកាហោ ឬត្រីក្បាលឡាន» និងមានឈ្មោះវិទ្យាសាស្ត្រ «Catlocarpio siamnsis» ដែលជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជា ដែលមានទម្ងន់អតិបរមាចាប់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី ២-៣ម៉ែត្រ៕