ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២០ មករា បាន​ជំនុំជម្រះ​បុរស​ជនជាតិ​ចិន​ ២ ​នាក់​ក្នុងចំណោម​ ៣ ​នាក់​ បន្ទាប់ពី​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​ ៧ ​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​សរុប​ ៣០ ​ម៉ឺន​ដុល្លារ​អាមេរិក ករណី​ចាក់​ប្លន់​ជនជាតិ​ចិន​ម្នាក់​របួស​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០២០​។

លោកស្រី ខៀវ សុខា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​សមាសសភាព​ចៅក្រម​ ៣ ​រូប​បាន​អាន​អង្គហេតុ នៅ​ចំពោះមុខ​ជន​ជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​បុរស​ជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ​២០ មករា ថា ទី​ ១WEI BING WEN អាយុ ២៩ ​ឆ្នាំ ទី​ ២ SHAN SHI QUAN អាយុ ៣២ ឆ្នាំ និង​ទី ​៣ ZHEN MENG អាយុ ៤០ ​ឆ្នាំ​។ ប៉ុន្តែ​មានតែ​ឈ្មោះ WEI BING WEN និង ឈ្មោះ SHAN SHI QUAN ប៉ុណ្ណោះ​ដែល​មិន​សុខចិត្ត​នឹង​ទណ្ឌកម្ម​ទោស​នេះ ហើយ​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ​។

តាម​អង្គហេតុ​របស់​សាលាឧទ្ធរណ៍​បង្ហាញថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ ៣ ​ទៀបភ្លឺ​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ ២០២០ ជនជាប់ចោទ​មាន​គ្នា​ ៣ ​នាក់​បាន​ចូលទៅក្នុង​បន្ទប់​ ២១០៥​ នៃ​ខុនដូ​ ១​ កន្លែង​ស្ថិតនៅក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​។ ក្រុម​ជនជាប់ចោទ​បាន​យក​កាំបិត​ចាក់​បុរស​ជនជាតិ​ចិន​ម្នាក់​ឱ្យ​របួស​ហើយ​បាន​ប្លន់​យកលុយ​ ១១ ​ម៉ឺន​ដុល្លារ គេចខ្លួនបាត់​។ បន្ទាប់មក​ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​ម្ចាស់​ខុនដូ​ និង​បាន​ប្តឹងទៅ​នគរបាល​មូលដ្ឋាន​។

អង្គហេតុ​បន្តទៀតថា ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ​រួច ក្រុម​ជនជាប់ចោទ​បាន​នាំគ្នា ជិះ​រថយន្ដ​ ១ គ្រឿង​ម៉ាក Tacoma ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-4483 ទៅ​ផ្ញើ​គេ​ចោល​នៅ​ខេត្តសៀមរាប​។

បន្ទាប់មក​ក្រុម​ជនជាប់ចោទ​បាននាំគ្នា​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​ខេត្ត​ព្រះសីហនុ​។ ពួកគេ​ស្នាក់នៅ​ទីនោះ​រយៈពេល​ ២ ​ថ្ងៃ ទើប​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​ហើយ​បន្តដំណើរ​ទៅ​ខេត្ត​សៀមរាប​វិញ ដើម្បី​ទៅយក​រថយន្ត​តែ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​នគរបាល​ខេត្ត​សៀមរាប​ចាប់​ក្រុម​ជនជាប់ចោទ​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ៤ ឧសភា ឆ្នាំ​ ២០២០​។

សំណុំ​រឿងនេះ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៨ កក្កដា ឆ្នាំ​ ២០២១ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ៧ ​ឆ្នាំ​ចោទ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការប្រើ​អំពើហិង្សា​តាម​មាត្រា​ ៣៥៣​ និង​មាត្រា​ ៣៥៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បង្គាប់​ឱ្យ​សង​សំណង​ការខូចខាត​ និង​សំណង​ជំងឺ​ចិត្ត​សរុប​ ៣០ ​ម៉ឺន​ដុល្លារ​។

ជនជាប់ចោទ​ឈ្មោះ WEI BING WEN បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ​២០ មករា ថា កាលពី​គាត់​នៅ​ប្រទេស​ចិន គ្មាន​ការងារ​ធ្វើ​ទេ​ហើយ​បានមក​ប្រទេស​កម្ពុជា ដោយ​ធ្វើជា​អ្នកបើករថយន្ត​ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយ​នៅ​រាជធានី​ភ្នំពេញ​។

ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​ប្តឹង​មកនេះ មិនមែន​បដិសេធ​នឹង​ការចោទប្រកាន់​របស់​តុលាការ​ទេ ខ្ញុំ​សុំឱ្យ​ចៅក្រម​ជួយ​បន្ថយទោស​ខ្ញុំ ឱ្យនៅ​ត្រឹមតែ​ ២​ ឆ្នាំ​បាន​ហើយ ដើម្បី​ឆាប់​បាន​ចេញទៅ​ប្រទេស​ចិន​វិញ​»​។

ចំណែក​ជនជាប់ចោទ​ឈ្មោះ SHAN SHI QUAN បាន​និយាយប្រាប់​ចៅក្រម​ថា មូលហេតុ​ដែល​គាត់​ប្តឹង​មក​សាលាឧទ្ធរណ៍​ភ្នំពេញ ដោយសារ​តុលាការ​ថ្នាក់ក្រោម ផ្តន្ទាទោស​គាត់​ ៧ ​ឆ្នាំ​។ ទណ្ឌកម្ម​ទោស​​ ៧ ​ឆ្នាំនេះ​ហាក់​ច្រើនណាស់ ចំពោះ​រូបគាត់​។ «​សូម​តុលាការ​ជួយ​កាត់បន្ថយ​ទោស​ឱ្យ​ខ្ញុំ​ជាប់ពន្ធនាគារ​តែ​ ២ ​ឆ្នាំ​បាន​ហើយ​ ព្រោះ​ខ្ញុំ​ចង់ទៅ​មើល​ថៃ​ឪពុក​របស់ខ្ញុំ​នៅ​ប្រទេស​ចិន​វិញ​»​។

លោក ឆៃ រ៉ាន់នូ ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ក្នុង​អង្គ​សវនាការ​ថា កូនក្តី​របស់​លោក​បាន​សារភាព​នៅ​គ្រប់​ដំណាក់កាល​រាប់​តាំងពី​ដំណាក់កាល​ប៉ូលិស​។ លោក​ថ្លែងថា​៖ «​ពួកគាត់​គ្មានអ្វី​ក្រៅពី​ស្នើសុំ​តុលាការ​បន្ថយទោស​ទេ សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ ពិចារណា​លើ​ការស្នើសុំ​នេះ​»​។

ក្រោយ​ជំនុំជម្រះ​ជិត​ ១​ ម៉ោង​មក លោកស្រី​ ខៀវ សុខា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា សាលដីកា​នេះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ១៧ កុម្ភៈ​៕