កំពង់ចាមៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប​.» និង​អង្គការ​ជា​ដៃគូ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ២ ​ថ្ងៃ​ស្ដីពី​ការអនុវត្តន៍​អនុក្រឹត្យ​ស្ដីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​នៅក្នុង​ខេត្តកំពង់ចាម​នា​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២២​។

វគ្គ​បណ្តុះបណ្តាល​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី ​២០ និង​ចប់​នៅ​ថ្ងៃ​ ២១ ខែមករា នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ ឌឹម ថេង ដែលជា​អគ្គនាយករង តំណាង​លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាន​ការចូលរួម​ផងដែរ​ពី​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម រួមជាមួយ​លោក​ប្រធាន អនុប្រធាន​សាខា ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ ដែល​មកពី​ខេត្ត​ចំនួន ​៦ គឺ​ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។

លោក​ ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ថ្លែងថា គោលបំណង​សំខាន់​នៃ​វគ្គ​បណ្ដុះបណ្ដាល​គឺ​ដើម្បី​ពង្រឹង​ចំណេះដឹង​ និង​ការកសាង​សមត្ថភាព​លើ​ការពង្រឹង​ការអនុវត្ត និង​ការតាមដាន​ត្រួតពិនិត្យ​អនុក្រឹត្យ​លេខ​ ១៣៣ និង​ប្រកាស​រួម​អន្តរក្រសួង​លេខ​ ០៦១ ស្តីពី​ការផ្សព្វផ្សាយ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​។

វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​ការចុះ​ត្រួតពិនិត្យ​ និង​អនុវត្ត​ផ្ទាល់​ដោយ​សិក្ខាកាម​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅតាម​បណ្ដា​ផ្សារ​ទំនើប​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ស្វែងរក​ចំណុច​មិន​អនុលោមភាព​នៅលើ​សម្បក​កំប៉ុង​ម្សៅ​ទឹកដោះគោ​គ្រប់​ម៉ាក​ផងដែរ​។

នៅ​ថ្ងៃ​ដដែល​នោះ​ផងដែរ អគ្គនាយកដ្ឋាន​ដដែល​នេះ​ក៏បាន​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​ច្បាប់​ស្ដីពី​ការប្រកួតប្រជែង (​វគ្គ​ទី​ ៣)​។

នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ក៏មាន​ការធ្វើ​បទបង្ហាញ​អំពី​បទប្បញ្ញត្តិ​ទូទៅ​ពាក់ព័ន្ធ​នឹង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ និង​ក្រមព្រហ្មទណ្ឌ នីតិវិធី​ត្រួតពិនិត្យ​ និង​ការស៊ើបអង្កេត ដោយ​លោក​ ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារង​នៃ​មហាអយ្យការ​សាលាឧទ្ធរណ៍​ភ្នំពេញ និង​លោក ប៉ែន វីរៈឧត្តម អនុប្រធាននាយកដ្ឋាន​កិច្ចការ​ប្រកួតប្រជែង​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើ​បទ​បង្ហាញ​អំពី​បរិបទ​ទូទៅ​ក្រោម​ច្បាប់​ស្ដីពី​ការប្រកួតប្រជែង​៕