កំណើន​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​កម្ពុជា​បាន​កើន​ឡើងដល់​ ៨៩,៥៤% ធៀប​ជាមួយនឹង​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៦ ​លាន​នាក់​នៅ​ទូទាំងប្រទេស ខណៈ​ដែល​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ទី ​៤ ក្នុង​រយៈពេល ​៨ ​ថ្ងៃ​ប៉ុណ្ណោះ​បាន​ចំនួន​រហូតដល់​ជាង​ ២០​ ម៉ឺន​នាក់ រីឯ​ការចាក់​ដូស​ទី​ ៣ ​ឬ​ដូស​ជំរុញ​បាន​កើន​ឡើងដល់​ជាង​ ៥ ​លាន​នាក់​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​ ២០២២ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​ប្រជាជន​អាយុ​ពី ១៨ ​ឆ្នាំ​ឡើង បាន​ចំនួន ១០១,៨៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់ និង​យុវវ័យ​កុមារ​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ទៅ​ក្រោម ១៨ ​ឆ្នាំ មាន ៩៩,៣៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ ១,៨ ​លាន​នាក់​។

ក្រសួង​បាន​បន្តថា សម្រាប់​អត្រា​ចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ​ពី ០៦​ ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ មាន ១០៥,៧៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ១,៩ ​លាន​នាក់ ខណៈដែល​កុមារ​ដែលមាន​អាយុ ០៥​ ឆ្នាំ ចាក់​វ៉ាក់សាំង​បាន​ចំនួន ១០៤,៥៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជាង ៣០ ​ម៉ឺន​នាក់​៕