ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ថាការធ្វើដំណើររបស់លោកទៅប្រទេសមីយ៉ាន់ម៉ា មានអ្នកគាំទ្រ និងមានអ្នកមិនគាំទ្រ ហើយការដែលលោកទៅ គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ ហាក់គិតថា ដាំដើមឈើតែមួយថ្ងៃ ពីរថ្ងៃហើយចង់បានផ្លែផ្កាភ្លាមៗ។
លោក ហ៊ុន សែន បានលើកឡើងដូចនេះជាមួយនឹងលោក ចូកូ វីដូដូ នាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ក្នុងសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទ ដែលបានចំណាយពេលប្រមាណ ៣៥ នាទី ដែលនេះជាសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ នាថ្ងៃទី ៤ ខែមករា កន្លងមក។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា កិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយលោក ចូកូ វីដូដូ (Joko Widodo)នេះ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ មករាកន្លងទៅថ្មីៗនេះ។
លោក ហ៊ុន សែន បានលើកឡើងថា ៖ «ដំណើរទស្សនកិច្ចរបស់លោកទៅកាន់មីយ៉ាន់ម៉ា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចនេះ ប៉ុន្តែមានអ្នកខ្លះមិនបានគាំទ្រដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាឡើយ។ អ្វីដែលរូបលោកធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែ ១ ថ្ងៃ ២ ថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ»។
លោកបានបន្តថា ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ាពីមុនហើយនិងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។
លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ «យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់ គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៍នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន»។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនោះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានចាត់ទុកថា វិធីដែលនាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញនេះ គឺមានអត្ថប្រយោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺទាំងអស់គ្នា បន្តអនុវត្តនូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយ ដោយធ្វើយ៉ាងណាជំរុញឱ្យភាគីមីយ៉ាន់ម៉ាអនុវត្តទៅតាមផែនការទាំង ៥នោះ។
លោក ចូកូ វីដូដូ ក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការជំរុញការងារដែលលោកបានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។
លោក ចូកូ វីដូដូ ក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ហើយដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់។
នៅក្នុងជំនួបនេះដែរ លោក ចូកូ វីដូដូថ្លែងដែរថា ៖ «ឥណ្ឌូនេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រយការ និងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត»។
ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយលោកសង្ឃឹមថានឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ។
នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីនេះដែរ លោក ហ៊ុន សែន ក៏បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីតាមរយៈលោកស្រី រ៉េតណូ អិល ភី ម៉ារស៊ូឌី ដើម្បីឱ្យលោកស្រីនាំសាររបស់លោកទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កុំឱ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖ «សុំកុំឱ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឱ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង»៕