ភ្នំពេញៈ ការងារ​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រេចបាន​ប្រមាណ ​២២ ភាគរយ​លើ​ផែនការ​កំណត់ ក្រោយពី​បានចាប់ផ្តើម​នៅ​ថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ម្សិលមិញ​។

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​ លឹម គានហោ ដែល​អមដំណើរ​ដោយ​លោក​ ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ លោក​ ម៉ៅ ហាក់ ដែលជា​ប្រធាន​មុខព្រួញ រាជធានី​ភ្នំពេញ​រួម​នឹង​មន្ត្រី​បច្ចេកទេស​ និង​តំណាង​ក្រុមហ៊ុន GDFC បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែកត្នោត ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​ ១៩ ​ខែមករា​ឆ្នាំ ​២០២២​ នេះ​។

ក្នុងឱកាស​ចុះ​ពិនិត្យ​ជាក់ស្តែង​នេះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ការងារ​ដែល​សម្រេច​តាម​ផែនការ​គ្រោងទុក ក្រោម​កិច្ចសហការ​ល្អប្រសើរ​រវាង​ក្រុមការងារ​អនុវត្ត​គម្រោង មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​នូវ​បច្ចេកទេស​អនុវត្ត​ការងារ ដើម្បី​ធានា​គុណភាព​សំណង់​ខាងលើ ប្រើប្រាស់​ឱ្យបាន​យូរអង្វែង​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​គោលបំណង​របស់​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត គឺ​កាត់បន្ថយ​គ្រោះមហន្តរាយ​ទឹកជំនន់​យាយី​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ជាពិសេស​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ព្រមទាំង​បង្កើន​ផ្ទៃដី​ដាំដុះ ដែលមាន​លទ្ធភាព​ជួយ​ការពារ និង​កាត់បន្ថយ​គ្រោះទឹកជំនន់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ២៤៥ ​គីឡូម៉ែត្រ​ក្រឡា ហើយ​មានលទ្ធភាព​ស្រោចស្រព​ដីស្រែប្រាំង​ ១០ ១៥០ ​ហិកតា និង​ស្រូវវស្សា ១៧ ៧៣០​ ហិកតា​» ។

ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​នេះ​ត្រូវបាន​ដឹកនាំ​ផ្ទាល់​ដោយ​លោក​រដ្ឋមន្ត្រី ក្នុង​ការរៀបចំ​ផែនការ និង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ប្រទេស​ជា​មិត្ត ដើម្បី​ឆាប់​អនុវត្ត​គម្រោង​ដ៏មាន​អត្ថប្រយោជន៍​នេះ​ក្នុង​ការបន្ថយ​ផលប៉ះពាល់ និង​បញ្ជៀស​គ្រោះមហន្តរាយ​នានា​តែងតែ​យាយី​ដល់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​៕