
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលកន្លងមក។ រូបថត MEF
រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រយៈពេល ៣ ខែទៀត គឺចាប់ពីខែមករា កុម្ភៈ និងខែមីនា ឆ្នាំ ២០២២ ប៉ុន្តែរយៈពេលអនុវត្តបន្តនឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។
នេះបើយោងតាមសេចក្តីសម្រេចស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ សម្រាប់ជុំទី ៨ ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា៖ «ការបើកប្រាក់ឧបត្ថម្ភត្រូវធ្វើឡើងក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ»។
តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទាគិតចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចំណាយថវិការដ្ឋជាង ៥០១ លានដុល្លារ និងបានជួយដល់ជនក្រីក្រ និងអ្នកងាយរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ ចំនួនជាង ៦៨ ម៉ឺនគ្រួសារ។
ការឧបត្ថម្ភដល់ជនក្រីក្រត្រូវបានចែកចេញជា ៣ ប្រភេទគឺជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទ។ គ្រួសារនីមួយៗនឹងទទួលបានសាច់ប្រាក់ទៅតាមទំហំនៃសមាជិកគ្រួសារ៕