សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ធនធាន​រ៉ែ​ (​ជីក​អាចម៍ដី​) សូម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស ដែល​មាន​កំណត់​ក្នុង​អាជ្ញាបណ្ណ ហើយ​បើ​អាជ្ញាបណ្ណ​ផុត​សុពលភាព​គឺ​ត្រូវ​ទៅ​ស្នើសុំ​អាជ្ញាបណ្ណ​ថ្មី​។

ការណែនាំ​នេះ​បានធ្វើ​ឡើងខណៈ​ក្រុមការងារ​ចម្រុះ រដ្ឋបាល​ខេត្ត​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​នៅ​ថ្ងៃទី​ ២០ ​ខែមករា បាន​ចុះ​ពិនិត្យ​ទីតាំង​ជីក​អាចម៍ដី​ចំនួន ០២ ​ទីតាំង ដែល​ស្ថិតនៅ​ភូមិ​ស្រែធ្នង់ ឃុំ​ដំដែក និង​ស្ថិតនៅ​ភូមិ​ដំរីកូន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើតាម​រដ្ឋបាល​ខេត្តសៀមរាប បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​រួចមក ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែលមាន​ក្នុង​អាជ្ញា​បណ្ណ​កំណត់ និង​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​មួយចំនួន ដែល​ផុត​សុពលភាព​អាជ្ញាបណ្ណ​ត្រូវ​រៀបចំ​ស្នើសុំ​បន្ត​អាជ្ញាបណ្ណ និង​ត្រូវគោរព​តាម​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។

ជាមួយ​គ្នានេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គឺត្រូវ​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មីៗ​ដល់​អ្នក​ធ្វើអាជីវកម្ម​ឱ្យ​គោរព​តាម និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ព្រមទាំង​ដឹកជញ្ជូន​អាចម៍ដី​ត្រូវ​គ្រប​ឱ្យបាន​ត្រឹមត្រូវ មិនត្រូវ​ដឹក​លើស​ទម្ងន់ និង​បើកបរ​លើស​ល្បឿន​កំណត់ និង​ណែនាំ​ក្រុមហ៊ុន​ឱ្យដាំ​ដើមឈើ​លើក​ទំនប់ និង​ធ្វើ​របង​ព័ទ្ធជុំវិញ​រណ្តៅ​ដី ដើម្បី​ការពារ​មនុស្ស និង​សត្វពាហនៈ​។

ក្រៅពីនេះ ត្រូវ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​ពុំមាន​អាជ្ញាបណ្ណ និង​មាន​អាជ្ញា​បណ្ណ​តែ​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​ធ្វើ​ការចុះ​បិទ និង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖