​ភ្នំពេញៈ​ ការផ្គត់ផ្គង់​ទឹកស្អាត​ទូទាំងប្រទេស​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​គិត​ត្រឹម​ឆ្នាំ​ ២០២១ ចំនួន​គ្រួសារ​ដែល​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​មាន​ប្រមាណ​ជាង​១ ០៩១ ៨៦៩ គ្រួសារ គឺ​កើនឡើង ១១,៨​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ប្រមាណ​តែ ៩៧៦ ៦២១ គ្រួសារ​។ នេះ​បើ​យោងតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

​គិត​ត្រឹម​ឆ្នាំ ​២០២១ ​នោះ​ផងដែរ បរិមាណ​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន ៣៨៣ ១៣៤ ២៤៣ ម៉ែត្រគុប គឺមាន​ការកើនឡើង​ចំនួន ៥ ០៧៨ ៣០៣​ម៉ែត្រគុប បើ​ធៀប​នឹង​ឆ្នាំ​២០២០​។​

​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក​ចម ប្រសិទ្ធ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ក្នុង​ខេត្តកំពត​កាលពីពេល​ថ្មីៗ​នេះ​ថា តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តែង​ទទួលបាន​ការគាំទ្រ និង​ការបង្ក​លក្ខណៈ​ពី​រាជរដ្ឋាភិបាល​។ ក្នុង​នោះបាន​ខិតខំ​ជំរុញឱ្យមាន​ការ​ផ្តល់ទុន​វិនិយោគ​ជាច្រើន​រយ​លាន​ដុល្លារ សម្រាប់​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​បន្ថែម នៅតាម​បណ្តា​ទី​រួម​ខេត្ត និង​ទីប្រជុំជន​ផ្សេងទៀត​នៅ​ទូទាំងប្រទេស តាមរយៈ​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ ពី​ថវិកាជាតិ និង​ការចូលរួមចំណែក​ពី​ផ្នែក​ឯកជន​។ ទាំងនេះ​បានធ្វើឱ្យ​វិស័យ​ទឹកស្អាត​មានការ​អភិវឌ្ឍ​យ៉ាង​ធំធេង ចាប់តាំងពី​ស្ទើរតែ​គ្មានអ្វី​នោះ មកជា​ការផ្គត់ផ្គង់​មួយ​ដល់​ចំនួន​រយ​លាន​ម៉ែត្រគុប និង​គ្របដណ្តប់​នៅ​គ្រប់​ទីប្រជុំជន​ជិត​ឆ្ងាយ រួមទាំង​តំបន់​ជនបទ​មួយចំនួនទៀត​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​រំឭក​ឡើង​ពី​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល លោក នាយក​រដ្ឋ​ហ៊ុន សែន ដែល​បានប្រកាស​គាំទ្រ​ឱ្យប្រើ​ប្រាស់​ពាក្យស្លោក «​ទឹកស្អាត​សម្រាប់​ទាំងអស់គ្នា​»​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់ថា ការអភិវឌ្ឍ​វិស័យ​ទឹកស្អាត គឺជា​ការចាំបាច់​ដែល​ត្រូវមាន​ការចូល​រួមសហកា​រ​អនុវត្ត​យ៉ាងសកម្ម​ពី​ក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​គ្រប់​ជាន់ថ្នាក់​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ឆ្លើយតប ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំណត់ថា​៖ «​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង ទីប្រជុំជន​ឱ្យបាន​៩០% ដល់​ឆ្នាំ​២០២៣ និង ១០០% ត្រឹម​ឆ្នាំ​២០២៥ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​។ ក្នុងនោះ​ដូចជា​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា តាមរយៈ​ការអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន ដោយ​ឈរលើ​លក្ខខណ្ឌ​បួន​យ៉ាង​គឺ “​ទឹក​ត្រូវមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ​»៕​