ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ​ចំនួន​ ០៣ ​គោលដៅ ដែលមាន​ការចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នា​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២២ ​នេះ​។

យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើ​របស់​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​ចំនួន​ ៣ គឺ​ស្រុក​អង្គរធំ ស្រុក​ពួក និង​ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្រុមការងារ​ប្រចាំ​ស្រុក​អង្គរធំ​បាន​ពិនិត្យ និង​ដោះស្រាយ​ស្ថិតក្នុង​ឃុំ​លាងដៃ ក្រោយពី​ពិនិត្យ​ទីតាំង និង​ឯកសារ​ជាក់ស្តែង​ក្រុមការងារ​បាន​ណែនាំ​ចំនួន​ ០២ ​សំណើ ចំណែក​ក្រុមការងារ​ប្រចាំ​ស្រុក​ពួក​ក៏បាន​ពិនិត្យ និង​ដោះស្រាយ​ស្ថិតនៅក្នុង​ឃុំ​ខ្នាត ហើយ​បានអនុញ្ញាត​ចំនួន​ ០២ ​សំណើ​។ រីឯ​ក្រុមការងារ​ប្រចាំ​ក្រុង​សៀមរាប​បាន​ពិនិត្យ និង​ដោះស្រាយ​ស្ថិត​ក្នុង​សង្កាត់​នគរធំ និង​បានអនុញ្ញាត​ចំនួន​ ០៥ ​សំណើ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា៖ «​សម្រាប់​ថ្ងៃទី ​២១ ខែមករា នេះ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ ០៣ ​គោលដៅ​បាន​ចុះ​ពិនិត្យ និង​ដោះស្រាយ​សំណើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ​បាន​ចំនួន​ ០៩ ​សំណើ​»​។

ប្រភព​ដដែល​លើកឡើង​ដែរ​ថា រាល់​ការស្នើ​សុំច្បាប់​ជួសជុល គឺ​ពុំមាន​ការបង់ប្រាក់​ទេ​៕