លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សម្រេច​ធ្វើ​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ បំប្លែង​ថ្មី​ប្រភេទ អូមីក្រុង ដោយ​លោកចេញ​បទ​បញ្ជា​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​អាច​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​បាន​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស ដោយសារ​ជំងឺ​នេះ​មាន​ការ​ចម្លង​លឿន តែ​មិនមែន​ជា​ជំងឺ​ដែល​គ្រោះថ្នាក់​នោះ​ឡើយ ហើយ​បទ​បញ្ជា​នេះ​ក៏​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មករា នេះ​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ដូច​នេះ​តាម​រយៈសារ​សំឡេង​ពិសេស​របស់​លោក នាយប់នេះ ដោយ​លោក​បាន​បញ្ជា​ទៅ​ក្រសួង សុខាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំងអស់​ពី​ការ​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ​១៩ ប្រភេទ អូមីក្រុង អាច​ព្យាបាល​នៅ​តាម​ផ្ទះ​ឬ​ទី​តាំង​ដែល​ពួកគេ​ជ្រើសរើស​បាន។

លោក​បាន​លើកឡើង​ថា សម្រាប់​ជន​បរទេស​ទាំងអស់​ដែល​ធ្វើ​ដំណើរមក​កាន់​ប្រទេស​កម្ពុជា ហើយ​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ​១៩ ទោះ​បី​ជាប្រភេទ​ អូមីក្រុង ឬ​មិនមែន​ក៏​ដោយ អាច​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​តាម​សណ្ឋាគារ តាម​ស្ថានទូត ឬ​កន្លែង​ដែល​ពួកគាត់​ជ្រើសរើសបាន។ ដូច្នេះ​មិន​មាន​ការ​ចាំបាច់​យក​ជនបរទេស​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ទេ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការ​ជ្រើសរើស​របស់​ពួកគាត់​ផងដែរ។

លោក ហ៊ុន សែន បានថ្លែងថា៖ «សម្រាប់​បងប្អូន​ខ្មែរ​យើង ទាំង​ខ្មែរ​មក​ពី​បរទេស​និង​ខ្មែរ​នៅ​ក្នុង​ស្រុក នៅ​ពេល​ដែល​រក​ឃើញ​ថា ឆ្លង​ជាប្រភេទ អូមីក្រុង ក៏​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ផងដែរ ដូច​នឹង​ជំងឺ​កូវីដ១៩ ប្រភេទ​ដែល​តានិង​អាលហ្វា ទៅ​តាម​បែបបទ នីតិវិធី​សុខាភិបាល ក៏​ត្រូវ​ធ្វើ​ដូចគ្នា»។

ក្នុង​អំឡុងពេល​ដំបូង​នៃ​ការ​តាមដាន​នៃ​វីរុស​ប្រភេទ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ដាច់ខាត​មិន​ឱ្យ​អ្នក​ជំងឺ​ឆ្លង​កូវីដ​១៩ ប្រភេទ អូមីក្រុងសម្រាក​ព្យាបាល​នៅ​ផ្ទះ​ឬ​ទីតាំង​ផ្សេង ក្រៅ​ពី​មន្ទីរពេទ្យ​ឡើយ ប៉ុន្តែ​ដោយ​សង្កេត​និង​តាមដាន​ឃើញ​ថា ជំងឺនេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ ទើបលោក​សម្រេច​ឱ្យ​មាន​ការ​សម្រាក​ព្យាបាល​ក្រៅ​មន្ទីរពេទ្យ​បាន។

លោក​មាន​ប្រសាសន៍ថា៖ «ក្នុង​ករណី​ដែល​មិនមាន​កន្លែង​ឬ​ផ្ទះ​មិន​អាច​សម្រាក​ព្យាបាល​បាន ចាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ។ សម្រាប់​អ្នក​ជំងឺ​ដែល​ឆ្លង​ប្រភេទ​អូមីក្រុង ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ ជា​ជនបរទេស​ឬ​ជនជាតិ​ខ្មែរ បើ​ចង់​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ទៅព្យាបាល​នៅ​ផ្ទះ ឬ​តាម​សណ្ឋាគារ អាច​អនុញ្ញាត​ឱ្យ​ចេញ​ចាប់​ពី​យប់​នេះ ហើយ​បទ​បញ្ជានេះ​ក៏​ចាប់​អនុវត្ត​ពី​ពេល​នេះ​ទៅ​ដែរ»។

លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​ផ្ទះ ក៏​មិនមែន​មាន​ន័យ​ថា​អនុញ្ញាត​ឱ្យ​ដើរ​ទៅ​ណា​តាម​ចិត្តដែរ៕

វីដេអូ៖