
អ្នកដំណើរពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសអនុញ្ញាតឱ្យជនបរទេសទាំងអស់ដែលចូលមកព្រះរាជាណាចក្រកម្ពុជាអាចព្យាបាលនៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើស ដោយពុំចាំបាច់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ ១៩ របស់រដ្ឋឡើយ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៅយប់ថ្ងៃសុក្រទី ២១ ខែមករានេះបានប្រកាសនីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់។
ការប្រកាសនេះធ្វើឡើងដោយយោងតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចេញសារពិសេសណែនាំឱ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) បន្ទាប់ពីឃើញស្ថានភាពជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ ១៩ អវិជ្ជមានត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរធម្មតា។ សម្រាប់អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ពេញលេញ។
ដោយឡែក ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដើម្បីតាមដាន និងត្រួតពិនិត្យសុខភាពក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ ១៩ វិជ្ជមាន ត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងធ្វើ Sequencing រកប្រភេទវីរុស ព្រមទាំងត្រូវស្នាក់នៅដាច់ដោយឡែក។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «សម្រាប់ជនបរទេសទាំងអស់ដែលចូលមកព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យព្យាបាលនៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើស ដោយពុំចាំបាច់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ ១៩ របស់រដ្ឋទេ»។
ដោយឡែក សម្រាប់ជនជាតិខ្មែរទាំងអ្នកមកពីបរទេស និងអ្នកនៅក្នុងប្រទេសអនុញ្ញាតឱ្យស្នាក់នៅព្យាបាលតាមផ្ទះ ដូចករណីអ្នកជំងឺកូវីដ ១៩ ប្រភេទអាល់ហ្វា ឬដែលតាដែរ ដោយគោរពតាមនីតិវិធី ប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ប្រសិនបើមាន កត្តាហានិភ័យសុខភាព អ្នកជំងឺអាចធ្វើការជ្រើសរើសធ្វើការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ ១៩ រដ្ឋ ឬឯកជន ដែលទទួលបានការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ ១៩»។
បើតាមក្រសួងសុខាភិបាលចំពោះអ្នកជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងជាជនបរទេស ឬជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ប្រសិនជាមានបំណងចាកចេញទៅព្យាបាលនៅតាមផ្ទះ ឬសណ្ឋាគារ ត្រូវបានអនុញ្ញាតឱ្យចាកចេញចាប់ពីយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះតទៅ។ ប៉ុន្តែ ក្នុងករណីដែលអ្នកជំងឺមានគេហដ្ឋានសមរម្យអាចស្នាក់នៅព្យាបាលដាច់ដោយឡែកពីក្រុមគ្រួសារ និង ត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ ដោយមានការចូលរួមសហការរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋាន ៕