ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ហាមឃាត់​ការចែក​ចាយ ឬ​លក់​ឱសថ​បុរាណ D AORA DETOX គ្មាន​លេខ​បញ្ឆិកា​ពី​ក្រសួង​សុខាភិបាល ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យ​ដឹងថា តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) មាន​គណនី​ឈ្មោះ ធម្មជាតិ ដែល​បាន​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បុរាណ​ឈ្មោះ DAORA DETOX គ្មាន​លេខ​បញ្ចិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២១​។

អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវឱ្យ​រាល់​ការចរាចរ​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុងការ​បង្ការ ឬ ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ចិកា​ពី​ក្រសួង​សុខាភិបាល​ ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

ក្រសួងសុខាភិបាល​ប្រកាសថា៖ «​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់ ឱសថ​បុរាណ គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ឆិកា​ពី​ក្រសួង​សុខាភិបាល​ខាងលើ​ជា​បន្តទៀត ព្រោះ​ផលិតផល​នេះ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​បានឡើយ​»​។

ក្រសួង​សុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ និង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ដែល​បាននិង​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បុរាណ DAORA DETOX ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។

ក្នុង​ករណី​បងប្អូន​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​នៃ​ក្រសួង​សុខាភិបាល សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២ , ០១២ ៥៦២ ៤៤៦៕