ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាសថា​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ P DEE BRAND Cosmetic និង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ដែល​នាំចូល ចែកចាយ លក់ និង​ផ្សព្វផ្សាយ​គ្រឿងសម្អាង​ម៉ាក P DEE Brand មួយចំនួន​ទៀត​ដោយ​គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួង​សុខាភិបាល​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កាលពី​ម្សិលមិញ​។

ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឱ្យ​ដឹងថា តាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) មាន​គណនី​ឈ្មោះ P DEE BRAND Cosmetic កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​ស្តាប់​ធម្មជាតិ P DEE BRAND និង​គ្រឿងសំអាង​ម៉ាក P DEE Brand មួយចំនួនទៀត​ដោយ​គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល និង គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២១​។

ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ទាំងនេះ​ជា​បន្តទៀត​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្រសួង​សុខាភិបាល​តម្រូវ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ ឬ​ជន​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ លក់ និង​ផ្សព្វផ្សាយ គ្រឿងសម្អាង​ទាំងអស់នេះ​ជាបន្ទាន់ និង​ប្រមូល​ផលិតផល​ខាងលើនេះ​មក​កម្ទេចចោល​»​។

ក្រសួង​សុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ P DEE BRAND Cosmetic និង​ជន​ពាក់ព័ន្ធ​ដទៃទៀត​ដែល​នាំចូល ចែកចាយ លក់ និង​ផ្សព្វផ្សាយ​គ្រឿងសម្អាង​ខាងលើនេះ​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។

ក្នុងករណី​បងប្អូន​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​នៃ​ក្រសួងសុខាភិបាល តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០១២ ៣៥៥ ១៦១ ,០១១ ៥៧៤ ៧៨៧,០១២ ៩៨៣ ៣៣៤,០១២ ៨៩២ ០២២ , ០១២ ៥៦២ ៤៤៦ ៕