ភ្នំពេញៈ ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ហាមឃាត់​ការចែកចាយ ឬ​លក់​ផលិតផល DOCTOR''S BON និង​ឱ្យ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់​ផលិតផល​ដែល​គ្មាន​លេខ​បញ្ឆិកា​នេះ​ជាបន្ទាន់ ព្រោះ​ផលិតផល​នេះ​ធ្វើឱ្យ​ប៉ះពាល់​សុខភាព ឬ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​កាល​នៅ​ថ្ងៃទី ២១ ខែមករា នេះ​បានឱ្យ​ដឹងថា ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពិនិត្យឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​គណនី​ចំនួន​៥ ដែល​ឈ្មោះ​ដូចជា ឈ្មោះ ១ - Doctor''s Bone Cambodia, ២- DOCTOR''S BONE-067776793, ៣- Doctor Bone ឯកទេស​សន្លាក់ឆ្អឹង​, ៤- Doctor''s Bone ដុកទ័រ​បូន, ៥- Doctor''s Bone Shop កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឈ្មោះ DOCTOR''S BONE គ្មាន​លេខ​បញ្ចិកា​ពី​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។

អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវ​ឱ្យ​រាល់​ការ​ចរាចរ​ផលិតផល​ឱសថ ឬ​ផលិតផល​ដែលមាន​គុណភាព​ក្នុងការ​បង្ការ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មុននឹង​ទិញ​ឱសថ​គ្រប់​ប្រភេទ​សូម​ពិនិត្យមើល​លតាបត្របញ្ញិកា​ដែលមាន​បិទ​លើ​សម្បក​វេចខ្ចប់ ហើយ​លតាប​ត្រ​ដែល​ត្រឹមត្រូវ គឺមាន​ ២ ​ផ្នែក ទី ​១- ​ផ្នែក​ខាងលើ​មានឈ្មោះ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ទី​ ២-​ ផ្នែក​ខាងក្រោម​មាន​លេខ​បញ្ជិកា​។

ក្រសួង​សុខាភិបាល​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​ជឿ​ការផ្សព្វផ្សាយ​ផលិតផល DOCTORS BONE ដែល​គ្មាន​លេខ​បញ្ជិកា​តាម​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខាងលើនេះ និង​ឈប់​ប្រើប្រាស់​ផលិតផល​នេះ​ជា​បន្តទៀត ព្រោះ​ផលិតផល​នេះ​មិនអាច​ធានាបាន​នូវ​គុណភាព និង​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព ឬ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀតផង​។ ដូច្នេះ ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខាងលើ និង ជន​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវ​បញ្ឈប់​ការនាំ​ចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់​ផលិតផល​ដែល​គ្មាន​លេខ​បញ្ឆិកា​នេះ​ជាបន្ទាន់​។

ក្រសួង​បញ្ជាក់ថា៖ «​ក្រសួង​សុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ និង​ជន​ពាក់ព័ន្ធ​ទាំងឡាយណា​ដែល​នាំចូល ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់ ផលិតផល​ដែល​គ្មាន​លេខ​បញ្ឆិកា​ខាងលើ​ទៅ​តាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​»​។

ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​ចែកចាយ ឬ​លក់​ផលិតផល DOCTORS BONE ដែល​គ្មាន​លេខ​បញ្ជិកា​ខាងលើ សូម​បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង​គ្រឿងសម្អាងង សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕