សៀមរាបៈ រដ្ឋបាល​ស្រុក​បន្ទាយស្រី ប្រកាស​ទុក​រយៈពេល ១ខែ គិត​ចាប់​ពី​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ ២០២២ ឱ្យ​ប្រជាពលរដ្ឋ និងសាធារណជន ដែល​កំពុង​មាន​ទំនាស់​ដីធ្លី ជាមួយ​បុគ្គល​ក្រុមហ៊ុន​សាច់ញាតិ​ឬ​អ្នក​ជាប់​ព្រំ និង​បញ្ហា​ផ្សេងៗ​ទៀត​ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុកបន្ទាយស្រី មក​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលាស្រុក​បន្ទាយស្រី។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បាន​ឱ្យ​ដឹង​តាម​រយៈហ្វេសប៊ុក​នៅ​ថ្ងៃទី ២២ ខែ​មករា​នេះ​ថា ការ​ប្រកាស​ឱ្យ​ពលរដ្ឋ​ទៅ​ដាក់ពាក្យ​បណ្តឹង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្នភាព ផ្តល់​ភាព​ច្បាស់លាស់ និង​គ្រប់គ្រង​ឱ្យ​បាន​ទិន្នន័យ​ជារួម​នៅ​ក្នុង​តំបន់​ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ ឯកសារ​ជាន់គ្នា ព្រំប្រទល់​មិន​ច្បាស់លាស់ និង​សម្បូរ​ទៅ​ដោយ​វិវាទ។

លោកសរសេរ​លើ​ហ្វេសប៊ុកថា ៖«សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​នៅ​ក្នុង​តំបន់​ទំនាស់ ទោះបី​គិត​ថា​មាន ឬ​គ្មាន​វិវាទ​ក៏ដោយ មេត្តា​រួសរាន់​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ឱ្យ​រដ្ឋបាល​ស្រុក​មាន​ទិន្នន័យ​ពេញលេញជា​លក្ខណៈ​ប្រព័ន្ធ និង​គ្រប់​ជ្រុង​ជ្រោយ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ទាំង​ឡាយ​ដែល​បាន​អូស​បន្លាយ​អស់​ជាង ១៥​ឆ្នាំ​មក​ហើយ​នេះ»។

លោក​អភិបាល​ស្រុក​បាន​ឱ្យ​ដឹង​ថា ដី​នៅ​ក្នុង​តំបន់​ជាប់​ព្រំ​ប្រទល់​រវាង​ឃុំខ្នារ​សណ្តាយ ឃុំ​រំចេក និង​ឃុំ​ព្រះដាក់ ជាពិសេស​តំបន់​ចន្លោះ​ផ្លូវជាតិ​លេខ​៦៦ និង​ផ្លូវ​ជាតិ​លេខ​៦៧ សុទ្ធ​សឹង​តែ​ជា​ដី​ជាប់​នៅ​ក្នុង​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ នៅ​ឡើយ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​កាន់​កាប់​អាស្រ័យ​ផល​ជិត​ម្ភៃឆ្នាំ​រួច​មក​ហើយ។ ប៉ុន្តែ​​ក៏​ជា​តំបន់​ដែល​មាន​ការ​ទាមទារ​ត្រួត​ស៊ី​គ្នា រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ​ឬ​រវាងប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដែល​បាន​ទិញ​ដី​បន្ត​ពី​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ជា​ប្រព័ន្ធ និង​ធ្វើ​ការ​វិនិច្ឆ័យ​ជា​រួម​ដំណាលគ្នា​ទើប​សង្ឃឹម​អាច​រក​ច្រក​ចេញ​បាន។

បើ​តាម​លោក​អភិបាល​ស្រុក​បន្ទាយ​ស្រី ម្ចាស់ដី​ទាំងអស់​នៅ​ក្នុង​តំបន់​ទាំង​នេះ​នឹង​ត្រូវ​បាន​ទុក​ពេល​ឱ្យ​រយៈពេល ១ ខែ​ដើម្បី​បង្ហាញ​ឯកសារកាន់​កាប់​ដែល​មាន​សុពលភាព​​នៅ​លើ​ដី​របស់​ខ្លួន​មក​កាន់​ក្រុម​ការងារ​របស់​រដ្ឋបាលស្រុក​ ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​វាយ​តម្លៃ មុន​នឹង​កំណត់ឱ្យ​ច្បាស់​ថា​តំបន់​ណា​ត្រួត​ជាន់​គ្នា​ពិត​ប្រាកដ ហើយ​ត្រូវ​ដោះស្រាយ​បញ្ចប់ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ដី​ពិត​ប្រាកដ​ចេញ​មុខ​តវ៉ា​ដោះស្រាយ​ដោយផ្ទាល់ និង​មិន​អនុញ្ញាត​ឱ្យ​តំណាង​ឬ​ម្ចាស់ដី​ដើម​ចេញ​មុខ​តវ៉ា​ជំនួស​ឡើយ។

លិខិត​របស់​ក្រសួង​សុខាភិបាល រដ្ឋបាល​ស្រុកបន្ទាយស្រី​កាល​ពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ ២០២២ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ និង​សាធារណជន ដែល​កំពុង​មាន​ទំនាស់​ដីធ្លី ជាមួយ​បុគ្គល ក្រុមហ៊ុន​សាច់​ញាតិ ឬ​អ្នក​ជាប់​ព្រំ និង​បញ្ហា​ផ្សេងៗ​ទៀត ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក បន្ទាយស្រី រួម​មាន ផ្នែក​ខ្លះ​ភូមិ​ស្រះខ្វាវ នៃ​ឃុំត្បែង ផ្នែក​ខ្លះ​ភូមិ​រវៀងតាទុំ, ភូមិ​សាលា​ក្រវ៉ាន់, ភូមិ​រំចេក នៃ​ឃុំរំចេក ផ្នែកខ្លះ​ភូមិប្រីយ៍,ភូមិខ្នារ,ភូមិសណ្ដាយ,កកោះជ្រុំ នៃ​ឃុំខ្នារ​សណ្តាយ ជា​ដី​ក្នុង​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ដែល​ជា​សមត្ថកិច្ច​គ្រប់គ្រង​ដោយ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ដើម្បី​ដាក់​ពាក្យ​បណ្តឹង​នៅ​សាលា​ស្រុក​បន្ទាយស្រី រដ្ឋបាល​ស្រុក​នេះ​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ភ្ជាប់មក​ជាមួយ​នូវឯកសារ ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ និង​សៀវភៅ​ស្នាក់​នៅ អត្រានុកូលដ្ឋាន ឯកសារ​ដីធ្លី លិខិត​ទិញ-លក់ និង​ពាក្យ​ស្នើ​សុំ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី ឬ/និង​លិខិត​ផ្ទេរ​សិទ្ធិ កាន់កាប់​ដីធ្លី ឬ/និង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ/និង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ អចលនវត្ថុ ឬ/និង​បង្កាន់ដៃ​ទទួល​ពាក្យ។

ក្នុង​លិខិត​រដ្ឋបាល​ស្រុក​សរសេរ​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ រួសរាន់​មក​ដាក់​ពាក្យ​នៅ​សាលា​ស្រុក ឱ្យ​បាន​ទាន់​ពេល​វេលា​នៅ​រៀងរាល់ម៉ោង​ធ្វើ​ការ ក្នុង​រយៈពេល ៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ ព័ត៌មាន​លម្អិត សូម​ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០៧៧ ៧៣១២៨៦។ បញ្ជាក់៖ ចំពោះ​ពាក្យ​បណ្តឹង​ដែល​រដ្ឋបាល​ស្រុក​បាន​ទទួល​ពី​មុន​មក រដ្ឋបាល​ស្រុក​សូម​ធ្វើ​ការ​តម្កល់​ទុក​មិន​ចាត់​ការ»៕