
លោក ហេង រតនា អគ្គនាយកអង្គភាព ស៊ីម៉ាក់ ក្នុងជំនួបជាមួយលោកស្រី Ana Maria Prieto Abad ឯកអគ្គរដ្ឋទូត កូឡុំប៊ី ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅក្រុង បាងកក ប្រទេសថៃ នាថ្ងៃទី២១ ខែមករា នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ។ CMAC
ភ្នំពេញៈ ប្រទេសកូឡុំប៊ី បានស្នើជប៉ុនបន្តគាំទ្រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថា ស៊ីម៉ាក់ (CMAC) បន្តជួយហ្វឹកហ្វឺនដល់កម្លាំងជំនាញសកម្មភាពមីន កូឡុំប៊ី បន្ថែមទៀតចាប់ពីឆ្នាំ ២០២២ ក្រោយអង្គភាពស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពនិងកម្លាំងជំនាញសកម្មភាពមីនកូឡុំប៊ី បានចំនួន ១៦៦ នាក់។
លោក ហេង រតនា អគ្គនាយកអង្គភាព ស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុក នាថ្ងៃទី ២១ ខែមករា ថា៖ « រដ្ឋាភិបាលកូឡុំប៊ី បានស្នើសុំរដ្ឋាភិបាលជប៉ុន បន្តគាំទ្រឱ្យអង្គភាពស៊ីម៉ាក់បន្តជួយផ្តល់ការហ្វឹកហ្វឺនដល់កម្លាំងជំនាញ កូឡុំប៊ីបន្ថែមទៀតចាប់ពីឆ្នាំ ២០២២ នេះ»។
លោកបានសរសេរដូច្នេះក្រោយជំនួបជាមួយ លោកស្រី Ana Maria Prieto Abad ឯកអគ្គរដ្ឋទូត កូឡុំប៊ី ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅក្រុង បាងកក ប្រទេសថៃ នាថ្ងៃទី២១ ខែមករា នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ។
លោក ហេង រតនា សរសេរថា លោកស្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានពង្រឹងកិច្ចប្រតិបត្តិការយ៉ាងល្អទាំងទ្វេភាគី និងពហុភាគី និងថ្លែងអំណរគុណចំពោះអង្គភាពស៊ីម៉ាក់ ដែលបានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពនិងកម្លាំងជំនាញសកម្មភាពមីនកូឡុំប៊ី បានចំនួន ១៦៦ នាក់ទាំងការហ្វឹកហ្វឺននៅកូឡុំប៊ី និងនៅកម្ពុជា។
ការហ្វឹកហ្វឺននេះអនុវត្តតាមគម្រោងកិច្ចសហប្រតិបតិ្តការត្បូង-ត្បូងគាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕