ភ្នំពេញៈ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈជូន​ដំណឹងការ​បើក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និងទេសចរណ៍ ដែល​ត្រូវ​បាន​ព្យួរ​កិច្ច​សន្យា​ការងារ​ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល (លើកទី ៧៧) និង​ប្រាប់​ឱ្យ​ពលរដ្ឋរួស​រាន់​ទំនាក់​ទំនង​បើក​ប្រាក់​ឧបត្ថម្ភ​នេះ​នៅ​តាម​ភ្នាក់ងារ​វីង​នានា​ដែល​នៅ​ជិត​បំផុត​ឱ្យ​បាន​ទាន់​ពេល​វេលា។

តាមរយៈ​សេចក្តី​ជូន​ដំណឹង​ថ្ងៃ​ទី ២១ ខែ​មករា​នេះ ក្រសួង​ការងារ បាន​ប្រាប់​ទៅ​បងប្អូន​កម្មករ​និយោជិត​ចំនួន ១៤ ១៤២នាក់ នៃ​រោងចក្រ សហគ្រាស​ទាំង៨៤ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ទទួល​បាន​ការ​អនុញ្ញាត ព្យួរ​កិច្ច​សន្យា​ការងារ​ស្រប​តាម​ស្មារតី​ជុំ​ទី ៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល ឱ្យ​បាន​ដឹង​ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹង​ផ្ញើសារ​អំពី​ការ​បើក​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិ​បាល​ទៅ​លេខ​ទូរស័ព្ទ ដែល​បងប្អូន​បាន​ផ្តល់​មក​ឱ្យ​ក្រសួង​តាម​រយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នា​ពេល​កន្លង​មក។

ប្រាក់ឧបត្ថម្ភនេះ​នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់​រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការ​ព្យួរ​កិច្ច​សន្យា​ការងារ ក្នុង​នោះ​ចំនួន ៦០ ៧៥០រៀល (១៥ដុល្លារ​អាមេរិក) សម្រាប់​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈពេល ៧​ថ្ងៃ ដល់ ១០​ថ្ងៃ ចំនួន ១២១ ៥០០រៀល (៣០​ដុល្លារ​អាមេរិក) សម្រាប់ការ​ព្យួរ​កិច្ច​សន្យា​ការងារ​រយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ និង ចំនួន ១៦២ ០០០រៀល (៤០​ដុល្លារ​អាមេរិក) សម្រាប់​ការ​ព្យួរ​កិច្ច​សន្យាការងារ​រយៈពេល​ចាប់​ពី ២១ថ្ងៃ ដល់ ១ខែ។

ក្រសួង​ការងារ​បញ្ជាក់​ថា ៖«ក្រសួង​សូម​រឭក​ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹង​បង្វិល​ប្រាក់​ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​ជាបងប្អូន ខកខាន មិន​បាន​ទៅ​បើក​ប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សារតាម​ទូរស័ព្ទ​ពី​ធនាគារ វីង (ខេមបូឌា) ម.ក»។

ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួល​បាន​សារ​នោះ ទៅ​កាន់​ភ្នាក់ងារ​វីង​ដែល​នៅជិត​បំផុត។ បងប្អូន​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វីង​ឡើយ​ពេល​បើក​ប្រាក់​ឧបត្ថម្ភ​នេះ។នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ក្រសួង​ការងារ។

ក្រសួងការងារ​បញ្ជាក់​ទៀត​ថា ក្នុង​ករណី​បងប្អូន​កម្មករ​និយោជិត ដែល​បម្រើការងារ​នៅ​រោងចក្រ សហគ្រាស​ទាំង​ ៨៤ នេះ មិន​បាន​ទទួលសារ ទូរស័ព្ទ​ពី​ធនាគារ វីង (ខេមបូឌា) ម.ក នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​លេខ​ទូរស័ព្ទ​របស់​ខ្លួន ទៅរដ្ឋបាល​រោងចក្រ សហគ្រាស​របស់​ខ្លួន។ ក្រសួង​នឹង​បន្ត​ជូន​ដំណឹង​ដល់​បងប្អូន​កម្មករ​រោងចក្រ សហគ្រាស​ដទៃ ផ្សេង​ទៀត​អំពី​ការ​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ៕