រតនគិរីៈ ខេត្តរតនគិរី បើកការដ្ឋានជួសជុលកំណាត់ ផ្លូវជាតិ ៧៨-៥ ប្រវែងជាង ៨០០ម៉ែត្រ ដែលតភ្ជាប់ពីរង្វង់មូលស្រុក អូរជុំ មកកាន់ស្រុក តាវែង ខេត្តរតនគិរី។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវនេះ ថា កំណាត់ផ្លូវដែលត្រូវជួសជុលនេះ មានប្រវែង ៨ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រពីចន្លោះគីឡូម៉ែត្រ ៣៧+៥៥០ ដល់គីឡូម៉ែត្រ ៤៧+៥០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តរតនគិរី។
សេចក្តីប្រកាសព័ត៌មានដកស្រង់សំដី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ថ្លែងក្នុងពិធីនេះថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកទាំង ២ ក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួលក្នុងការដឹកសម្ភារសំណង់ គ្រឿងឧបភោគដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុក តាវែង។
លោកស្នើដល់ប្រជាពលរដ្ឋចៀសវាងការដឹកជញ្ជូនសំពីងសំពោង ជាពិសេស អាជ្ញាធរស្រុកត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅតាមបណ្តោយផ្លូវ ឱ្យចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវនេះ៕