ភ្នំពេញៈ អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដោយ​មាន​ការ​គាំទ្រ​ពី UNAIDS ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់ស្តីពី​ការ​ពិនិត្យ​ឡើង​វិញ​ពាក់​កណ្តាល​អាណត្តិ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុវិស័យ​ឆ្លើយតប​នឹង​មេរោគអេដស៍ និង​ជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​ពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ ២០២២។

សិក្ខា​សាលា​នេះ​ដឹក​នាំ​ដោយ លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​បណ្តាញ​វីដេអូ កម្មវិធី Zoom ពី​ស្ទើរ​តែ​គ្រប់​ដៃ​គូ​ពាក់ព័ន្ធ តំណាង​ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ សង្គម​ស៊ីវិល តំណាងសហគមន៍ និង​អ្នក​ផ្ទុក​មេរោគអេដស៍​ផងដែរ។

អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ឱ្យ​ដឹង​តាម​រយៈហ្វេសប៊ុក​ថា សិក្ខា​សាលា​ពិគ្រោះ​យោបល់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណងពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រជាតិ​ទូលំទូលាយ និង​ពហុវិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ លើក​ទី ៥ ព្រម​ទាំង​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត ដើម្បី​ផ្តល់​ជា​អនុសាសន៍​សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ២០២២ និង ២០២៣។

អាជ្ញាធរ​នេះ​បាន​ឱ្យ​ដឹង​ថា ផែនការ​យុទ្ធសាស្ត្រជាតិ​ទូលំទូលាយ និង​ពហុវិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ លើក​ទី ៥ (ឆ្នាំ២០១៩-២០២៣) ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ ២០១៩ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ជា​សមាជិក​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ព្រម​ទាំង​តំណាង​អង្គការ​សង្គម​ស៊ីវិល អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ក្រុមប្រជាជន​គន្លឹះ​ផងដែរ។

អាជ្ញាធរនេះ​បញ្ជាក់​ថា៖ «ក្នុង​រយៈពេល​៣ ឆ្នាំ​នៃ​ការ​អនុវត្ត​ផែនការ​នេះ យើង​បាន​ពុះពារ​ឧបសគ្គ និង​ការ​លំបាក​នានា ជាពិសេស​នៅ​ក្នុងដំណាក់​កាល​នៃ​ការ​រាតត្បាត​ជា​សកល​នៃ​កូវីដ១៩ ក្នុង​អំឡុង​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ»។

បើ​តាម​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដោយ​មាន​ការ​គាំទ្រ និង​កិច្ច​សហការ​ពី​អង្គការ UNAIDS អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​សម្រប​សម្រួល​ដំណើការ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​នេះ នៅ​ចុង​ឆ្នាំ ២០២១។ ក្នុង​នោះ ទីប្រឹក្សាបច្ចេកទេស​បាន​រៀបចំ​ជា​របាយការណ៍​បឋម និង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​បាន​ធាតុ​ចូល​បន្ថែម​ទៀត និង​ធ្វើការ​កែ​សម្រួល​របាយការណ៍​ឱ្យ​កាន់​តែ​មាន​ភាព​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ ឈាន​ទៅ​សម្រេច​បាន​គោលដៅ ៩៥-៩៥-៩៥ និង​ការ​បញ្ចប់អេដស៍​នៅ​ឆ្នាំ ២០២៥ ខាងមុខ តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោកទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព និង​ការ​ឆ្លើយតប​នឹងមេរោគអេដស៍ និង​ជំងឺអេដស៍ ព្រម​ទាំង​អំពី​សមិទ្ធផល​នៃ​គោលបំណង​ចំនួន​បួន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លើក​ទី ៥ ជា​កិច្ចការ​សំខាន់ តែអ្វី​ដែល​សំខាន់​ជាង​នេះ​គឺ សុខដុមនីយកម្ម និង​ភាព​ស៊ី​សង្វាក់​គ្នា​ក្នុង​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

លោក​ថ្លែង​ថា ៖«អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​យើង​ពិភាក្សា​ពី​របៀប​ដែល​យើង​អាច​សម្រប ធ្វើ​សុខដុមនីយកម្ម និង​ធ្វើ​ឱ្យ​ស៊ី​សង្វាក់​គ្នាក្នុង​ការងារ​ប្រយុទ្ធ​នឹង​មេរោគអេដស៍ ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ឆ្លើយតប​ប្រកប​ដោយ​ថាមវន្ត រួម​បញ្ចូល​គ្នា និង​និរន្តរភាព​ទាំង​នៅ​ថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ»។

លោក​ទេសរដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ការ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ក្នុង​កិច្ច​សហការ​ប្រទាក់ក្រឡា និង​ស៊ី​សង្វាក់​គ្នា​នា​ពេល​អនាគត យើង​ត្រូវពិចារណា​ពី​បរិបទ​ផ្សេង​គ្នា​នៃ​ការ​ឆ្លើយតប​នឹង​មេរោគអេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា។ បរិបទ​ទាំង​នោះ​រួមមាន ១ ការ​ធ្វើ​ដំណើរ​ពី​ការ​ពឹងផ្អែក​ទៅ​លើ​ជំនួយ​ខាងក្រៅ​ទៅ​ដល់​ស្ថានភាព​ដែល​ពឹង​ផ្អែក​ទៅ​លើ​ថវិកាជាតិ​ជា​បណ្តើរៗ​ដើម្បី​ធានា​ចីរភាព ២ ការ​ផ្លាស់ប្តូរ​ពី​ការ​គាំទ្រ​កម្មវិធី ទៅ​ជា​ការ​គាំទ្រ​ទាំង​កម្មវិធី​ផង និង​គាំទ្រ​ស្ថាប័ន​ផង និង ៣ ការ​ផ្លាស់ប្តូរ​ពី​អភិក្រម​ដែល​អ្នក​ផ្តល់​សេវា​ជា​ចម្បង មក​ជា​អភិក្រម​ដែល​អ្នកទទួល​សេវា​ជា​ចម្បង (People-Centered) ៕