ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​យាន​យន្ត​ចំនួន ១១៩ ៣៨៤ គ្រឿង ធ្វើ​ការ​ពិនិត្យ​និង​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ១៤ ៤៧៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ៣០០៨ គ្រឿង ត្រូវ​បាន​ផាក​ពិន័យ​តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ.បក នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល ២២​ថ្ងៃគិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃ​ទី​២២ ខែ​មករា​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ។

របាយការណ៍​ដដែល​បាន​វាយ​តម្លៃ​រយៈពេល ២២ ថ្ងៃ​នៃ​ខែមករា​នេះ ឃើញ​ថា ការ​អនុវត្ត​តាម​អនុក្រឹត្យ​ការ​ផាក​ពិន័យ​យានយន្ត​ល្មើស បានដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ ទទួល​បាន​ការ​គាំទ្រ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ។

ដោយឡែក តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ ស្តីពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ ២០២២ ឱ្យ​ដឹង​ថា ចំនួន​គោលដៅ​សរុប ១៦៥ គោលដៅ មាន​យានយន្ត​ចូល​គោល​ដៅ​ចំនួន ៧០៥៥​គ្រឿង ម៉ូតូ ៤៤៨១​គ្រឿង ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៥៦១​គ្រឿង មាន​ម៉ូតូ​ចំនួន ៤៦៩​គ្រឿង ត្រូវ​បាន​ផាក​ពិន័យ​តាម​អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅ​ទូទាំង​ប្រទេស៕