
ការនាំអ្នកឆ្លងជំងឺកូវីដប្រភេទអូមីក្រុងនៅភ្នំពេញទៅព្យាបាល កាលពីដើមខែមករានេះ ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងសុខាភិបាលបានឱ្យដឹងថា មនុស្សជិត ៣០ នាក់បានឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង និងមានអ្នកជាសះស្បើយជិត ២០ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះថ្មីឡើយ ក្នុងរយៈពេល ១៩ ថ្ងៃកន្លងមកនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២៦ នាក់ទៀតបន្ថែមទៀតដែលជាប្រភេទអូមីក្រុងទាំងអស់និងមានអ្នកជាសះស្បើយចំនួន ១៨ នាក់។ ការរកឃើញឆ្លងនេះ មានករណីឆ្លងសហគមន៍ ចំនួន ២១ នាក់ និងអ្នកដំណើរពីបរទេស ចំនួន ៥ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ១២១ ០២៦ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១១៧ ២១៣ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០១៥ នាក់៕