ភ្នំពេញ/បាត់​ដំបងៈ នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលា​ការ​នៅ​ថ្ងៃទី​២៣​ មករា ជា​មួយ​គ្រឿង​ញៀន​មេ​តំ​ហ្វេ​តា​មីន​កេ​តា​មីន​និងអិច​ស្តា​ស៊ីសរុប​ជាង​២៥​គីឡូក្រាម​ ខណៈ​បុរស​ម្នាក់​ទៀ​តនិង​កញ្ឆា​ក្រៀម​១៧​គីឡូ​ក្រាម​ក៏ត្រូវ​នគរ​បាល​ស្រុក​សំឡូត​បញ្ជូន​ទៅ​ស្នង​កា​រដ្ឋាន​នគ​របាល​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃទី២៣​មករា​ផង​ដែរ​។

លោក ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ិន សុង ​អ្នកនាំ​ពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៣ ​មករា​ ថា ជន​សង្ស័យ​ឈ្មោះ ​អ៊ា​ត ម៉ា​ទី ភេទ ប្រុស ​អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​នគរ​បាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំ​បូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី២៣​មករា​ បន្ទាប់ពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ មករា​។

លោក​ថ្លែង​ថា៖«សមត្ថកិច្ច​ជំនាញ​របស់​មន្ទីរ​គ្រឿង​ញៀន​បាន​កសាង​សំណុំ​រឿង​ជន​សង្ស័យ​ទៅ​តុលា​ការ​ហើយ​ជា​មួយ​នឹង​វត្ថុ​តាង​គ្រឿង​ញៀន​ផង។ ជន​សង្ស័យ​ម្នាក់​នេះ​កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ»​។

បើតាម​លោក អ៊ិន សុង មុន​ឈាន​ដល់​ការ​បង្ក្រាប​នេះ សមត្ថ​កិច្ច​ជំនាញ​បាន​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​បន្ទាប់​ពី​ក្តាប់​ព័ត៌​មាន​បាន​ច្បាស់​ហើយក៏​បាន​ស្នើ​សុំ​គោល​ការណ៍​ពី​នាយ​ឧត្ដម​សេនីយ៍ ​ម៉ក់ ជី​តូ ​អគ្គ​ស្នង​ការ​រង​ទទួល​ផែន​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​និង​ឧត្ដម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ព្រម​ទាំង​មាន​ការ​សម្រប​សម្រួល​ពី​លោក ​អ៊ុំ សុភ​ក្តិ ព្រះ​រាជអាជ្ញា​រងនៃ​អយ្យកា​រ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

លោក​បញ្ជាក់​ថា ប្រតិ​បត្តិ​ការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​ជាង​១០​យប់​ថ្ងៃទី១៨ មករា​ ឆ្នាំ២០២២​ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៩​ ផ្លូវលំ ភូមិ​សន្សំ​កុសល ​សង្កាត់​បឹង​ទំពុន​១ ​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិ​បត្តិ​ការ​នោះ​ក្រៅពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ អ៊ា​ត ម៉ា​ទី សម​ត្ថកិច្ច​ក៏​រឹប​អូស​បានថ្នាំ​ញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន(ICE)ទម្ងន់​២០​គីឡូ​ក្រាម និង​៩៩០​ក្រាម ប្រភេទ​ថ្នាំ​ញៀន អ៊ិ​ច​ស្តា​ស៊ី(MDMA)២គីឡូ​ក្រាម៨០០​ក្រាម​និង​ថ្នាំ​កេ​តា​មីន(Ketamine)១គីឡូ​ក្រាម ៤០២​ក្រាម សរុប​ទម្ងន់២៥​គីឡូ​ក្រាម និងជាង​១៩២​ក្រាម​រួមទាំង​​អាវុធ​វែង២​ដើម និង​គ្រាប់​ចំនួន​៩៦​គ្រាប់​ផង​។

ពាក់​ព័ន្ធ​ការចោទប្រ​កាន់​យ៉ាង​ណា​នោះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី លោក ​ប្លង់ សុផល អ្នក​នាំពា​ក្យ​អយ្យកា​រ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានទេ កាល​ថ្ងៃទី​២៣ មករា ដោយសារតេ​ឡេ​ក្រាម​របស់លោក​មិន​មាន​ការ​ឆ្លើយ​តប​។

ដោយ​ឡែក​ជន​សង្ស័យ​ម្នាក់​ទៀត ​ក៏ត្រូវ​បាន​នគរ​បាល​ស្រុក​សំឡូត​ចាប់​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​បាត់ដំ​បង​នៅ​ថ្ងៃទី​២៣​មករា​ជាមួយ​នឹង​កញ្ឆា​ក្រៀម​ចំនួន​១៧​គីឡូ​ក្រាមនិ​ង​បំផ្លាញ​ដើម​កញ្ឆា​ស្រស់​ចំនួន​៧៥

ដើ​ម​ផង។​

លោក ម៉ែន រី​ម អធិ​ការ​នគរ​បាល​ស្រុក​សំឡូត​ឱ្យដឹង​នៅ​ថ្ងៃទី២៣ ​មករា ថា ជន​សង្ស័យ​ជា​ម្ចាស់​កញ្ឆា​ឈ្មោះ ​រ៉ា​ន់ រឹម ភេទ​ប្រុស​អាយុ​៣៦ឆ្នាំ រស់នៅ​ភូមិ អូរ​ច្រាប ​ឃុំ សំឡូត​ខេត្ត​បាត់ដំ​បង។ជន​សង្ស័យ​ត្រូវបាន​លោក​បញ្ជូនទៅ​​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ថ្ងៃទី​២៣​​មករា​។

លោក​ថា៖«បុរស​សង្ស័យ​ខាង​លើ​ខ្ញុំ​បាន​ចាត់​កម្លាំង​ស្រុក​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​ខេត្ត​បន្ត​ទៀត​ហើយ​នៅថ្ងៃ​នេះ(ថ្ងៃទី​២៣ ​មករា)ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។គាត់​ជា​ម្ចាស់​កញ្ឆា​ក្រៀម​ផង ​និង​ជា​ម្ចាស់​ដំណាំ​កញ្ឆា​ផង»​។

លោក​បាន​រំ​ឭ​ក​ប្រាប់​ថា ​កាលពី​ថ្ងៃទី​២១ ​មករា​ ឆ្នាំ ២០២២​ មុន​មាន​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់​ពេល​កំពុង​ដឹក​កញ្ឆា​ក្រៀម​តាម​ម៉ូតូ។បន្ទាប់​ពី​សា​កសួរ​ជន សង្ស័យ​រូបនោះ​បាន​ប្រាប់ថា ​រូបគេ​លួច​ដាំ​ដើម​កញ្ឆា​នៅ​ចំណុច​លើ​ខ្នង​ភ្នំ​ស្ថិត​ក្នុង​ភូមិ អូរ​ច្រាប ឃុំ​សំឡូត។

បន្ទាប់ម​ក ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ឃុំ​សំឡូត​បាន​ឱ្យ​ជន​សង្ស័យ​នាំ​ទៅ​ទី​តាំង​ដាំ​កញ្ឆា​៕