ត្បូងឃ្មុំៈ គម្រោង​ការពារ​ច្រាំងទន្លេ​​ប្រវែង​ជាង​៣ពា​ន់​ម៉ែត្រ​ចំនួន​ ៣ ទីតាំង ​ស្ថិតនៅ​ខេត្ត​ត្បូង​ឃ្មុំត្រូវ​បាន​ក្រុម​ការងារ​ជំនាញ​នៃ​អាជ្ញា​ធរ​ទន្លេ​សាប​វាយ​តម្លៃ​ថា​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​និង​ធានា​មិនឱ្យ​បាក់​ច្រាំង​បន្ថែម​ទៀត បន្ទាប់ពី​ដាក់​ឱ្យ​ដំណើរ​ការ​អស់​រយៈ​ពេល​ ៦ ខែ​កន្លង​មក​នេះ។​

ដើម្បី​តាម​ដាន​គុណ​ភាព​នៃ​គម្រោង​ការពារ​ច្រាំង​ទន្លេ​នេះ កាលពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ លោក ម៉ៅ ហាក់ អនុ​ប្រធាន​អាជ្ញាធរ​ទន្លេ​សាប និង​គណៈ​កម្មាធិការ​ល​ទ្ធ​កម្ម(គល)និង(អ​ល)នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម លោក យិន សាវុធ ប្រធាន​នាយក​ដ្ឋាន​ជល​សា​ស្ត្រ និង​ការ​ងារ​ទន្លេ និង​លោក សុខ ឡេង​ម៉េង ប្រធាន​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម ខេត្ត​ត្បូង​ឃ្មុំ ព្រមទាំង​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​នាយក​ដ្ឋាន​ជល​សា​ស្ត្រ និង​ការងារ​ទន្លេ បាន​ចុះ​ពិនិត្យ ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​រយៈ​ពេល ៦ខែ​នៃ​គម្រោង​ការពារ​ច្រាំង​ទន្លេ​មេគង្គ​ចំនួន ៣​ទីតាំង​។

គម្រោង​ការពារ​ច្រាំង​ទន្លេ​ទាំង​នោះ​រួម​មាន​១-គម្រោង​ការពារ​ច្រាំង​ទន្លេ​មេគង្គ​ប្រវែង​៥០០​ម៉ែត្រ ​ស្ថិតនៅ​ឃុំ​ជី​រោទិ៍១ និង​ឃុំ​រកាធំ​​ ស្រុក​ត្បូង​ឃ្មុំ ។ ២-គម្រោង​ការពារ​ច្រាំង​ទន្លេ​មេគង្គ​ប្រវែង១ ៩៥០​ម៉ែត្រ ស្ថិត​នៅ​ឃុំ​ក្រូច​ឆ្មារ និង​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូច​ឆ្មារ និង​ប្រវែង​៧០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ខ្សាច់​ប្រឆេះ​លើ ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូច​ឆ្មារ។ គម្រោង​ការពារ​ច្រាំង​ទន្លេ​នេះ មាន​ធ្វើ​ការរៀប​បាវ Geotextile Bags ការពារ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ច្រាំង​ទន្លេ​ ។

ប្រធាន​នាយក​ដ្ឋាន​ជល​សា​ស្ត្រ និង​ការ​ងារ​ទន្លេ លោក យិន សាវុធ ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែ​មករា​​ថា ជារួម ​ក្រុម​ការងារ​ បាន​ពិនិត្យ​វាយតម្លៃ​ឃើញ​ថា គម្រោង​ការពារ​ច្រាំង​ទន្លេ​ទាំង​៣​ទីតាំង​ខាង​លើ​គឺ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​និង​ធានា​គុណ​ភាព​បាន​ល្អ ​។

លោក​បន្ត​ថា៖ «ជា​ធម្មតា​យើង​ចុះ​ពិនិត្យ​ក្រោយ ៦ខែ ដើម្បី​ចង់ដឹ​ងថា​​ការសាង​សង់​របស់​យើង​នៅ​ល្អឬ​មាន​ការ​ខូចខាត​អី​អត់?ហើយ​អ្វី​យើង​ទទួល​បាន​ឃើញ​ថា ​នៅ​ល្អ ហើយ​មាន​គុណ​ភាព ​និង​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស»​។

លោក​បន្ត​ថា សម្រាប់​នៅ​ខេត្ត​ត្បូង​ឃ្មុំ នៅមាន​ទីតាំង​ផ្សេង​ទៀត ដែល​ត្រូវ​សាង​សង់​គម្រោង​ការពា​រ​ច្រាំង​ទន្លេ ដោយ​លោក​បាន​គូស​បញ្ជាក់​ថា ទីតាំង​៣ខាង​លើនេះ​ ទាម​ទារ​​ត្រូវ​សាង​សង់​ជា​បន្ទាន់។ លោក​ថា៖​«នៅមាន​ច្រើន​កន្លែង​ទៀត តែ​យើង​ធ្វើជា​ដំណាក់ៗទេ​ទៅ​តាម​លទ្ធ​ភាព​ថវិកា​ ប៉ុន្តែ​យើង​ធ្វើ​កន្លែង​ណា​ដែល​ជា​បន្ទាន់ គ្រោះ​ថ្នាក់​ខ្លាំង ព្រោះ​កន្លែង​ខ្លះ​បាក់​ច្រាំង​ដល់​ផ្ទះ​ប្រជា​ជន»​។

ប្រធាន​មន្ទីរ​ព័ត៌មាន​សា​លាខេ​ត្ត​ត្បូងឃ្មុំ លោក ស ស៊ីណា បាន​មាន​ប្រសាសន៍​ថា ទីតាំង​នោះ​ងាយ​នឹង​បាក់​ច្រាំង​ជាង​គេ​ហើយ​ប្រជា​ពលរដ្ឋ​មួយចំ​នួន​ដែល​សាង់​សង់​ផ្ទះ​ក្បែរ​ច្រាំង​តែងតែ​រើ​ផ្ទះ​ទៅ​រស់​នៅ​ខាង​ក្នុង​ជា​រៀង​រាល់​ឆ្នាំ​។

លោក​ថា៖​«កន្លងម​ក​ពេល​ទឹក​ឡើង​ ប្រជា​ពលរដ្ឋ​គាត់​រុះរើ​ផ្ទះ​គាត់​៤ ទៅ៥ខ្នង ទៅ​រស់នៅ​ដី​ខាងក្នុង​វិញ ​ភាគច្រើន​ពលរដ្ឋ​សង់ផ្ទះ​នៅ​មាត់​ច្រាំង​បណ្តោះ​អាសន្ន សង់​ផ្ទះ​មិនធំ​ដុំ​ទេ ផ្ទះ​ចល័ត​បាន»​។

លោក​បាន​ឱ្យដឹ​ងថា មូល​ហេតុ​ដែល​ធ្វើឱ្យ​ទីនោះ​បាក់​ច្រាំង​ទន្លេ​ខ្លាំង​ជា​ងគេ​ ដោយ​សារ​ នៅពេល​ទឹក​ឡើង​ ចរន្តទឹក​ហូរ​បុក​យ៉ាង​គំហុក​ និង​ទឹក​ស្រក​ទៅវិញ​ធ្វើឱ្យ​ច្រាំង​ងាយ​បាក់ ។​លោក​ថា​គម្រោង​នេះ គឺ​ដើម្បី​ការពារ​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត​កុំឱ្យ​បាក់​ថែម​ទៀត​​។

ទាក់​ទង​នឹង​ការសា​ងសង់​គម្រោ​ងការ​ពារ​​ច្រាំងទន្លេ​នេះ​ដែរ នៅ​ខេត្ត​កំពង់​ចាម​ ក៏មាន​ការ​សង់​គម្រោង​បែប​នេះ​ប្រវែង​២​ពាន់​ម៉ែត្រផ​ងដែរ​ ៕