ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ចំនួន​៣ ១៦០ នាក់ ​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ ក្នុង​រយៈពេល​៣សប្តាហ៍ ​គិត​ពី​ថ្ងៃទី ១-២១ ​មករា ​ឆ្នាំ ២០២២ ​ដែល​ក្នុងនោះ​មាន​ ពលរដ្ឋ​ ៤៥៥ នាក់ ​កំពុង​ធ្វើ​ចត្តាឡីស័ក ​និង ​៥ នាក់​ រកឃើញ​មាន​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​លោក​ សឿម ប៊ុនរិទ្ធិ​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់​ដំបង។

លោក​សឿម ប៊ុនរិទ្ធិ ​អភិបាល​រង ​និង​ជាអ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ថ្លែង​នៅ​ថ្ងៃទី២៣ ​ខែមករា​ ថា​ រយៈពេល​២១ថ្ងៃ ​គិត​ចាប់​ពី​ថ្ងៃ​ទី១ ​ដល់​ថ្ងៃទី២១ ​មករា​ មាន​ប្រជាពលរដ្ឋ ​ដែល​ជាពលករ​ខ្មែរ ​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ​ចូល​តាមច្រក​តំបន់​អូរអន្លក់ ​ស្ថិត​ក្នុង​ភូមិ​អូរអន្លក់ ​ឃុំ​តាសែន ​ស្រុក​កំរៀង ​និង​ច្រក​របៀង​ផ្សេងៗ ​សរុប​ចំនួន​៣ ១៦០នាក់ ​ក្នុងនោះ ​រកឃើញ​មាន​អ្នក​ជំងឺ​កូវីដ១៩ ​ចំនួន​៥នាក់។ លោក​ថា ​អ្នកដែល​វិលត្រឡប់​ចូល​ប្រទេស​វិញ ​ដោយបាន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​ ត្រូវ​អនុញ្ញាតឱ្យ​បន្ត​ដំណើរ​ទៅ​លំនៅឋាន​រៀង​ខ្លួន។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ​មិន​ទាន់​ចាក់​វ៉ាក់សាំង ​ត្រូវធ្វើ​ចត្តាឡី​ស័ក​គ្រប់​១៤ថ្ងៃ​ទើប​អនុញ្ញាតឱ្យ​ទៅ​លំ​នៅឋាន​វិញ។

លោក​ថ្លែងថា​៖«រាល់​ថ្ងៃ​ពលករ​ដែល​ធ្វើចត្តា​ឡីស័ក​ហ្នឹង​មាន​ចំនួន​៤៥៥នាក់។ ចំនួន​នេះ​ចែក​ជា២ ​គឺ​ប្រជាពលរដ្ឋ ​ដែល​នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់​ចំនួន​១៩៣នាក់ ​និង​ពលករ​ដែល​ក្រៅ​ខេត្ត​មាន​ចំនួន​២៦២នាក់។ ទាំង​អ្នក​នៅ​ក្នុង​ខេត្ត ​និង​ក្រៅ​ខេត្ត ​នឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ ក្រោយ​ចត្តាឡីស័ក​១៤ថ្ងៃ​ ហើយ​គ្មាន​ជំងឺ​កូវីដ១៩» ។

លោក​ សេក សុខុម ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ថ្លែង​នៅ​ថ្ងៃទី២៣ ​ខែមករា​ថា ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ ជិត​៤០០នាក់​កំពុង​ធ្វើចត្តា​ឡីស័ក។ ដោយ​ឡែក​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ​និង​ពិនិត្យ​ឃើញ​អវិជ្ជមាន​កូវីដ១៩ ​គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ទៅកាន់​ទីលំ​នៅ​រៀងៗ​ខ្លួន។ ទោះ​យ៉ាងណា ​លោក​មិនបាន​បញ្ជាក់​ប្រាប់​ចំនួន​ពលករ​សុរប​ រយៈពេល​៣​សប្តាហ៍​ក្នុង​ខែមករា​នេះ​ទេ ​ប៉ុន្តែ ​លោក​ប្រាប់ថា ​ក្នុង​១ថ្ងៃ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​មាន​ចំនួន ​ពី ១០០ ​ទៅ​២០០ នាក់​ជារៀង​រាល​ថ្ងៃ។ ​

លោក​ថ្លែងថា​៖«ពលករ​ទាំងអស់​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ភាគច្រើន​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ​ដោយសារតែ​ពួក​គាត់​ចេញ​ចូលៗ​ទៅវិញ​ទៅមក​ចាក់​នៅ​យើង​ដដែល។​ អ៊ីចឹង​ភាគច្រើន​ចាក់​នៅ​យើង​ទាំងអស់​ហ្នឹង ​ព្រោះ​បើ​ចាក់​នៅ​ស្រុក​ថៃ​អស់​ ៥០០បាត ​តែ​ចាក់​នៅ​យើង​ហ្រ្វី​ហ្នឹង»។

លោក​សេក សុខុម ​បញ្ចាក់ថា ​ការត្រឡប់​ទៅ​ផ្ទះ​របស់​ពលករ​លើក​នេះ ​លែង​មាន​ការដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ដូចពេល​មុន​ទៀត​ ហើយ ​ហេតុនេះ ​ក្រោយ​ធ្វើការ​ពិនិត្យ​មើល​រួចរាល់ ​ពលករ​អាច​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន។

លោក​ថ្លែងថា​៖«ពេល​គាត់​ចូលមក​ យើង​វាស់កម្តៅ ​យើង​អី​បាន​ត្រឹមត្រូវ​ហើយ។ បើ​គាត់​អត់​មាន​អី​ទេ ​មាន​វ៉ាក់សាំង​មាន​អី​ត្រឹមត្រូវ​ យើង​ឱ្យ​គាត់​ទៅវិញ​ដោយ​ខ្លួនឯង​ លើក​នេះ​ឈប់​ហ្វ្រី​ឡាន​ដូច​មុន​ហើយ»។​​

លោក​ផល លឹម ​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ឧត្តរមាន​ជ័យ​ថ្លែងថា ​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ ​ដែល​លោក​ទទួលបាន ​គឺ​ខេត្ត​ឧត្តរ​មានជ័យ​នៅតែ​មាន​ប្រជាពលរដ្ឋ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ជារៀង​រាល់ថ្ងៃ ​ដែល​មាន​ពលករ​ចន្លោះ​ពី​១០០​ទៅ​២០០នាក់។ យ៉ាង​ណា​លោក​ប្រាប់ថា ​លោក​មិនមាន​ទិន្នន័យ​សរុប​ចំនួន​ពលករ​ត្រឡប់​មកវិញ​ក្នុង​រយៈពេល​៣សប្តាហ៍​ចុង​ក្រោយ​នេះ​ទេ៕